ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីយោធាម្នាក់ ចូលសារភាព ក្រោយបាញ់ 4 គ្រាប់ នៅខារ៉ាអូខេមួយ

86

ភ្នំពេញ៖ មន្រ្តីយោធាម្នាក់ ដែលប្រើប្រាស់កាំភ្លើងខ្លី ស៊េរីទំនើប ម៉ាកឡុក បាញ់៤គ្រាប់ ផ្អើលភ្ញៀវរត់ជាន់ជើងគ្នា នៅខារ៉ាអូខេ B Gold នៅក្រុងតាខ្មៅ បានរត់គេចខ្លួនមួយដង្ហើមចង្រិត បានភ្ញាក់ខ្លួនភ័យរត់មកចូលសារភាព  និងបានយល់ព្រមប្រគល់ខ្លួនឲ្យអាវុធហត្ថខេត្តកណ្តាល ដើម្បីកសាងនីតិវិធីបញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី 3 ខែមិថុនានេះ។

លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការអាវុធហត្ថខេត្តកណ្តាល បានថ្លែងប្រាប់បណ្តាញព័ត៌មាន នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩នេះថា មន្ត្រីយោធាម្នាក់ ដែលផឹកស្រាស្រវឹង ហើយដកកាំភ្លើងចំនួន៤គ្រាប់ផ្អើលនៅខារ៉ាអូខេ B Gold ដែលស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាលយប់មិញនោះ ពេលនេះបានយល់ព្រមប្រគល់ខ្លួន ឲ្យអាវុធហត្ថខេត្តកណ្តាល ដោយសារភាពពីទោសកំហុស។  នៅពេលនេះ មន្ត្រីអាវុធហត្ថក្រុងតាខ្មៅ កំពុងធ្វើការសួរនាំមន្ត្រីយោធា ដែលបាញ់បោះ ដើម្បីចាត់វិធានការកសាង សំណុំរឿងបញ្ជូនទៅកាន់តុលាការ។

នគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា មានករណីបុរសម្នាក់ បានប្រើប្រាស់អាវុធខ្លីខុសច្បាប់ ផ្ទុះអាវុធ បាញ់៤គ្រាប់ បណ្ដាលឲ្យខូចខាតរបស់របរ និងសម្ភារៈមួយចំនួន បន្ទាប់ពីពួកគេ ជាច្រើននាក់អ្នក បានចូលផឹកស៊ីច្រៀងខារ៉ាអូខេ នៅហាងB Gold ហើយកើតមានការឈ្លោះគ្នា។ ហេតុការណ៍នេះកើតឡើង ថ្ងៃទី០២មិថុនា២០១៩ វេលាម៉ោង២០.៣០នាទី នៅចំណុចហាងខារ៉ាអូខេ B-Gold ភូមិព្រែករាំង សង្កាត់កំពង់ សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

នគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យ០១នាក់៖ ឈ្មោះ សាន សុច ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ យោធា ទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្ត  កណ្តាល បានរត់គេចខ្លួនបាត់ពី កន្លែងកើតហេតុ។ វត្ថុតាងចាប់យក៖ ស្រោមកាំភ្លើងពណ៌ខ្មៅចំនួន០១ សោម៉ូតូ១ចង្កោម(កូនសោម៉ូតូ១កូនសោរថយន្ត១ តេឡេរថយន្ត១)។ គ្រាប់កាំភ្លើងខ្លី ម៉ាកឡុកចំនួន០៤ បាញ់ផ្ទុះ អស់៣គ្រាប់ (លេខA-USA 9MM-LUGER) ។

នៅវេលានិងទីកន្លែងកើតហេតុដូចខាងលើជនសង្ស័យខាងលើបានជិះម៉ូតូc125ពណ៌ខ្មៅ ស៊េរី២០១៩ ចូលផឹកស៊ីច្រៀងខារ៉ាអូខេ នៅហាងB Gold បន្ទប់លេខ888, ជាមួយមិត្តភក្ត្រ ប្រុស០២នាក់ទៀត មិនស្គាល់ឈ្មោះ។ បន្ទាប់មកក៏បានឈ្លោះប្រកែកគ្នា ហើយឃើញជនសង្ស័យដើរចេញ មកក្រៅហាងចាក់កែបម៉ូតូ យកកាំភ្លើងខ្លីម៉ាកឡុកពណ៌ខ្មៅ យក
ដើរចូលទៅបាញ់ក្នុងហាងចំនួន០៤គ្រាប់ ហើយផ្ទុះ០៣គ្រាប់ ហើយស្រែកថា អញឈ្មោះ អាសុច អាណាខ្លាំងចេញមកអញ បាញ់ឲ្យងាប់។ រួចហើយជិះម៉ូតូតាមផ្លូវ១១៥ទៅទិសខាងលិច រួចបាញ់ឡើងលើ០១គ្រាប់ទៀត ហើយ គេចខ្លួនបាត់ទៅ៕

អត្ថបទដែលជាប់ទាក់ទង