ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនប្រុសស្នេហ៍ សម្លាប់ស្រីស្នេហ៍ នៅអ្នកលឿង ទៅតុលាការខេត្តព្រៃវែង

64


ព្រៃវែង៖  ជនសង្ស័យម្នាក់ ដែលជាសង្សារជាមួយ ជនរងគ្រោះ ជាស្រីស្នេហ៍របស់ខ្លួន នៅក្នុងផ្ទះសំណាក់រំចង់ នាអ្នកលឿងត្រើយខាងកើត ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រៃវែង កសាងសំណុំរឿង បញ្ជូនទៅតុលាការ នៅថ្ងៃទី 11 ខែឧសភាឆ្នាំ 2019 ដើម្បីចាត់ការតាមផ្លូវច្បាប់។

ក្រោមបញ្ជាផ្ទាល់ លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ព្រៃវែង និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តព្រៃវែង និងលោកព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកណ្តាល កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង ដឹកនាំដោយលោក វរសេនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បានចុះស្រាវជ្រាវរកជនសង្ស័យ ករណីឃាតកម្មរឹតកសម្លាប់ ជនរងគ្រោះឈ្មោះ ផែ ស្រីម៉ាក់ ភេទស្រីអាយុ ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកបាក់ ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល កាលពីវេលាម៉ោង ១៥ និង៤២ នាទីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ នៅចំណុច ផ្ទះសំណាក់រំចង់ បន្ទប់លេខ២០៧ ស្ថិតនៅភូមិ០៥ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង។
បន្ទាប់ពីបានកំណត់បាន មុខសញ្ញាជនសង្ស័យរួច នៅម៉ោង៧ និង១៥នាទី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ជា ជាង ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ សួនឧស្សាហកម្មសំរោងធំ មានទីលំនៅភូមិជ្រោដង ឃុំសំរោងធំ ស្រុកគៀនស្វាយ ខេត្តកណ្តាល និងចាប់យកវត្ថុតាងម៉ូតូចំនួន ១គ្រឿង និងទូរសព្ទ័ដៃ ១គ្រឿង។
បន្ទាប់ពីធ្វើការស្តាប់ចម្លើយ ជនសង្ស័យ ឈ្មោះ ជា ជាង បានសារភាពប្រាប់សមត្ថកិច្ចថារូបគេ និងជនរងគ្រោះ ជាគូរសង្សារនឹងគ្នា ហើយមានទំនាស់គ្នា នៅក្នុងផ្ទះសំណាក់ បានប្រវាយប្រតប់គ្នា រហូតដល់ជនសង្ស័យ បានស្រវ៉ាយកខ្សែកាបូប របស់ជនរងគ្រោះ មករឹតក ជនរងគ្រោះ បណ្តាលឱ្យស្លាប់តែម្តង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញ កងរាជអាវុធហត្ថខេត្តព្រៃវែង កសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី។

សូមបញ្ជាក់ថា នារីរងគ្រោះ នឹងសង្សារ លួចទាក់ទងគ្នាដោយលួចលាក់ មិនឲ្យប្ដីឬក៏ប្រពន្ធរបស់ខ្លួន ដឹងឡើយ ហើយនាំគ្នាឡើងផ្ទះសំណាក់រំចង់ នៅអ្នកលឿងត្រើយខាងកើត ដើម្បីរួមរ័ក្សមេត្រី ប៉ុន្តែពេលពួកគេទាំងពីរនាក់ ឡើងដល់ក្នុងបន្ទប់ផ្ទះសំណាក់ ស្រាប់តែភាគីខាងស្រី បានបបួលភាគីខាងប្រុស ឱ្យលែងលះប្រពន្ធ ហើយខ្លួនក៏លែងលះប្ដីដែរ រួចនាំគ្នារត់ទៅរស់នៅជាមួយគ្នា ប៉ុន្តែភាគីខាងប្រុសមិនយល់ព្រម តាមសំណើពីភាគីខាងស្រី កកើតជម្លោះវាយគ្នា រហូតដល់ស្លាប់ខាងស្រីតែម្តង។ មានសេចក្តីរាយការណ៍ថា ខាងស្រី ធ្លាប់មានប្ដីពីរនាក់ និងកូនពីរនាក់ផងដែរ ហើយចុងក្រោយ ក៏មានទាក់ទងជាមួយប្រុសសហាយនេះ ក្បត់ប្ដីក្រោយ ដែលជាប៉េអឹមស្រុកលើកដែក រហូតដល់ស្លាប់ខ្លួនឯង៕

អត្ថបទដែលជាប់ទាក់ទង