ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចសម្ងំស្ងាត់ឈឹង មិនចាប់នាយផ្នែក រដ្ឋបាលព្រៃឈើជាំក្សាន្ត ម្នាក់ដែលបើករថយន្តបុកសិស្សសាលា3នាក់ស្លាប់ យកមកផ្តន្ទាទោស

701

ភ្នំពេញ៖ គិតមកដល់ថ្ងៃនេះមានរយៈពេលជិត10 ថ្ងៃហើយ ដែលមេព្រៃដ៏មានអំណាចម្នាក់នៅខេត្តព្រះវិហារបើករថយន្តបុកកូនសិស្ស៣នាក់បណ្ដាលឲ្យស្លាប់ហើយគ្មានដំណោះស្រាយចំពោះជនរងគ្រោះឡើយ ដោយជនបង្កបន្តគេចខ្លួនទៅពួនសម្ងំបាត់ឈឹង។

ប្រជាពលរដ្ឋដែលជាសាច់ញាតិរបស់ជនរងគ្រោះបានស្នើសុំ ឲ្យអាជ្ញាធរពាក់ព័ន្ធជួយរកយុត្តិធម៌ដល់ពួកគាត់ផង ។មកដល់ពេលនេះអាជ្ញាធរមិនអើពើជួយគាត់នោះទេដោយសារតែពួកគាត់ជាអ្នកក្រគ្មានអំណាច ទើបអស់លោកសមត្ថកិច្ចមិនយកភ្នែកមើល។ ប្រជាពលរដ្ឋបានចោទប្រកាន់ថាមេព្រៃរូបនោះថាដើរផឹកស៊ីស្រវឹងបើកឡានបុកគេដោយគ្មានត្រាប្រណីហើយមិនទទួលខុសត្រូវរត់គេចបាត់។ ជាពលរដ្ឋបានលើកឡើងប្រាប់អ្នកសារព័ត៌មានទៀតថា មេព្រៃរូបនោះអាងអ្នកធំនៅពីក្រោយខ្នង មិនចេញមុខមកដោះស្រាយជូនជនរងគ្រោះនោះទេ។ ប្រជាពលរដ្ឋបានលើកឡើងគេថាអស់លោកមានលុយមានអំណាចមានឡានគួររកយុត្តិធម៌និងផ្ដល់សំណងដល់ជនរងគ្រោះផង ហើយមិនគួររត់គេចខ្លួន នោះទេ។

សាច់ញាតិរបស់ជនរងគ្រោះបាននិយាយប្រាប់អ្នកសារព័ត៌មានទៀតថា ពួកគាត់ធ្លាប់ឃើញមានករណីជាច្រើន ក្នុងគ្រោះថ្នាក់ចរាចរបង្កឲ្យមនុស្សស្លាប់គឺសមត្ថកិច្ចបានស្រាវជ្រាវចាប់ខ្លួនជនបង្កយកមកផ្តន្ទាទោស ប៉ុន្តែខុសប្លែកតែករណីបងប្អូនរបស់គាត់ស្លាប់៣នាក់ គឺសមត្ថកិច្ចមិនបានស្វែងរកចាប់ខ្លួនជនបង្កដែលគេស្គាល់យ៉ាងច្បាស់ថាជាមេព្រៃដ៏មានអំណាចនៅខេត្តព្រះវិហារ មក ផ្តន្ទាទោសនោះទេគឺទុកឲ្យជនបង្កនៅមានសេរីភាពដើរហើរយ៉ាងរំភើយ។
សាច់ញាតិជនរងគ្រោះបាននិយាយថា សមត្ថកិច្ចប៉ូលិសមូលដ្ឋានបានប្រមូលយកវត្ថុតាង ដូចជារថយន្តស៊េរីទំនើបរបស់ជនបង្កយកទៅរក្សាទុកមើល គ្រាន់លម្អភ្នែកតែប៉ុណ្ណោះ។ ការដែលសមត្ថកិច្ច មិនចាប់ជនបង្ក មកកាត់ទោសឬក៏ ផ្ដល់សំណងដល់ជនរងគ្រោះ ប្រហែលជាអាជ្ញាធរខ្លាចអំណាចមេព្រៃនោះហើយមើលទៅ ។

សូមបញ្ជាក់ថា នាយផ្នែករដ្ឋបាលព្រៃឈើម្នាក់ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានរងការសង្ស័យផឹកស្រាស្រវឹង ហើយបានបើករថយន្តមកបុកសិស្សសាលា ៣នាក់ ដែលកំពុងជិះម៉ូតូឌុបគ្នា បណ្តាលឲ្យស្លាប់២នាក់ភ្លាមៗនៅនឹងកន្លែងកើយហេតុ និងម្នាក់ទៀត បានស្លាប់ក្រោយពីបញ្ជូនមកដល់មន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ។
ហេតុការណ៍គ្រោះថ្នាក់ ដ៏គួរឲ្យរន្ធត់នោះ បានកើតឡើង នៅម៉ោងជាង៣រសៀល ថ្ងៃទី២២មិថុនាឆ្នាំ២០១៩នេះ នៅមុខហាងខារ៉ាអូខេ «ផ្កាយមាស» លើកំណាត់ផ្លូវជាតិលេខ 69B ត្រង់ចន្លោះ គីឡូម៉ែត្រលេខ ១ និងលេខ ២ ស្ថិតនៅក្នុង ភូមិស្រអែមខាងត្បួង ឃុំកន្ទួត ស្រុកជាំក្សាន្ត។
យោងតាមរបាយការណ៍ ការិយាល័យនគរបាល ចរាចរផ្លូវគោកខេត្តព្រះវិហារ បានបង្ហាញពី សម្តីសាក្សីប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានរថយន្ត១គ្រឿង ម៉ាក Ford Ranger ពណ៌ស ពាក់ស្លាក លេខភ្នំពេញ 2AY-9595 បើកបរដោយជនមិនស្គាល់អត្តសញាណ ក្នុងទិស ដៅពីកើតទៅលិច បើកបរក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ រថយន្តបានរេចង្កួត ទៅបុកម៉ូតូ១គ្រឿង ប្រភេទឌ្រីម C-125 ស៊េរីឆ្នាំ2019 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះវិហារ 1C-7555 ជិះគ្នា៣នាក់ ក្នុងទិសដៅផ្ទុយគ្នា យ៉ាងពេញទំហឹង បណ្តាលឲ្យជនរងគ្រោះទាំង៣ ប៉ើងខ្ទាតចេញពីម៉ូតូជាច្រើនម៉ែត្របណ្តោយអោយ ជនរងគ្រោះ២នាក់ បានស្លាប់ភ្លាមៗ និងម្នាក់ទៀត បានស្លាប់នៅពេលបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្ត។
រីឯអ្នកបើកបររថយន្ត ដែលគេសង្ស័យថា មានឈ្មោះ គឹម ចេតថាវី មានតួនាទីជានាយផ្នែក រដ្ឋបាលព្រៃឈើជាំក្សាន្ត បានរត់គេចខ្លួន ដោយបន្សល់ទុកតែរថយន្តបង្ករដែលបានបុកមនុស្សស្លាប់នៅទីនោះ និងមិនទទួលខុសត្រូវ ចំពោះហេតុការណ៍ដែលបានកើតឡើងឡើយ។
ជនរងគ្រោះទី១មានឈ្មោះ ប៊ុន លីកាណាក់ ភេទ ប្រុស អាយុ១៥ឆ្នាំ រស់នៅឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ របួស ទី២ ឈ្មោះចំរើន ណារុង ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅឃុំទឹកក្រហម ស្រុកជាំក្សាន្តខេត្តព្រះវិហារ ស្លាប់ ទី៣ឈ្មោះ កែវ សារ៉ាត់ ភេទ ប្រុស អាយុ ១៥ឆ្នាំ រស់នៅឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ស្លាប់។ ទាំងបីនាក់ជាសិស្សថ្នាក់ទី៨Dនៃអនុវិទ្យាល័យជាំក្សាន្ត ។
សមត្ថកិច្ចបានដាក់ការសង្ស័យថា អ្នកបើកបររថយន្តបង្កការសម្លាប់មនុស្ស៣នាក់ នៅក្នុងពេលនេះ គឺ មានឈ្មោះ គឹម ចេតថាវី ជានាយផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ត ព្រោះរថយន្តបង្កគ្រោះថ្នាក់នេះ គឺជារថយន្តរបស់លោកនាយផ្នែកដែលនណារៗក៏បានដឹងដែរ ចំពោះមូលហេតុដែលបណ្តាលឲ្យបុកជនរងគ្រោះ គឺអាចបណ្តាលមកពីស្រវឹងស្រា ព្រោះរថយន្តនេះ បានបើកចេញពីហាងខារ៉ាអូខេ «ផ្កាយមាស» ហើយបើតាមភស្តុតាងរូបភាពនេះ បានបញ្ជាក់យ៉ាងច្បាស់ថា រថយន្តខុសទាំងស្រុងតែម្តង។
រហូតមកដល់ពេលនេះ គេមិនទាន់ដឹងថា តើសមត្ថកិច្ចនគរបាលជំនាញ នឹងបន្តបើកការស៊ើបអង្កេត និងរកយុត្តិធម៌ជូនគ្រួសារជនរងគ្រោះ ដែរឬយ៉ាងណានោះទេ ហើយបើយោងច្បាប់ចរាចរផ្លូវគោកថ្មី ជនដែលបានបើកយានយន្ត បង្កគ្រោះថ្នាក់សម្លាប់ជីវិតមនុស្សហើយមិននៅទទួលខុសត្រូវ នឹងត្រូវមានទោសក្នុងកម្រិតណាដែរ?
សូមបញ្ជាក់ថា ជនរងគ្រោះទាំង៣នាក់ដែលបានស្លាប់ សុទ្ធតែជាសិស្សសាលា និងជាអ្នកដែលរស់នៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារនេះតែម្តង ។

មេព្រៃខាងលើរូបនេះ រកស៊ីកាប់ព្រៃកាប់ឈើ យកលុយដាក់ហោប៉ាវស៊ីចាយហ៊ឺហាផឹកស៊ីស្រវឹងជិះសុទ្ធតែឡានទំនើបស៊េរីខ្ពស់បុកគេស្លាប់ ហើយសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានចាប់ខ្លួន សង្ស័យយតែត្រូវថ្នាំសណ្តំរបស់មេព្រៃរូបនោះហើយមើលទៅ បានសមត្ថកិច្ច មិនហ៊ានចាប់ខ្លួន មកកាត់ទោស តែទោះជាយ៉ាងណា ពលរដ្ឋក៏ដូចជាមជ្ឈដ្ឋានទូទៅជាពិសេសបណ្ដាញសង្គមហ្វេសប៊ុក កំពុងតែរង់ចាំមើល តើដល់ពេលណាសមត្ថកិច្ចពាក់ព័ន្ធជាពិសេស សមត្ថកិច្ចនគរបាលដែលកាន់សំណុំរឿងគ្រោះថ្នាក់ចរាចរខាងលើនេះហ៊ានចាប់ខ្លួនមេព្រៃដ៏មានអំណាចរូបនោះ មកកាត់ទោសឬយ៉ាងណា ហើយម្យ៉ាងទៀតអស់លោកព្រះរាជអាជ្ញា ចៅក្រមខេត្តព្រះវិហារ ក៏កាន់តែស្ងាត់ឈឹងថែមទៀតមិនហ៊ានចេញវាចា ឬក៏ឆន្ទានុសិទ្ធិណាមួយ ចាប់មេព្រៃរូបនោះ មកកាត់ទោសនៅតុលាការ ដូចករណីផ្សេងៗទៀតនោះទេ។ នាពេលកន្លងមកគេសង្កេតឃើញថា ព្រះរាជអាជ្ញាឬក៏ចៅក្រម បានចេញមុខខ្នាស់ខ្នែងជួយដល់ជនរងគ្រោះ បើទោះជាជនរងគ្រោះមិនបានប្ដឹងដល់ពួកគាត់មិនបានប្តឹងក៏ដោយ ក៏ពួកចេញមុខជួយជនរងគ្រោះដែរហើយ ដោយចេញដីកាចាប់ខ្លួនជនបង្ក ប៉ុន្តែករណីលោកមេព្រៃដ៏មានអំណាចខាងលើនេះ ព្រះអាជ្ញាក៏ទំនងជាសម្ងំយកសុខដែរហើយមើលទៅព្រោះមេព្រៃមានលុយមានអំណាច៕

អត្ថបទដែលជាប់ទាក់ទង