ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពីបទ រំលោភលើលំនៅដ្ឋាន និងប៉ុនប៉ងរំលោភសេពសន្ថវៈ

61

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ ១៤ និង ០៦នាទី នៅចំណុចភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះប្រតិបត្តិការបង្រ្កាបករណី រំលោភលើលំនៅដ្ឋាន និងប៉ុនប៉ងរំលោភសេពសន្ធវះ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ។ បន្ទាប់ពីធ្វើការឃាត់ខ្លួន លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។
លោកវរសេនីយ៍ត្រី តាំង សុខហេង បានឲ្យដឹងថា ៖ យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ម.ភ ភេទ ស្រី អាយុ ៥២ឆ្នាំ ត្រូវជាម្តាយរបស់ជនរងគ្រោះឈ្មោះ ស.ស.ន ភេទ ស្រី អាយុ ១៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានបំភ្លឺឲ្យដឹងថា ៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ គាត់ កូនស្រី បានទៅលេងផ្ទះអ្នកជិតខាងដែលមានកម្មវិធីផឹកស៊ី ហើយជនសង្ស័យក៏នៅទីនោះដែរ លុះដល់ម៉ោងប្រមាណ ០៩ និង ១៥នាទីយប់ ក៏នាំកូនមកចូលសម្រាកនៅផ្ទះរបស់ខ្លួនវិញ ដោយគេងក្នុងមុងជាមួយគ្នា រួមជាមួយនិងចៅ ០២នាក់ទៀត លុះដល់វេលាម៉ោង ០០ និង ១០នាទី ខ្លួនបានលឺសម្លេងកូនស្រីស្រែក ពេលនោះខ្លួនបានបើកភ្លើង ស្រាប់តែឃើញជនសង្ស័យកំពុងតែធ្វើសកម្មភាពរំលោភទៅលើកូនស្រី ខ្លួនក៏ស្រែកឆោរឡោរឲ្យអ្នកជិតខាងជួយ ឃើញដូចនេះជនសង្ស័យក៏រត់គេចខ្លួនចេញពីផ្ទះបាត់ទៅ ហើយខ្លួនបានមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកតែម្តង ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានបញ្ជាក់ទៀតថា ៖ ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងជំនាញកងរាជអាវុធហត្ថ បានចុះធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ រហូតឃាត់ខ្លួន បានចំនួន ០១នាក់ មានឈ្មោះ វុធ វ៉ាន់ ភេទ ប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិ/ឃុំនិងស្រុកកើតហេតុខាងលើ ។ ក្រោយពីធ្វើការឃាត់ខ្លួន និងធ្វើកការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះពិតមែន តែគ្រាន់តែទៅសួរនាំអំពីកូនស្រីរបស់ជនរងគ្រោះ ដែលកំពុងមានជម្ងឺក្តៅខ្លួន ហើយខ្លួនក៏បានលូកដៃស្ទាបក្បាលតែប៉ុណ្ណោះ ។ ដោយយោងតាមចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមរបាយការណ៍ និងយោងតាមការបំភ្លឺរបស់ជនរងគ្រោះ និងសាក្សី ឃើញថាមានតម្រុយពិរុទ្ធភាពនៃបទល្មើសយ៉ាងជាក់លាក់ ជនសង្ស័យខាងលើអាចត្រូវចោទពីបទ រំលោភលើលំនៅដ្ឋាន និងប៉ុនប៉ងរំលោភសេពសន្ធវះ បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី ។

អត្ថបទដែលជាប់ទាក់ទង