ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ មុន ជ្រើសរើសអ្នកបើកបរ ត្រូវពិនិត្យសារធាតុញៀន

70

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង បានអំពាវនាវដល់ក្រុមហ៊ុន ដឹកជញ្ជូនទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នចំពោះការរើសបុគ្គលិកអ្នកបើកបរ ដោយត្រូវពិនិត្យសារធាតុញៀនក្នុងខ្លួនរបស់ពួកគេជាមុនសិន ចាំយកចូល

នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីប្រារព្ធ ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ ដែលធ្វើឡើងនៅ ភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា មុននឹងសម្រេចយកអ្នកបើកបរយូរ ត្រូវតែពិនិត្យមើលឈាមសិន តើមានសារធាតុញៀន ឬអត់ បើមានសារធាតុញៀន សូមមេត្តាកុំយកចូលជាអ្នកបើកបរ ពីព្រោះគ្រឿងញៀនយើងដឹងថា បើសេពវាទៅវាបំផ្លាញប្រព័ន្ធប្រសៃប្រសាទរបស់យើង អញ្ចឹងយើងមិនអាចទៅបញ្ជាឡាន ឱ្យត្រង់ផ្លូវតាមច្បាប់បានទេ។ គ្រោះថ្នាក់ចរាចរបានកើតឡើងជារៀងរាល់ថ្ងៃ គ្រោះថ្នាក់ចរាចរ ត្រូវបានគេស្គាល់ថាជាឃាតករលាក់មុខ ដែលសម្លាប់មនុស្ស ក្នុងប្រទេសកំពុងអភិវឌ្ឍនេះ ក្នុងរង្វង់៥នាក់ ក្នុង១ថ្ងៃៗ។ មូលហេតុចម្បងៗដែលបង្កគ្រោះថ្នាក់ចរាចររួមមាន បើកល្បឿនលឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ ប្រជែង បង់គ្រោះថ្នាក់ ស្រវឹង និងកត្តាយានយន្ត។ គ្រោះថ្នាក់ដែលបង្កឡើងដោយរថយន្តធុនធ្ងន់ ភាគច្រើន បានបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ រហូតដល់បាត់បង់អាយុជីវិ ទាំងអ្នកបើក រួមទាំងអ្នកប៉ះទង្គិច។
សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ក្រុមហ៊ុនដឹកជញ្ជូនមនុស្ស និងក្រុមហ៊ុនដឹកជញ្ជូនទំនិញទាំងអស់ ត្រូវតែគោរព និងយកចិត្តទុកដាក់ អនុវត្តន៍នូវការត្រួតពិនិត្យចំពោះអ្នកបើកបររបស់ខ្លួន ដើម្បីសុវត្ថិភាពសង្គមទាំងមូល ដោយមិនត្រូវគិតតែផលប្រយោជន៍ក្រុមហ៊ុនទេ ពោលគឺត្រូវគិតពីសុវត្ថិភាពសន្តិសុខសង្គម ជីវិតអ្នកដទៃ ជីវិតរបស់ប្រជាពលរដ្ឋយើង ដែលធ្វើដំណើរតាមដងផ្លូវផងដែរ។
តាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា នៅឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍កើតឡើង៣២៦៧ករណី និងបង្កឲ្យមានមនុស្ស ១៧៦១នាក់បានស្លាប់ និង៤៧៧០នាក់ រងរបួស៕

អត្ថបទដែលជាប់ទាក់ទង