ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បំបែកសំណុំរឿងឃាតកម្មលើបុរសម្នាក់នៅឃុំភ្លុក គឺប្រពន្ធ កូនប្រុស និងប្អូនថ្លៃ យបដំបងវាយសម្លាប់ ចងដុំទម្លាក់ទឹកទន្លេ

97

ខេត្តស្ទឹងត្រែង: ជនសង្ស័យទាំងបីនាក់មានកូនម្ដាយនិងប្អូនថ្លៃដែលជាប់ពាក់ព័ន្ធ ក្នុងករណីឃាតកម្មវាយបុរសម្នាក់ចងដុំថ្មទម្លាក់នៅឃុំភ្លុក កំពុង ស្ថិតក្រោមការសាកសួរពីសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ហើយនៅថ្ងៃទី៨កុម្ភៈស្អែកនេះ ជនសង្ស័យទាំង ៣នាក់នឹងត្រូវបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការបន្តទៅតាមនិតិវិធី។

ករណីឃាតកម្មលើបុរសម្នាក់ ដែលគេប្រទះឃើញអណ្តែតទឹកកាលពីថ្ងៃទី ៤ខែកុម្ភៈឆ្នាំ ២០១៩ ក្នុងទន្លេសេសាន ខេត្តស្ទឹងត្រែង ត្រូវបានសមត្ថកិច្ចជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយអធិការស្រុកសេសាន ស្រាវជ្រាវរកឃើញហើយ នៅនៅថ្ងៃទី៧ ខែកុម្ភៈ គឺត្រឹមរយៈពេល៤ថ្ងៃប៉ុណ្ណោះ ក្រោយកើតហេតុ ព្រមទាំបានលាតត្រដាង ដឹងពីការពិតដែលឃាតកនោះ គឺជាកូនប្រុសជនរងគ្រោះ ព្រមទាំងប្រពន្ធ និងប្អូនថ្លៃ ។

បើតាមកាបញ្ជាក់ពីលោកវរសេនីយ៍ទោ ដួង ស៊ីវុត្ថា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តស្ទឹងត្រែង បានឲ្យដឹងថា ជនរងគ្រោះ ដែលត្រូវកូនសម្លាប់នោះឈ្មោះ ថង រិទ្ធី ភេទប្រុសអាយុ ៣៦ឆ្នាំ។ ចំណែកជនដៃដល់ជាកូនមាន១ឈ្មោះ រិទ្ធី សុមន្នី ភេទប្រុស អាយុ១៩ ឆ្នាំ(កូន) ២ម្ដាយឈ្មោះ ម៉េត អាប់ ភេទស្រីអាយុ ៣៣ ឆ្នាំ(ប្រពន្ធ) និងទី ៣ ឈ្មោះ ម៉េត គីភេទប្រុសអាយុ ២២ឆ្នាំ(ប្អូនថ្លៃ) ជនរងគ្រោះ និងជនដៃដល់មានទីលំនៅក្នុងភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង។

លោកនាយការិយាល័យ បានបន្តឲ្យដឹងទៀតថា នៅថ្ងៃកើតហេតុប្ដីស្រវឹង បានឈ្លោះ និងប្រពន្ធ រួមទាំងកូន ពេលដែលឈ្លោះគ្នានោះឪពុក បានយកដំបងបម្រុងវាយ ទៅលើកូនតែកូនចាប់យក ដំបងបានក៏វាយទៅលើឪពុកចំនួន ២ ដំបងចំក្បាលផ្នែកខាងក្រោយ និងមួយដំបងទៀតចំស្មា ធ្វើឲ្យឪពុកដេកស្ដូកស្ដឹងស្លាប់ភ្លាមៗនៅលើផ្ទះតែម្ដង។

លោកវរសេនីយ៍ទោបន្តទៀតថា តាមម្ដាយសារភាព ចំពោះមុខសមត្ថកិច្ចថា ក្រោយកើតហេតុ ជនដៃដល់ជាកូនបានអៀវឪពុកដែលស្លាប់ហើយ ចុះទៅក្នុងទន្លេ យកខ្មោចចងសណ្ដូនជាមួយថ្មជាច្រើនដុំ ទម្លាក់ចូលទៅក្នុងទឹកទន្លេសេសាន។

លោកបានរំលឹកថានៅថ្ងៃទី ៤ ខែកុម្ភៈ ត្រូវបានប្រជានេសាទប្រទះឃើញសាកសពអណ្ដែតក្នុងទន្លេ ដែលមានខ្សែចងដុំថ្មជាច្រើនដុំ ហើយបានរាយការណ៍ ទៅដល់សមត្ថកិច្ចចុះស្រាវជ្រាវនិងធ្វើកោសល្យវិច័យ រកឃើញថាសាកសពត្រូវបានគេសម្លាប់ចងនិងថ្មសណ្ដូនទម្លាក់ទឹក ហើមស្អុយមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។
បន្ទាប់ពីមានករណីឃាតកម្មនេះ កើតឡើងអាជ្ញាធរភូមិឃុំបានចុះស្រាវជ្រាវ នៅតាមភូមិក្នុងឃុំកើតហេតុ សួរសមាជិកក្រុមគ្រួសារមានបាត់មនុស្សឬទេ តែក្រុមគ្រួសារដែលត្រូវបានសម្លាប់ហាក់បីដូចមិនបានរាយការណ៍ថា បាត់មនុស្សនោះទេហាក់បីដូចជាមានអាថ៍កំបាំង។
លោកវរសេនីយ៍ទោ បានបញ្ជាក់បន្ថែមថា បន្ទាប់ពីមានករណីនេះកើតឡើងហើយ មិនស្គាល់អត្តសញ្ញាណនោះ ត្រូវបានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តដឹកនាំដោយលោកដួងស៊ីវុត្ថា សហការជាមួយអធិការដ្ឋាននគរបាលស្រុកសេសាន ចុះស្រាវជ្រាវក្នុងករណីខាងលើនេះ ទើបដឹងថា ផ្ទះដែលជាឃាតករ បាត់មនុស្សមិនបានរាយការណ៍ ហើយបានចុះស្រាវជ្រាវ ដល់ផ្ទះជនរងគ្រោះ រកឃើញនូវវត្ថុតាងជាច្រើនដូចជា ខ្សែអន្ទាក់ចងសណ្តូនថ្មទម្លាក់ជនរងគ្រោះ ចូលទៅក្នុងទឹកជាភស្តុតាង ដែលដូចខ្សែអន្ទាក់ដែលនៅផ្ទះជនរងគ្រោះ ហើយបានឃាត់ខ្លួនមនុស្សបីនាក់ ដែលដែលជាប់ពាក់ព័ន្ធក្នុងករណីខាងលើនេះ មានកូនប្រុស ម្តាយ និងប្អូនថ្លៃ នាំខ្លួនមកអធិការដ្ឋាននគរបាលស្រុកសេសាន និងបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តសាកសួរ។
លោកនាយការិយាល័យបន្តថា នៅថ្ងៃទី៧កុម្ភៈ បន្ទាប់ពីមានការសាកសួរជនដៃដល់ជាកូន មិនត្រូវបានសារភាពថាខ្លួនបានសម្លាប់ឪពុកនោះទេ តែម្ដាយបានសារភាព ចំពោះសមត្ថកិច្ចថា នៅថ្ងៃកើតហេតុប្តីរបស់គាត់ ឈ្លោះជាមួយគាត់ និងកូន ខឹងហើយបានយកដំបង បម្រុងវវាយគាត់ និងកូន ហើយកូនក៏បានស្ទុះទៅឆក់យកដំបងពីឪពុក វាយទៅលើឪពុកចំនួន ២ទៅ ៣ ដំបង បណ្ដាលឱ្យស្លាប់តែម្ដង ហើយអៀវជនរងគ្រោះចុះទៅក្នុងទន្លេ និងចងសណ្តូនថ្មទម្លាក់ទឹក ដើម្បីបំបាត់ភស្តុតាង។
តែទោះជាយ៉ាងណា ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់បានសហការ ជាមួយអធិការដ្ឋានស្រុកសេសាន បានចុះស្រាវជ្រាវដល់ផ្ទះរងគ្រោះ និងបានរកឃើញនូវវត្ថុតាង និងអាចឈានដល់ការឃាត់ខ្លួន ជនសង្ស័យទាំងបីនាក់នោះ ដែលជាប់ពាក់ព័ន្ធ។ម្តាយបានសារភាពថា ប្ដីគាត់ពិតជាត្រូវបានកូនវាយនឹងដំបងពិតប្រាកដមែន ហើយក្នុងហេតុការណ៍នោះ ជនដៃដល់ជាកូនមិនបានសារភាពថា ខ្លួនបានវាយសម្លាប់ឪពុកនោះទេ ហើយក្នុងហេតុការណ៍នេះ ក៏មានប្អូនថ្លៃរបស់គាត់ ពេលដែលឈ្លោះគ្នាក៏មានវត្តមាននៅទីនោះដែរ តែមិនបានពាក់ព័ន្ធក្នុងករណីឃាតកម្មនោះទេ៕

អត្ថបទដែលជាប់ទាក់ទង