ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានី នឹងរៀបចំសណ្តាប់ធ្នាប់លើចិញ្ចើមផ្លូវសាធារណៈ តាមបណ្តោយ មហាវិថីសហព័ន្ធរុស្ស៊ី ចាប់ពីមហាវិថីព្រះនរោត្តម ដល់មុខអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ

194

ភ្នំពេញ៖ កន្លងមកនេះ ដោយមើលឃើញថា លើចិញ្ចើមផ្លូវសាធារណៈ សងខាងបណ្តោយ មហាវិថីសហព័ន្ធរុស្ស៊ី ត្រូវបានប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់អាជីវកម្មមួយចំនួន រំលោភនិងស្ថាបនាខុសបច្ចេកទេស មានភាពខ្ពស់ទៀប និងធ្វើអោយបាត់បង់សោភ័ណភាពនិងសណ្តាប់ធ្នាប់ នៅលើចិញ្ចើមផ្លូវ រដ្ឋបាលរាជធានី បានសម្រេចអោយមានការរៀបចំសណ្តាប់ធ្នាប់លើចិញ្ចើមផ្លូវសាធារណៈនេះឡើងវិញ ដោយចាប់ពីមហាវិថីព្រះនរោត្ដម ដល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

   នេះបើយោងតាមសេចក្ដីជូនដំណឹង ស្ដីពីការកែលម្អសោភ័ណភាព និងរៀបចំសណ្ដាប់ធ្នាប់នៅលើចិញ្ចើមផ្លូវសាធារណៈសងខាងតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ចាប់ពីមហាវិថីព្រះនរោត្ដម ដល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលបានផ្សព្វផ្សាយដោយរដ្ឋបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដើម្បីអោយប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម និងគ្រប់ស្ថាប័នរដ្ឋ-ឯកជនទាំងអស់ រុះរើសំណង់ទាំងឡាយណា ដែលសាងសង់ នៅលើចិញ្ចើមផ្លូវសាធារណៈចេញ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

   យោងតាមសេចក្តីជូនដំណឹងដែលចុះហត្ថលេខា ដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ កុម្ភៈ បានឲ្យដឹងថា “បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាវកម្ម និងគ្រប់ស្ថាប័នរដ្ឋ-ឯកជនទាំងអស់ ដែលមានទីតាំង ស្ថិតនៅតាមបណ្តោយ មហាវិថីសហព័ន្ធរុស្ស៊ី ចាប់ពីមហាវិថីព្រះនរោត្តម ដល់មុខអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ស្ថិតក្នុងខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌទួលគោក ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឲ្យបានជ្រាប់ថា កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានសង្កេតឃើញថា ចិញ្ចើមផ្លូវសាធារណៈ សងខាងតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ចាប់ពីមហាវិថីព្រះនរោត្តម ដល់មុខអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ មានសភាពចាស់ទ្រុឌទ្រោម ដោយសារបងប្អូនប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មមួយចំនួន បានប្រើប្រាស់ធ្វើជាទីតាំងលក់ដូរ ធ្វើចរាចរណ៍លើការីឡា និងមួយចំនួនទៀត បានរៀបចំក្រាលការីឡា ជាលក្ខណៈឯកជន និងជួសជុល នៅពេលដែលរងការខូចខាតម្តងៗ ដោយខ្លួនឯង មិនស្របតាមបទដ្ឋានបច្ចេកទេស ធ្វើឲ្យចិញ្ចើមផ្លូវ មានកម្រិតកម្ពស់មិនស្មើគ្នា បណ្តាលឲ្យបាត់បង់ សោភ័ណភាព ព្រមទាំងប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈផងដែរ” ។

សេចក្តីជូនដំណឹងដដែល បានឲ្យដឹងទៀតថា “ដើម្បីកែលម្អសោភ័ណភាព និងរៀបចំសណ្តាប់ធ្នាប់ នៅលើចិញ្ចើមផ្លូវសាធារណៈ សងខាងតាមបណ្តោយ មហាវិថីសហព័ន្ធរុស្ស៊ី ចាប់ពីមហាវិថីព្រះនរោត្តម ដល់មុខអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ឲ្យកាន់តែមានភាពទាក់ទាញ និងទិសដៅអភិវឌ្ឍន៍ រាជធានីភ្នំពេញ ព្រមទាំងអនុលោម តាមបទដ្ឋានបច្ចេកទេសផងនោះ រដ្ឋបាលរាជធានីភ្នំពេញ និងអនុវត្តគម្រោងក្រាលការីឡាថ្មី ការីឡាសម្រាប់ជនពិការ នៅលើចិញ្ចើមផ្លូវ រៀបចំខឿនចិញ្ចើមផ្លូវ និងខឿនស៊ុំដើមឈើ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ” ។

រដ្ឋបាលរាជធានីភ្នំពេញ បានសង្គត់ធ្ងន់ថា “បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម និងគ្រប់ស្ថាប័នរដ្ឋ-ឯកជន ទាំងអស់ ដែលមានទីតាំងចាប់ពីមហាវិថីព្រះនរោត្តម ដល់មុខអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ត្រូវរុះរើសំណង់ ទាំងឡាយណា ដែលសាងសង់ នៅលើចិញ្ចើមផ្លូវសាធារណៈ និងមេត្តាយោគយល់អធ្យាស្រ័យ ចំពោះការរំខាន ក្នុងការធ្វើដំណើរចេញ-ចូលគេហដ្ឋាន ឬទីតាំងស្ថាប័នរដ្ឋ-ឯកជន ដើម្បីឲ្យការអនុវត្តគម្រោងខាងលើនេះ ដំណើរការទៅដោយរលូន ស្របតាមផែនការ ដែលបានកំណត់ទុក៕

អត្ថបទដែលជាប់ទាក់ទង