ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការឃុំខ្លួន តៃកុងរថយន្តយីឌុប បើកបុកមនុស្សស្លាប់៣នាក់ នៅខណ្ឌឫស្សីកែវ

102

 


ភ្នំពេញ៖លោក សេង រិទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២ខែកក្កដា បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនសង្ស័យម្នាក់ ដែលជាតៃកុងរថយន្ត បើកបុកនិងកិនមនុស្ស៣នាក់ស្លាប់នៅនឹងកន្លែង។

បើតាមដីកាបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទឈ្មោះ ខូវ ខែម ហៅម៉ាប់ ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្តដឹកទំនិញ ទីកន្លែងកំណើតភូមិពោធិ៍ព័ទ្ធ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង ត្រូវដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច ដែលមិនដែលបទប្បញ្ញត្តិ ស្ដីពី ចរាចរណ៍ផ្លូវគោកបានតម្រូវ បណ្ដាលឲ្យស្លាប់អ្នកដទៃ ដែលប្រព្រឹត្តទៅនៅចំណុចមុខ ប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី១ លើផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ បទល្មើស មានចែងនិងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៨៥ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។

យោងតាមដីកាសម្រេចឲ្យឃុំខ្លួនបណ្ដោះអាសន្នលេខ ៣៥៧២ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨។

លោកវរសេនីយ៍ឯក សែម គន្ធាន នាយការិយាល័យនគរបាលចរាចរណ៍ ផ្លូវគោករាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃសុក្រ ទី២៩ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១១និង១០នាទី ត្រង់ចំណុចមុខប៉ុស្តិ៍ច្រាំងចំរេះ១ លើផ្លូវជាតិ លេខ៥ ស្ថិតក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរមួយ បានកើតឡើង បណ្ដាលឲ្យមនុស្សស្លាប់៣នាក់។ មូលហេតុ រថយន្តបើកបរលឿន ខ្ជីខ្ជាធ្វេសប្រហែស មិនប្រុងប្រយ័ត្ន ។

នគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី១ បានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះដែររួមមាន៖
ទី១៖ ឈ្មោះ ម៉ាត់ សារី ភេទប្រុស អាយុជាង៥០ឆ្នាំ បើកបរម៉ូតូម៉ាក Nex ពាក់ផ្លាកលេខ ភ្នំពេញ 1DE-0752
ទី២៖ ជាកូនស្រីឈ្មោះ ម៉ាត់ សាណា អាយុជាង២០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ (ជិតដល់ថ្ងៃភ្ជាប់ពាក្យទៀតផង)
ទី៣៖ ត្រូវជាក្មួយស្រីមានឈ្មោះ ម៉ាត់ សារិកា អាយុទើបតែ៥ឆ្នាំ។

ឯអ្នកបើករថយន្ដបង្ករមានឈ្មោះ ខូវ ខែម អាយុ២៨ឆ្នាំ មានទីលំនៅភូមិពោធិធីព័ទ្អ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង និងជាអ្នកបើករថយន្តម៉ាក MITSUBISHI ពណ៌លឿង ពាក់ស្លាក់លេខ ពណ៌ក្រហម PP-2260។

អ្នកនៅកន្លែងកើតហេតុ បាននិយាយដូចៗគ្នាថា មុនពេលកើតហេតុ គេបានឃើញរថយន្ដបង្ក បើកដោយបុរសម្នាក់ និងម៉ូតូជនរងគ្រោះបើកឌុបគ្នា៣នាក់ ចេញពីរោចក្រម្ដុំគីឡូម៉ែត្រលេខ១០ ក្នុងទិសដៅស្របទិសគ្នា ពីលិចទៅកើត តាមបណ្ដោយផ្លូវជាតិលេខ៥ ខណៈម៉ូតូបើកនៅពីខាងមុខរថយន្ដ លុះមកដល់ចំណុចកើតហេតុ ទល់មុខប៉ុស្ដិ៍នគរបាលច្រាំងចំរេះទី១ ក្បែរច្រកចូលយឿត្រីគីឡូម៉ែត្រលេខ៩ រថយន្ដបែរជាជ្រុលចង្កូតទៅបុកម៉ូតូចំពីខាងក្រោយ បណ្ដាលឲ្យដួលកិនចំក្បាលបែកធ្លាយខួរស្លាប់ភ្លាមៗបុរសជាឪពុក ជាមួយកូនស្រី និងក្មួយ២នាក់ទៀត បានបោក និងទ្រូងផ្លូវស្លាប់ផងដែរ នៅនិងកន្លែងតែម្ដង។ តែរថយន្ដបង្កបានព្យាយាមបើករត់គេចខ្លួន បានត្រឹមប្រហែលជា១០០ម៉ែត្រប៉ុណ្ណោះ ត្រូវកម្លាំងប្រជាការពារ និងសមត្ថកិច្ចមូលដ្ឋាន ដេញតាមចាប់បានទាំងអ្នកបើក និងរថយន្ដ បន្ទាប់ពីបើកបុកម៉ូតូជនរងគ្រោះ៕

អត្ថបទដែលជាប់ទាក់ទង