ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារបច្ចេកទេស និងដៃគូអភិវឌ្ឍន៍ ពិភាក្សាអំពីការឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ

88

រាជធានីភ្នំពេញ៖ ក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ និងដៃគូអភិវឌ្ឍន៍ ដែលកំពុងធ្វើការផ្នែកប្រែប្រួលអាកាសធាតុនៅកម្ពុជា បានជួបប្រជុំគ្នាលើកទី៥ ដើម្បីពិភាក្សាអំពីការឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ ឱ្យកាន់តែមានប្រសិទ្ធភាពនិងប្រសិទ្ធផល ដែលជាយន្តការសន្ទនាមួយ ផ្នែកគោលនយោបាយនិងការសម្របសម្រួលរវាងអ្នកពាក់ព័ន្ធទាំងអស់ នាព្រឹកថ្ងៃអង្គារ ៨រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ នៅក្រសួងបរិស្ថាន។

កិច្ចប្រជុំបានផ្តោតទៅលើរបៀបវារៈសំខាន់ចំនួន៤៖ ផែនទីបង្ហាញផ្លូវនៃការអនុវត្ត ការចូលរួមចំណែករបស់កម្ពុជា ក្នុងការអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ, នីតិវិធីនៃការស្នើសុំលិខិតមិនជំទាស់ចំពោះគម្រោងមូលនិធិអាកាសធាតុបៃតង, សូចនាករតាមដានរួមសម្រាប់ ការប្រែប្រួលអាកាសធាតុ ឆ្នាំ២០២០ និងកម្មវិធីពាក់ព័ន្ធផ្សេងៗ រវាងក្រុមការងារបច្ចេកទេស ប្រែប្រួលអាកាសធាតុនិងដៃគូអភិវឌ្ឍន៍។
អង្គប្រជុំបានយល់ស្របថា អ្នកចូលរួមទាំងអស់នឹងស្នើឱ្យផ្តល់ធាតុចូល នៅពេលប្រទេសកម្ពុជារៀបចំផែនទីបង្ហាញផ្លូវ អំពីការចូលរួមចំណែករបស់កម្ពុជាក្នុងការអនុវត្តអនុសញ្ញាUNFCCC (នៅក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ) និងរៀបចំដាក់បញ្ជូនឯកសារ និងធ្វើបច្ចុប្បន្នភាពនៅត្រឹមឆ្នាំ២០២០។ សមាជិកអង្គប្រជុំ ក៏អាចមានឱកាសក្នុងការសរសេរយោបល់ ទៅលើនីតិវិធីនៃការស្នើសុំមិនជំទាស់ សម្រាប់មូលនិធិអាកាសធាតុបៃតង។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះដឹកនាំដោយ លោក ជួប ប៉ារីស៍ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជាប្រធានក្រុមការងារបច្ចេកទេស ប្រែប្រួលអាកាសធាតុ ដោយមានក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល ជាច្រើនបានចូលរួម។

អត្ថបទដែលជាប់ទាក់ទង