ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធនាគារអភិវឌ្ឍន៍អាស៊ីនឹង កែលម្អជំនាញ ការប្រកួត           ប្រជែងនៃកម្លាំងការងាររបស់កម្ពុជា ដោយអនុម័តឥណទានសម្បទានចំនួន ៦០លានដុល្លារ

92

 
ភ្នំពេញ ៖ នៅថ្ងៃទី២៥ មិថុនា ២០១៩ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន  អនុម័តឥណទានសម្បទានចំនួន ៦០លានដុល្លារ ដើម្បីជួយបង្កើនជំនាញ និងការប្រកួតប្រជែងនៃកម្លាំងការងារ របស់កម្ពុជាដែលកំពុងមានការកើនឡើង ខណៈពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំផ្លាស់ប្តូរផែនការ សេដ្ឋកិច្ចរបស់ខ្លួន ពីកំណើនសេដ្ឋកិច្ចដែលមានកម្រិតជំនាញទាប និងប្រើប្រាស់កម្លាំងពលកម្មច្រើន ទៅជា កំណើនសេដ្ឋកិច្ចមួយដែលមានការរុញច្រានពីជំនាញខ្ពស់ វិញ។
 
ឥណទានសម្បទាននេះ មានគោលបំណងជួយដល់កម្ពុជាក្នុងការធ្វើពិពិធកម្ម និង ទំនើបកម្មវិស័យឧស្សាហកម្មរបស់ប្រទេស តាមរយៈការកែលម្អបរិក្ខា និង ឧបករណ៍សម្ភារៈរបស់វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកវិទ្យា (TTIs) មួយចំនួនដែលត្រូវបានជ្រើសរើសទូទាំងប្រទេស កែលម្អកម្មវិធីសិក្សា និង ជំនាញរបស់គ្រូបណ្តុះ   បណ្តាលរបស់វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកវិទ្យា និង ជម្រុញឱ្យមាន ទំនាក់ទំនងកាន់តែរឹងមាំជាមួយ រដ្ឋាភិបាល និង សហគមន៍ធុរកិច្ច សំដៅសម្រេចឱ្យបាននូវសេចក្តីត្រូវការរបស់ទីផ្សារការងារ។
 
កម្ពុជាជាប់ចំណាត់ថ្នាក់ទី១១០ ក្នុងចំណោមសេដ្ឋកិច្ចចំនួន ១៤០ នៅក្នុងរបាយការណ៍ស្តីពីការប្រកួតប្រជែងសកល ឆ្នាំ២០១៨ នេះបើយោងតាមការផ្តល់សេចក្តីរាយការណ៍ធុរកិច្ចស្តីពីការលំបាកក្នុងការស្វែងរក និយោជិតដែលមានជំនាញខ្ពស់សម្រាប់បំពេញតួនាទីបច្ចេកទេស។ កម្មវិធីអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) របស់កម្ពុជា មិនទាន់អាចផ្តល់ជូនទៅតាមសេចក្តីត្រូវការរបស់ទីផ្សារការងារនាពេលបច្ចុប្បន្នឡើយ ដោយកម្មវិធីអប់រំបណ្តុះបណ្តាលជាន់ខ្ពស់ភាគច្រើនផ្តោតលើការងារនៅក្នុងវិស័យសេវាកម្ម។
 
លោកស្រី យូមីកុ យ៉ាម៉ាកាវ៉ា មន្ត្រីឯកទេសផ្នែកអប់រំរបស់ ADB ប្រចាំតំបន់អាស៊ីអាគ្នេយ៍ មានប្រសាសន៍ឱ្យដឹងថា “ការមានកម្លាំងការងារដែលមានជំនាញខ្ពស់ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័ស និង កម្លាំងការងារកើនឡើង ដូចជាកម្ពុជា”។ លោកស្រីបន្តថា      “ឥណទានសម្បទានរបស់ ADB នឹងផ្តោតលើការកែលម្អជំនាញរបស់និយោជិតដែលបម្រើការងារនៅក្នុងវិស័យដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ ដើម្បីជួយជម្រុញដល់ការអភិវឌ្ឍន៍របស់ប្រទេស។ យើងនឹងធ្វើឱ្យប្រាកដថា រាល់អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសរដ្ឋាភិបាល និង វិស័យឯកជន នឹងធ្វើការងារ រួមគ្នាដើម្បីបង្កើនជំនាញរបស់និយោជិត”។
 
គម្រោងអភិវឌ្ឍន៍ជំនាញសម្រាប់ការប្រកួតប្រជែងនេះ នឹងជួយផលិតបាននូវអ្នកបច្ចេកទេសប្រកប ដោយគុណវុឌ្ឍិការងារ ចំនួន ១៨.០០០នាក់ រួមមាន ២៨% ជាស្ត្រី ដែលមានលទ្ធភាពខ្ពស់ជាងក្នុងការទទួលបានការងារធ្វើ និង ជំនាញបច្ចេកទេសនៅក្នុងវិស័យអាទិភាពចំនួន៤៖ កម្មន្តសាល សំណង់ អគ្គិសនី និង អេឡិកត្រូនិក។ ការអភិវឌ្ឍន៍ជំនាញ នឹងត្រូវបានធ្វើឡើងតាមរយៈ វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកវិទ្យាចំនួន ៥   ទូទាំងប្រទេសកម្ពុជា រាប់បញ្ចូលទាំងការកែលម្អបរិក្ខា នៅសាលបណ្តុះបណ្តាលថ្មីចំនួន១៦ ដែលមានការគិតគូរពីបញ្ហាយេនឌ័រ មានបរិយាប័ន្ន និង សន្សំសំចៃថាមពល ដូចជា  ជាន់អន្តេវាសកដ្ឋាន និង បន្ទប់ទឹកដោយឡែកពីគ្នាសម្រាប់ស្ត្រី ការផ្តល់ឧបករណ៍បណ្តុះបណ្តាលកម្រិតខ្ពស់ និងកម្រិតឧស្សាហកម្ម ការបណ្តុះបណ្តាលអភិវឌ្ឍន៍សមត្ថភាពសម្រាប់គ្រូបណ្តុះបណ្តាល និង ការផ្តល់ប្រាក់ឧបត្ថម្ភជូនសិស្សមួយចំនួនក្រោមមូលដ្ឋានផ្អែកលើគុណសម្បត្តិ។
 
វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកវិទ្យាទាំង៥ ដែលត្រូវបានជ្រើសរើសសម្រាប់គម្រោងនេះរួមមាន វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ វិទ្យាស្ថានជាតិបណ្តុះ      បណ្តាលបច្ចេកទេស សម្រាប់ឧទ្យាន TVET និង វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង។
 
លើសពីនេះទៀត គម្រោងនេះនឹងផ្តល់នូវកាលានុវត្តភាពសម្រាប់ការបង្កើនជំនាញ និង ការរំលឹកជំនាញឡើងវិញ សម្រាប់និយោជិតដែលមានស្រាប់ ដើម្បីដោះស្រាយបញ្ហាចន្លោះប្រហោងជំនាញ និង កង្វះជំនាញ  នៅក្នុងវិស័យឧស្សាហកម្ម តាមរយៈកម្មវិធីរៀនសូត្រផ្អែកលើការងារ។ កម្មវិធីផ្តល់ឥណទានសម្បទានដែលមានមូលដ្ឋានផ្អែកលើការងារ ចំនួន១៨ នឹងត្រូវបានអនុវត្តក្រោមភាពជាដៃគូជាមួយតួអង្គនៅក្នុងវិស័យឧស្សាហកម្ម ដែលនឹងជួយកែលម្អសមត្ថភាពរបស់និយោជិតប្រមាណ ៣៦០នាក់។
 
មូលនិធិសាកល្បងសម្រាប់អភិវឌ្ឍន៍ជំនាញ ដែលជាគំរូប្រកបដោយនវានុវត្តន៍ ដើម្បីបង្កើន និង លើកទឹកចិត្តដល់ការវិនិយោគរបស់ឧស្សាហកម្ម លើការអភិវឌ្ឍន៍ជំនាញក្នុងប្រទេសកម្ពុជា ក៏នឹងត្រូវបានពង្រីក           ផងដែរ។ គម្រោងនេះនឹងផ្តល់ហិរញ្ញប្បទានដល់សំណើបណ្តុះបណ្តាល ដែលនឹងទទួលបានកិច្ចគាំទ្រពីមូលនិធិ ដែលនឹងផ្តល់ឱកាសបណ្តុះបណ្តាលជូនដល់មនុស្សយ៉ាងហោចណាស់ ៣.៥០០នាក់ ក្នុងនោះយ៉ាងហោចណាស់ មាន ២៥% ជាស្ត្រី អភិវឌ្ឍន៍សមត្ថភាពរបស់ទីភ្នាក់ងាររដ្ឋាភិបាលដើម្បីពង្រឹងការគ្រប់គ្រងមូលនិធិ និង ផ្តល់កិច្ចគាំទ្រសម្រាប់ការបង្កើតទីភ្នាក់ងារអចិន្ត្រៃយ៍ថ្មីមួយ ដែលនឹងរួចរាល់ និងមានដំណើរការត្រឹមឆ្នាំ២០២៤។
 
ADB ប្តេជ្ញាសម្រេចឱ្យបាននូវតំបន់អាស៊ី និង ប៉ាស៊ីហ្វិកមួយប្រកបដោយវិបុលភាព បរិយាប័ន្ន មាន ភាពធន់ និង មាននិរន្តរភាព ហើយស្របពេលជាមួយគ្នានេះក៏ធានាឱ្យបាននូវនិរន្តរភាពនៃកិច្ចខិតខំរបស់ខ្លួន ក្នុងការលុបបំបាត់ភាពទីទ័លក្រផងដែរ។ ក្នុងឆ្នាំ ២០១៨ ADB បានសន្យាផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងថ្មី ដែលមានចំនួនទឹកប្រាក់ ២១,៦ ពាន់លានដុល្លារ។ បង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ADB គឺជាកម្មសិទ្ធិរបស់សមាជិកចំនួន ៦៨ ប្រទេស ក្នុងនោះ មានប្រទេសចំនួន ៤៩ នៅក្នុងតំបន់៕

អត្ថបទដែលជាប់ទាក់ទង