ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រោយមានចោរឆក់ទ្រព្យសម្បត្តិភ្ញៀវទេសចរច្រើន នៅក្រុងសៀមរាប នគរបាលឲ្យម្ចាស់រ៉ឺម៉កម៉ូតូ គួរបំពាក់បន្ថែម សំណាញ់សុវត្ថិភាព

97

សៀមរាប៖​នៅថ្ងៃទី១៦ខែកក្កដានេះ នគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាល ក្រុងសៀមរាប បានប្រកាសឲ្យបងប្អូន អ្នកប្រកបរប ដឹកជញ្ជូនភ្ញៀវទេសចរ តាមរ៉ឺម៉កម៉ូតូ ឬ(Tuk Tuk) គួរបំពាក់បន្ថែម សំណាញ់សុវត្ថិភាព នៅផ្នែកចំហៀង និងខាងក្រោយនៃតួរ៉ឺម៉ក ដូចរូបភាព ដើម្បី បង្ការ ការពារ ទ្រព្យសម្បត្តិ វត្ថុ មានតម្លៃ របស់អតិថិជន របស់ខ្លួន ពីជនទុច្ចរិក ដែលប៉ុនប៉ង លួចឬឆក់ យក ក្នុងអំឡុងពេលធ្វើដំណើរ។

នគរបាលក្រុងសៀមរាប បានបញ្ជាក់ថា” រួមគ្នាដើម្បីបង្កលក្ខណៈមានសុវត្តិភាព ជូនភ្ញៀវទេសចរ ជាចំណែកមួយជួយឲ្យទេសចរណ៍ កាន់តែចង់មកទស្សនា ប្រទេសជាតិយើងកាន់តែច្រើនឡើង “។

សូមបញ្ជាក់ថា ការចេញនូវការណែនាំនេះ ក្រោយពេលដែលក្នុងក្រុងសៀមរាបអង្គរ ដែលក្រុងទេសចរណ៍លេខ១ ប្រចាំប្រទេសកម្ពុជា បានកើតឡើងនូវអំពើចោរកម្មឆក់លួចប្លន់ ទ្រព្យសម្បត្តិរបស់ជនបរទេស ជាញឹកញាប់ផងដែរ។

ជាក់ស្តែង ជនសង្ស័យ ចំនួន១នាក់ ត្រូវបានត្រូវបាន នគរបាលខេត្តសៀមរាប​ ធ្វើការបង្ក្រាប​បាន បន្ទាប់ ពីធ្វើសកម្មលួចឆក់ រំខានដល់វិស័យទេសចរណ៍។ នគរបាលក្រុងសៀមរាប បានបន្ថែមថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ ពីលោកបណ្ឌិត​ ឃឹម​ ប៊ុនសុង​ អភិបាលខេត្តសៀមរាប និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តសៀមរាប និងដោយមានការជំរុញ​ លើការអនុវត្ត ផែនការណ៍​ គោលដៅ ទប់ស្កាត់សកម្មភាព លួចឆក់​ គ្រប់ប្រភេទ ពី លោកឧត្តមសេនីយ៍ទោ ទិត្យ​ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីបង្ករសុខសុវត្ថិភាព រក្សាសន្តិសុខ ជូនបងប្អូនប្រជាពលរដ្ឋជាពិសេសភ្ញៀវទេសចរ ជាតិនិងអន្តរជាតិ ដែលអញ្ជើញមកទស្សនាកម្សាន្ត ក្នុងខេត្តសៀមរាប។
កាលពីថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០១៨ វេលាម៉ោង១៤:០០នាទី នៅត្រង់ចំណុចផ្លូវហ្សាឌឺហ្គោល ស្ថិតនៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាបខេត្តសៀមរាប ជនសង្ស័យ និង បក្ខពួករបស់គេម្នាក់ទៀត បានជិះម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ គ្មានផ្លាកលេខ ជនសង្ស័យទាំងពីរនាក់ខាងលើបានធ្វើសកម្មភាពឆក់យកកាបូប ពីភ្ញៀវជនជាតិបរទេស ជាជនរងគ្រោះឈ្មោះJULENAZ CONAMATARTIN ភេទប្រុស អាយុ២១ឆ្នាំ មុខរបរសិស្ស ជនជាតិអេស្ប៉ាញ ជាភ្ញៀវទេសចរណ៍ ស្នាក់នៅក្នុងផ្ទះសំណាក់DAYDAY INN ខណៈពេលដែលជនរងគ្រោះ កំពុងជិះលើរឺម៉កកង់បី តាមផ្លូវពីទិសខាងជើងមកទិសខាងត្បូង ដោយទុកកាបូបស្ពាយមួយ ពណ៌ខៀវ នៅពីមុខរបស់ជនរងគ្រោះ ពេលនោះជនសង្ស័យបានធ្វើសកម្មភាពឆក់យកកាបូប ហើយជនសង្ស័យទាំងពីរនាក់ព្យាយាមជិះម៉ូតូគេចខ្លួន ។
តែដោយសាមាន នគរបាលការពារបេតិកភណ្ឌ នគរបាលទេសចរណ៍ បងប្អូនប្រជាការពារ ដែលនៅក្បែរនោះ ឃើញទាន់ ក៏នាំគ្នាធ្វើការប្រដេញ ពេលនោះជនសង្ស័យទាំងពីរនាក់ បានផ្តួលម៉ូតូចោល ហើយរត់គេចខ្លួន ចូលទៅក្នុងបរិវេណព្រៃអង្គរ ។ បន្ទាប់ពីទទួលសេចក្តីរាយការណ៍ លោកវរសេនីយ៍ឯកទេព ចាន់ណា បានដឹកនាំកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប សហការ ជាមួយនគរបាលការពារបេតិកភណ្ឌ នគរបាលទេសចរណ៍ បងប្អូនប្រជាការពារ ធ្វើការតាមស្វែងរកជនសង្ស័យទាំងពីរនាក់ រហូតឃាត់ខ្លួន បានជនសង្ស័យចំនួន០១នាក់ ឈ្មោះ ភួយ សុភា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ពាក់ពន្ធ័ករណី អំពើលួចដោយមានស្ថានទម្ងន់ទោស (ឆក់កាបូបភ្ញៀវ) ។

យកមកធ្វើការសាកសួរ ក្រោយពីការសាកសួរជនសង្ស័យរូបនេះ បានឆ្លើយសារភាពថា ខ្លួននឹងបក្ខពួកឈ្មោះ ងោល ដែលបានរត់គេចខ្លួនបាត់ ពិតជាបានធ្វើសកម្មភាពឆក់ យកកាបូបរបស់ជនរងគ្រោះខាងលើ ពិតប្រាកដមែន ។​
វត្ថុតាងដកហូតបាន៖ ម៉ូតូចំនួន១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ គ្មានស្លាកលេខលេខតួ និង​លេខម៉ាស៊ីន៩៦៩០៤៥៥ ។ សម្ភារៈរបស់ជនរងគ្រោះនៅក្នុងកាបូបរួមមានៈ លិខិតឆ្លងដែនមួយក្បាល
ម៉ាស៊ីនថតរូបម៉ាកកាណុង(EOS KISS X5)ពណ៌ខ្មៅ១គ្រឿង ម៉ាស៊ីនថតរូបGOPRO ពណ៌ខ្មៅមួយគ្រឿង
សៀវភៅអេឡិចទ្រូនិចមួយគ្រឿង និងសម្ភារៈផ្សេងៗមួយចំនួនទៀត ។

ជនសង្ស័យរូបនេះ បានឆ្លើយសារភាពបន្តទៀតថាៈ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៥ព្រឹក ត្រង់ចំណុចផ្លូវគោកម៉ៃ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក រូបគេនិង បក្ខពួក ក៏បានជិះម៉ូតូឆក់យកកាបូបភ្ញៀវជនជាតិជប៉ុន ចំនួន១នាក់ ភេទស្រី ដែលកំពុងជិះលើរឺម៉កកង់បី បានសម្រេច ចំនួន១លើកផងដែរ ។

ជនសង្ស័យ និងវត្ថុតាងដែលដកហូតបាន ជនសង្ស័យនិងវត្ថុតាង ត្រូវបាននគរបាលផ្នែកព្រហ្មទណ្ឌក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូន ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
ចំណែកបក្ខពួករបស់ជនសង្ស័យ ដែលបានរត់គេចខ្លួនបាត់នោះ នគរបាលយើង បានធ្វើការកំណត់អត្តសញ្ញាណរួចរាល់ ហើយ និងកំពុងធ្វើការស្វែងរក ដើម្បីឃាត់ខ្លួនបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង