ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តំណាងក្រុមហ៊ុន នៃប្រទេសសិង្ហបុរី ចែករំលែកបទសោធន៍ ក្នុងការសាងសង់ផ្លូវឱ្យបានរឹងមាំ និងប្រើប្រាស់បានយូរអង្វែង

76


ភ្នំពេញ៖ ក្រុមហ៊ុននៃប្រទេសសិង្ហបុរី ចែករំលែកបទសោធន៍ ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការសាងសង់ផ្លូវឱ្យបានរឹងមាំ និងប្រើប្រាស់បានយូរអង្វែង។

ថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន លោកលឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំស្ដីពីបច្ចេកវិទ្យាថ្មី ក្នុងការសាងសង់ផ្លូវឱ្យបានរឹងមាំ និងប្រើប្រាស់បានយូរអង្វែង ដោយមានការចូលរួម ពីលោកឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា តំណាងក្រុមហ៊ុន មកពីប្រទេសសិង្ហបុរី ព្រមទាំងថ្នាក់ដឹកនាំ អង្គភាពពាក់ព័ន្ធ និងមន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៃក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង ចែករំលែកបទពិសោធន៍ល្អៗ ពីសំណាក់ភាគីសិង្ហបុរី ក៏ដូចជា បើកវេទិកាជូនមន្ត្រីបច្ចេកទេស និងវិស្វករក្រសួង បានសួរដេញដោល និងសិក្សាបន្ថែម នូវវិធីសាស្ត្រ និងបច្ចេកវិទ្យាថ្មីៗ ក្នុងការសាងសង់ផ្លូវ ឱ្យមានគុណភាពល្អ និងមានលក្ខណៈរឹងមាំថែមទៀត ស្របតាមភូមិសាស្ត្រ និងអាកាសធាតុ។

សូមបញ្ជាក់ថា៖ បទបង្ហាញស្ដីពីបច្ចេកវិទ្យាថ្មី ក្នុងការសាងសង់ផ្លូវនេះ ធ្វើឡើងដោយតំណាងក្រុមហ៊ុន នៃប្រទេសសិង្ហបុរី ព្រមទាំងបានលើកយកបទពិសោធន៍ គម្រោងសាងសង់ផ្លូវ នៅតាមបណ្ដាប្រទេសមួយចំនួន មកបង្ហាញ រួមទាំងគម្រោងសាងសង់ផ្លូវ នៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។

លោករដ្ឋលេខាធិការ បានសម្តែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់លោកឯកអគ្គរដ្ឋទូត នៃប្រទេសសិង្ហបុរី និងតំណាងក្រុមហ៊ុន មកពីប្រទេសសិង្ហបុរី ដែលបានចំណាយពេលវេលា ដ៏មានតម្លៃ ក្នុងការធ្វើបទបង្ហាញ អំពីបច្ចេកវិទ្យាថ្មី របស់ប្រទេសសិង្ហបុរី ដើម្បីសាងសង់ផ្លូវឱ្យបានរឹងមាំ គុណភាពល្អ និងប្រើប្រាស់បានយូរអង្វែង ជូនដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងបានជូនពរ ឱ្យលោកឯកអគ្គរដ្ឋទូត និងតំណាងក្រុមហ៊ុន មកពីប្រទេសសិង្ហបុរី ឱ្យទទួលជោគជ័យ គ្រប់ភារកិច្ច និងគ្រប់គម្រោង៕

អត្ថបទដែលជាប់ទាក់ទង