ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មុខជំនាញពន្ធនាគារ មិនមានសាច់ញាតិ ឬកូន ចង់បន្តតំណែងពីឪពុក

108


ភ្នំពេញ៖ លោកប៉ាវ ហមផាន បានអះអាងថា អនុរក្សពន្ធនាគារ បានបំពេញការងារ ភារកិច្ច ការពារសុវត្ថិភាព ជនជាប់ឃុំ២៤ម៉ោងលើ២៤ម៉ោង ដោយមិនមានថ្ងៃឈប់ឈប់សម្រាក និងក៏ជាអ្នកដែលស្នាក់នៅក្នុងពន្ធនាគារ យូរជាងជនជាប់ឃុំឃាំងក្នុងពន្ធនាគារទៅទៀត ហើយមុខជំនាញពន្ធនាគារមិនមានសាច់ញាតិ ឬកូន ចង់បន្តតំណែងពីឪពុក ដូចមុខជំនាញផ្សេងៗទៀតនោះទេ។

នៅថ្ងៃទី២៨ខែធ្នូឆ្នាំ២០១៨នេះ រដ្ឋបាលរាជធានីភ្នំពេញ និងអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ធ្វើពិធីប្រកាសចូលកាន់មុខតំណែង លោកឧត្តមអគារនុរក្សថ្នាក់លេខ២ ឈីម ធីដា ពីប្រធានពន្ធការខេត្តស្ទឹងត្រែង មកជាប្រធានពន្ធនាគាររាជធានីភ្នំពេញ ជំនួសលោកឧត្តមអគារនុរក្សថ្នាក់លេខ២ ពេជ្រ យ៉ុន ដែលត្រូវប្រកាសតែងតាំងជាអនុប្រធាននាយកដ្ឋានបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរការងារ នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ។

លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានថ្លែងថា រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើកិច្ចការងារពន្ធនាគារ ដោយផ្អែកតាមរបាយការណ៍ប្រចាំខែធ្នូឆ្នាំ២០១៨ ពន្ធនាគាររាជធានីភ្នំពេញ បានបង្ហាញឲ្យឃើញពីកិច្ចខំប្រឹងប្រែងរបស់អង្គភាពក្នុងការគ្រប់គ្រង ជនជាប់ឃុំ និងទណ្ឌិតឲ្យធានាសន្តិសុខ សុវត្ថិភាព សុខភាព និងគោលការណ៍មនុស្សធម៌ ស្របតាមតួនាទីភារកិច្ចដូចមានចែងក្នុងច្បាប់ស្តីពីពន្ធនាគារ ប្រកាសស្តីពីការគ្រប់គ្រងពន្ធនាគារ និងលិខិតបទដ្ឋានគតិយុត្តនានា ក្នុងគោលបំណងអប់រំហ្វឹកហ្វឺនណែនាំឲ្យទណ្ឌិតក្នុងពន្ធនាគារ ក្លាយជាមនុស្សថ្មីក្នុងសង្គម។ បច្ចុប្បន្នជនជាប់ឃុំកំពុងជាប់ឃុំឃាំងក្នុងពន្ធនាគាររាជធានីភ្នំពេញ មានចំនួន២២៦នាក់ ស្រី៣០នាក់ ក្នុងនោះមានបទល្មើសមជ្ឈឹមចំនួន៣៥នាក់ ស្រី៣នាក់ បទល្មើសចំនួន១៩៤នាក់ ស្រី២៧នាក់ ។ ពិធីប្រកាសតែងតាំងក្នុងថ្ងៃនេះ ធ្វើឡើងជាធម្មតានៅក្នុងដំណើរការមុខងារសាធារណៈ សម្រាប់ជាមន្រ្តីរាជការស៊ីវិល ដែលតែងតែមានការតែងតាំង ប្តូរភារកិច្ច សម្រួលភារកិច្ច និងចូលនិវត្តន៍ទៅតាមនីតិវិធីដែលបានកំណត់ ។

លោកអភិបាលរង បានថ្លែងថា ដូច្នេះលោកឧត្តមអគារនុរក្សថ្នាក់លេខ២ ឈីម ធីដា ដែលត្រូវតែងតាំងជាប្រធានពន្ធនាគារថ្មី ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ ការទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន និងត្រូវខិតខំចំពោះសមត្ថកិច្ចជាប់ជាប្រចាំ ដូចជា ត្រូវពង្រឹងនូវការងារយាមកាមជាប់ជាប្រចាំចំពោះពន្ធនាគារ ២៤ម៉ោងលើ២៤ម៉ោង ត្រូវយកចិត្តទុកដាក់លើការងារសន្តិសុខ ទាំងក្នុងនិងក្រៅបរិវេនពន្ធនាគារ ដើម្បីចាត់វិធានការតឹងរ៉ឹង ចំពោះចំណុចខ្វះចន្លោះដូចជា ការឆែកឆេររឹបអូសការយកសម្ភារហាមឃាត់ នាំចូលទៅ ក្នុងពន្ធនាគារ ដោយទណ្ឌិត ការបង្កឱកាសរត់គេច មធ្យោបាយរបស់ទណ្ឌិតដើម្បីរត់គេច ការជួញដូរគ្រឿងញៀន ការបង្កើតក្នុងម៉ាស្យាក្នុងពន្ធនាគារ។ល។ ព្រមទាំងត្រូវធានាថាមន្រ្តីពន្ធនាគារទាំងអស់ ពិតជាបានអនុវត្តន៍តួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយវិជ្ជាជីវៈ តម្លាភាព និងគ្មានប្រព្រឹត្តអំពើពុករលួយ ក្នុងនាមជាអ្នកទណ្ឌិតស្របតាមក្រមសីលធម៌ និងបទវិន័យអនុរក្សពន្ធនាគារ ដើម្បីជួយឲ្យពួកគេធ្វើការកែប្រែខ្លួន ក្លាយជាពលរដ្ឋល្អពិតប្រាកដ និងមិនត្រូវធ្វើខ្លួនជាចៅហ្វាយនាយរបស់ទណ្ឌិតឡើយ។ ហាមមិនឲ្យជនជាប់ឃុំប្រើប្រាស់ទូរស័ព្ទឡើយ និងប្រើប្រាស់គ្រឿងញៀននៅក្នុងពន្ធនាគារជាដាច់ខាត ។ ត្រូវបន្តហ្វឹកហ្វឺនអប់រំ កែប្រែទណ្ឌិតដើម្បីក្លាយខ្លួនជាមនុស្សថ្មី និងមានវិជ្ជាជីវៈសម្រាប់ប្រកបមុខរបរចិញ្ចឹមជីវិត ដោយសុចរិតក្នុងសង្គម ដូចជាជំនាញកសិកម្ម ចិញ្ចឹមសត្វ រៀនភាសាអង់គ្លេស កុំព្យូទ័រ កាត់ដេរ ផ្សារដែក ជាងសំណង់ កាត់សក់ អ៊ុតសក់ ជាងអេឡិកត្រូនិច ជាដើម។

លោកប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា អនុរក្សពន្ធនាគរត្រូវតែបំពេញការងារ ការពារសុវត្ថិភាពជនជាប់ឃុំ២៤ម៉ោងលើ២៤ម៉ោង ដោយមិនមានថ្ងៃសៅរ៍ អាទិត្យសម្រាប់ឈប់សម្រាកនោះទេ ដោយសារអនុរក្សមានតួនាទីភារកិច្ចការពារជនជាប់ឃុំ ហើយដោយសារតែពន្ធនាគាររាជធានីភ្នំពេញ មានភាពតូចចង្អៀតមិនអាចចែកដាច់ចេញពីគ្នារវាងកន្លែងឃុំឃាំង និងស្នាក់នៅរបស់មន្រ្តីអនុរក្សនោះ ធ្វើឲ្យអនុរក្សពន្ធនាគារ ស្នាក់នៅនិងពិសាអាហារ នៅក្នុងពន្ធនាគារ ដូចដែលគេតែងតែនិយាយលេងថាតើអ្នកណាដែលនៅក្នុងពន្ធនាគារយូរជាងគេ គឺមន្រ្តីពន្ធនាគារហ្នឹងឯង ឯអ្នកដែលជាជនជាប់ឃុំ ឬអ្នកមានទោស គឺពួកគាត់មានទោសតែប៉ុន្មានឆ្នាំដែលគេកាត់ទោសកំណត់ ហើយផុតកំណត់ទោសគឺគាត់ចេញទៅហើយ ប៉ុន្តែមន្រ្តីពន្ធនាគារ នៅក្នុងពន្ធនាគារយូរទៅទៀត ។ អីចឹងបញ្ហានេះ មិនមាននរណាដឹងទេ ហើយមុខជំនាញពន្ធនាគារនេះ មិនមាននរណាចង់រៀន ចង់បាននោះទេ សូម្បីតែកូនបង្កើនក្តី ក៏មិនចង់បន្តពីឪពុកដែរ ប៉ុន្តែមុខជំនាញផ្សេងៗដូចជាសិល្បៈជាដើមមានកូនបន្តជំនាញ ។ ជនជាប់ឃុំទាំងឡាយ មកទទួលទោស តាមការកាត់ទោសរបស់តុលាការក៏ពិតមែន គឺពួកគេទទួលបានការអប់រំកែប្រែ ដើម្បីឲ្យក្លាយជាមនុស្សល្អនៅពេលដែលពួកគេបានរួចទោស ក្នុងធ្វើសមាហរណកម្មចូលទៅក្នុងសង្គមគ្រួសារឡើងវិញ ដូច្នេះមន្រ្តីពន្ធនាគារមានតួនាទីអប់រំកែប្រែជនទាំងនោះ។

បន្ទាប់ពីទទួលតំណែងថ្មី ជាប្រធានពន្ធនាគាររាជធានីភ្នំពេញ លោកឧត្តមអគារនុរក្សថ្នាក់លេខ២ ឈីម ធីដា បញ្ជាក់ថានឹងគោរពអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមបទវិន័យ និងក្រមសីលធម៌មន្រ្តីពន្ធនាគារ ចូលរួមសហការអនុវត្តន៍តួនាទីភារកិច្ចក្នុងអង្គភាព ដោយបង្កើនសាមគ្គីភាពផ្ទៃក្នុងអង្គភាពពន្ធនាគារ និងជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីធានាបានសន្តិសុខ សុវត្ថិភាពអង្គភាព អនុវត្តន៍ការងារអប់រំស្តារនីតិសម្បទាជនជាប់ឃុំឲ្យបានល្អប្រសើរ និងលើកស្ទួយការអភិវឌ្ឍអង្គភាពឲ្យបានរីកចម្រើន ស្របតាមគោលការណ៍របស់ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារ និងអភិបាលរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង