ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានីមានវិធានការម៉ឺងម៉ាត់ដើម្បីទប់ស្កាត់សំណង់គ្មានលិខិតអនុញ្ញាតនិងសំណង់ខុសលិខិតអនុញ្ញាតសាងសង់ បើមានបញ្ហា អភិបាលខណ្ឌ នឹងត្រូវ ទទួលខុសត្រូវចំពោះមុខច្បាប់

122

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ ដឹកនាំដោយលោកឃួង ស្រេង ជាអភិបាលបានដាក់ចេញជាវិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីទប់ស្កាត់សំណង់គ្មានលិខិតអនុញ្ញាតនិងសំណង់ខុសលិខិតអនុញ្ញាតសាងសង់ ហើយបើមានបញ្ហាផ្តើមចេញពីការសាងសង់នេះ លោក អភិបាល

ខណ្ឌទាំងអស់នឹងត្រូវ ទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
  នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញជម្រាបជូនមកលោកអភិបាលនៃគណៈអភិបាលខណ្ឌទាំង១៤ចំណុះអោយរដ្ឋបាលរាជធានីស្ដីពីវិធានការទប់ស្កាត់សំណង់គ្មានលិខិតអនុញ្ញាតសាងសង់ និងសំណង់ខុសលិខិតអនុញ្ញាតសាងសង់។
   ក្នុងលិខិតនេះមានន័យដើមទាំងស្រុងថា៖
យោងតាមអនុក្រឹត្យលេខ៤២អនក្រ.បក ចុះថ្ងៃទី០៣ ខែមេសាឆ្នាំ២០១៥ ស្តីពីនគរូបនីយកម្មរាជធានីក្រុងនិងទីប្រជុំជន អនុក្រឹត្យលេខ៨៦អនក្រ.បក ចុះថ្ងៃទី១៩ធ្នូឆ្នាំ១៩៩៧ ស្តីពីលិខិតអនុញ្ញាតសាងសង់ ប្រកាសលេខ៣២ ប្រក/សណ ចុះថ្ងៃទី ២០ខែមិនា ២០០១ របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ភ្លើងតិចតួចការដ្ឋានសំណង់ ស្តីពីការគ្រប់គ្រងការដ្ឋាន
សំណង់ ។
  តាមកម្មវត្ថុនិងយោងខាងលើខ្ញុំសូមជម្រាប លោកអភិបាលអោយបានជ្រាបថា កន្លងមករដ្ឋបាលរាជធានីភ្នំពេញបានធ្វើការណែនាំជាប្រចាំដល់រដ្ឋបាលខណ្ឌឲ្យយកចិត្តទុកដាក់ទប់ស្កាត់ នៅរាល់សំណង់ដែលគ្មានលិខិតអនុញ្ញាតសាងសង់និងសំណង់ខុសលិខិតអនុញ្ញាតសាងសង់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។ ទោះបីជាមានការណែនាំជាច្រើនលើកច្រើនសាររួចហើយក៏ដោយក៏រដ្ឋបាលរាជធានីភ្នំពេញនៅតែសង្កេតឃើញថា សំណង់ដែលគ្មានលិខិតអនុញ្ញាតសាងសង់និងសំណង់ខុសលិខិតអនុញ្ញាត សាងសង់នៅតែកើតមានឡើងជាបន្តបន្ទាប់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ដូច្នេះទេដើម្បីគ្រប់គ្រងការសាងសង់គ្រប់ប្រភេទឲ្យស្របតាមប្លង់គោលរាជធានីភ្នំពេញ បទការដ្ឋាននគរបាលនគរូបនីយបញ្ញត្តិនិងលក្ខណៈបច្ចេកទេសសំណង់នោះ រដ្ឋបាលរាជធានីភ្នំពេញស្នើលោកអភិបាលខណ្ឌត្រូវខិតខំទប់ស្កាត់រាល់សំណង់ដែលគ្មានលិខិតអនុញ្ញាតសាងសង់និងសំណង់ខុសលិខិត អនុញ្ញាតសាងសង់អោយខានតែបាននឹងឲ្យមានប្រសិទ្ធភាពក្នុងន័យរឹតបន្តឹងការគោរពលិខិតបទដ្ឋានគតិយុត្តដូចជាធានាបាននូវសុវត្ថិភាពនិងគុណភាពជូនប្រជាពលរដ្ឋ។ ក្នុងករណីដែលសំណង់គ្មានលិខិតអនុញ្ញាតសាងសង់និងសំណង់ខុសលិខិតអនុញ្ញាតសាងសង់នៅតែកើតមាន ហើយបង្កឲ្យមានគ្រោះថ្នាក់និងបង្កព្យសនកម្មដល់អាយុជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងដែនដីសមត្ថកិច្ចរបស់ខ្លួននោះ លោកអភិបាលខណ្ឌ ត្រូវទទួលនូវវិន័យរដ្ឋបាលទៅតាមច្បាប់ស្ដីពីលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនិងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
  អាស្រ័យហេតុនេះសូមលោកអភិបាលខណ្ឌជ្រាបនិងអនុវត្តខ្លឹមសារខាងលើឲ្យបានម៉ឺងម៉ាត់ ទទួលបានប្រសិទ្ធភាពខ្ពស់៕
អត្ថបទដែលជាប់ទាក់ទង