ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចក្រឡាហោម ស ខេង៖ ជនដល់ចង់បានសិទ្ធិធ្វើនយោបាយឡើងវិញ ត្រូវធ្វើសំណើសុំសិទ្ធិ

92


ភ្នំពេញ៖ សម្តេចស ខេង បានថ្លែងថា ជនដល់ចង់បានសិទ្ធិធ្វើនយោបាយឡើងវិញ ត្រូវតែធ្វើសំណើសុំសិទ្ធិ ហើយបើពួកគេមិនធ្វើនោះទេ នោះក្រសួងក៏មិនរៀបចំឈ្មោះឱ្យនោះដែរ ហើយថា ក្រសួងមហាផ្ទៃ កំពុងរង់ចាំសេចក្តីស្នើច្បាប់វិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ មាត្រា៥ថ្មី (ស្ទួន) ចូលជាធរមាន។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន ក្រោយបិទបញ្ចប់សិក្ខាសាលា ស្ដីពីការរៀបចំផែនការសកម្មភាព និងថវិកា ឆ្នាំ២០១៩ របស់គណៈកម្មាធិការជាតិសម្រាប់ ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨នេះ ថា៖ “អ្នកដែលចង់វិលមករកធ្វើនយោបាយវិញ លើកបម្រាម គឺពួកគាត់ត្រូវដាក់ពាក្យ ឥឡូវច្បាប់ហ្នឹងមិនទាន់ចូលជាធរមានទេ ដូច្នេះខ្ញុំមិនអាចថាយ៉ាងម៉េចបានទេ ប៉ុន្តែក្នុងសេចក្តីស្នើច្បាប់ហ្នឹងបញ្ជាក់ហើយថា គាត់ត្រូវដាក់ពាក្យ បើគាត់មិនសុំយើងទៅលើកលែងអាហ្នឹងអត់ន័យ”។

សូមបញ្ជាក់ថា សេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់គណបក្សនយោបាយ ដែលអាចបើកផ្លូវឱ្យអ្នកនយោបាយដែលតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយ មានសិទ្ធិពេញលេញក្នុងការធ្វើនយោបាយឡើងវិញនោះ បានត្រូវបានព្រឹទ្ធសភាកម្ពុជា ឯកភាពទាំងស្រុង នៅក្នុងសម័យប្រជុំ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨។ សេចក្តីស្នើច្បាប់នេះ ត្រូវបានចុះហត្ថលេខា ដោយតំណាងរាស្រ្តចំនួន៨៧រូបដោយធ្វើវិសោធនកម្ម ទៅលើមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដោយបន្ថែមនូវវាក្សខណ្ឌមួយថ្មីក្នុងមាត្រា៤៥ថ្មី (ស្ទួនមួយ) ដូចតទៅ៖
“បុគ្គលត្រូវបានតុលាការសម្រេចហាមឃាត់ការ ធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណា មួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។ បុគ្គលដែលបានតុលាការ សម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះត្រូវបានផ្តល់នីតិសម្បទាឡើងវិញដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្រ្តី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ”៕

អត្ថបទដែលជាប់ទាក់ទង