ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មការផ្សារអូរឬស្សីសហការជាមួយ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះពិនិត្យមាន់ ទា ដើម្បីរកមើលជំម្ងឺមេរោគផ្តាយបក្សី

214

ភ្នំពេញ៖ គណៈកម្មការផ្សារអូរឬស្សីបានធ្វើការសហការជាមួយ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ  ចុះពិនិត្យសត្វមាន់ ទា ដើម្បីស្វែងរកមើលជំម្ងឺមេរោគផ្តាយបក្សី ការពារសុខភាពជូនប្រជាពលរដ្ឋ។

   មន្ត្រីនៃគណៈកម្មការផ្សារអូរឬស្សីបានអោយដឹងថា សម្រាប់ថ្ងៃទី០៨ មេសា អាជីវករបើកតូបលក់ដូរជាធម្មតា និងអតិថិជនចេញចូលផ្សារមានចំនួនច្រើន ព្រោះជិតដល់ថ្ងៃបុណ្យប្រពៃណីខ្មែរ ។ ចំពោះអាជីវករលក់ទាខ្វៃ.ជ្រូកខ្វៃ មានការមមារញឹកខ្លាំង និងសប្បាយរីករាយ ព្រោះចូលរដូវឆេងម៉េងពួកគាត់លក់ដាច់បានច្រើន ។
   ចំពោះការងារសន្តិសុខ-សុវត្ថិភាព បានបន្តពង្រឹងការងារសន្តិសុខតាមគោលដៅ ល្បាតចល័តការពារសុវត្ថិភាពជាប្រចាំ ទាំងវេនថ្ងៃ និងវេនយប់។ សម្រាប់
ការងារភាស៊ី បានបន្តពង្រឹង និងណែនាំម្ចាស់អាជីវកម្មភាសុីផ្ញើកង់ម៉ូតូឲ្យដាក់តាមការកំណត់ដែលគណៈកម្មការផ្សារបានកំណត់ឲ្យ និងយកតម្លៃតាមសៀវភៅបន្ទុករបស់ក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ។
   ចំណែកការងារសណ្ដាប់ធ្នាប់វិញ  គណៈកម្មការផ្សារ ដឹកនាំកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់តាមតូបខាងក្នុងនិងខាងក្រៅ ជុំវិញបរិវេណផ្សារ ហើយបានណែនាំឲ្យអាជីវករដាក់តាំងទំនិញលក់ដូរតាមការកំណត់របស់គណៈកម្មការផ្សារ និងបានណែនាំឲ្យប្រុងប្រយ័ត្នពីបញ្ហាភ្លើងផ្សែង បញ្ហាចាក់សោតូប ត្រូវវេចខ្ចប់ទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ។ ចាប់ពីវេលាម៉ោង៨.៣០នាទីព្រឹក រហូតដល់ម៉ោង១៩.០០នាទីយប់ គណៈកម្មការផ្សារ បន្តដឹកនាំកម្លាំងចូលរួមសហការជាមួយគណបញ្ជាការឯកភាពខណ្ឌ៧មករា ដឹកនាំដោយលោក ឆោម  ឆាយា អនុប្រធានការិយាល័យរដ្ឋបាល  និងហិរញ្ញវត្ថុខណ្ឌ៧មករា តំណាងលោក លីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បន្តចុះរៀបចំសណ្តាប់ធ្នាប់នៅផ្លូវលេខ ១៣៩ . ១៦៦ និងបន្តធ្វើការអប់រំណែនាំដល់អ្នកលក់ទាំងអស់ដែលយកចិញ្ចើមផ្លូវធ្វើអាជីវកម្ម ឲ្យអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌ៧មករា។
 បានបន្តសហការជាមួយកម្លាំងការិយាល័យសណ្តាប់ធ្នាប់ខណ្ឌ៧មករា ធ្វើការអប់រំណែនាំដល់អ្នកបើកបរ និងឃាត់យានជំនិះដែលបើកបរបញ្ច្រាស់ទិសចរាចរណ៍ និងបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព សរុបបានចំនួន (១២គ្រឿង) យកទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីធ្វើការអប់រំណែនាំបន្ត និងផាកពិន័យតាមផ្លូវច្បាប់។  បន្តសហការជាមួយនគរបាលប៉ុសិ៍្តរដ្ឋបាលអូរឬស្សីទី៣ ធ្វើការអប់រំណែនាំដល់អ្នកបើកបរ និងឃាត់យានជំនិះដែលបើកបរបញ្ច្រាស់សទិសចរាចរណ៍ និងបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព សរុបបានចំនួន (២៤គ្រឿង) យកទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីធ្វើការអប់រំណែនាំបន្ត និងផាកពិន័យតាមផ្លូវច្បាប់។ ចំណែកចរាចរណ៍នៅតាមបណ្តោយផ្លូវ ១១១.១៤១.១៨២ មានការកកស្ទះ តែកម្លាំងប្រចាំការនៅតាមគោលដៅសហការជាមួយកម្លាំងការិយាល័យសណ្ដាប់ធ្នាប់ខណ្ឌ៧មករា និងកម្លាំងការិយាល័យសណ្ដាប់ធ្នាប់រាជធានីភ្នំពេញ ជួយសម្រួលចរាចរណ៍កុំឲ្យមានការកកស្ទះដើម្បីងាយស្រួលឲ្យប្រជាពលរដ្ឋធ្វើដំណើរ ។
   ចំពោះ ការងារអនាម័យ-បរិស្ថាន កម្លាំងសន្តិសុខគ្រប់មណ្ឌលធ្វើការបោសសម្អាតអនាម័យនៅជុំវិញបរិវេណផ្សាររៀងរាល់ថ្ងៃចន្ទ  ។  ភ្នាក់ងារអនាម័យបានបន្តការបោសសម្អាត ប្រមូល សម្រាម នៅជុំវិញបរិវេណផ្សារជារៀងរាល់ពេលព្រឹកនិងពេលល្ងាច ហើយបានសហការជាមួយក្រុមហ៊ុន ស៊ីនទ្រី ដឹកជញ្ជូនកាកសំណល់ឲ្យបានស្អាតជាប្រចាំ។
   ជាងនេះទៅទៀត កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៩.៣០នាទីយប់ គណៈកម្មការផ្សារ សហការជាមួយក្រសួងសុខាភិបាល ធ្វើការបាញ់ថ្នាំសម្លាប់សត្វល្អិត នៅខាងក្នុងជុំវិញបរិវេណផ្សារ ។នៅវេលាម៉ោង៧.០០នាទីព្រឹក ប្រធានគណៈកម្មការផ្សារ ដឹកនាំកម្លាំងចំនួន៥២នាក់ ចូលរួមជាមួយមន្ត្រីសង្កាត់/ខណ្ឌ៧មករា ដើម្បីចូលរួមអបអរសាទរ ពិធី សម្ភោធជាផ្លូវការ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសួនច្បារផ្សារចាស់ ។ វេលាម៉ោង១០.៣០នាទី ប្រធានគណៈកម្មការផ្សារ សហការជាមួយប្រធានបសុពេទ្យប្រចាំខណ្ឌ៧មករា និងមន្ត្រីមកពីវិទ្យាស្ថានស្រាវជ្រាវសុខភាពសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ  ចុះពិនិត្យទៅលើមាន់ចំនួន១០ក្បាល ទាចំនួន១០ក្បាល និងទឹកលាងមាន់.ទា នៅតូប (ច.០៦+ច.២៦+២៧) ដើម្បីរកមើលជំម្ងឺមេរោគផ្តាយបក្សី ។
 វេលាម៉ោង១៤.០០នាទីរសៀល ប្រធានគណៈកម្មការផ្សារចូលរួម ពិធី សូត្រមន្តចម្រើនព្រះបរិត្ត សិរីសួស្តីឆ្នាំថ្មី ក្រោមអធិបតីភាពលោក លីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា នៅសាលាខណ្ឌ៧មករា៕
អត្ថបទដែលជាប់ទាក់ទង