ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មុខសញ្ញាចំនួន៣នាក់ សារភាពថា បានប្រើដំបងដែកទីបជ្រុង ដេញវាយប្លន់យកម៉ូតូ របស់ជនរងគ្រោះ ទៅដាក់បញ្ចាំនៅផ្សារឃ្លាំងរំសេវ

77

ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌដង្កោ កាលពីថ្ងៃទី៣ខែតុលា បានចេញរបាយការណ៍ ស្ដីពី លទ្ធផលស្រាវជ្រាវបង្រ្កាបបានករណីលួចមានស្ថាន​ទម្ង​ន់ទោស (ប្រើដំបងដែកទីបជ្រុងវាយប្លន់យកម៉ូតូនិងទ្រព្យសម្បត្តិ​) ដោយឃាត់ខ្លួនមុខសញ្ញាចំនួន៣នាក់ ក្នុងចំណោមបក្ខពួក៦នាក់។ ជនសង្ស័យ បានសារភាពប្រាប់សមត្ថកិច្ចថា ពិតជាបានធ្វើសកម្មភាព ប្រើដំបងដែកទីបជ្រុង ដេញវាយប្លន់យកម៉ូតូ របស់ជនរងគ្រោះ ទៅដាក់បញ្ចាំនៅផ្សារឃ្លាំងរំសេវ ស្ថិតនៅសង្កាត់ទឹកល្អក៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានលុយចែកគ្នាស៊ីចាយប្រាកដមែន។

អធិការដ្ឋាននគរបាលខណ្ឌដង្កោ បានរំលឹកពីសាវតានៃរឿងនេះថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១ និង ២០ នាទី ត្រង់ចំណុចបុរីសាន់ស៊ីមិច ផ្លូវបេតុង ស្ថិតនៅភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជនរងគ្រោះឈ្មោះ ស៊ុយ កុសល ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទីលំនៅភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ បន្ទាប់ពីធ្វើការតាមដាន ស្រាវជ្រាវតាមរយៈជំនាញ កម្លាំងសមត្ថកិច្ចបានឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ នៅវេលាម៉ោង១២និង៥០នាទី ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩គឺ ១-ឈ្មោះ ស៊ុំ ពេជ្ររស្មី ហៅ ឌុន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ជនជាតិខ្មែរ ទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ២-ឈ្មោះ សំ សម្បត្តិ ហៅ វ៉ាត់ ភេទប្រុស អាយុ២២ឆ្នាំជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទីលំនៅភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
៣-ឈ្មោះ ឈិន ចាន់អ៊ូរ៉ាន់ ហៅ រ៉ាន់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទីលំនៅភូមិសាយគៀច ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ វត្ថុតាងចាប់យកបាន ទូរស័ព្ទដៃ៣គ្រឿង , ម៉ូតូ៣គ្រឿង និងបង្កាន់ដៃបញ្ចាំម៉ូតូ ១សន្លឹក ។

នគរបាលខណ្ឌដង្កោ បានបញ្ជាក់ពីហេតុការណ៍នេះថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១និង២០នាទី ជនរងគ្រោះឈ្មោះ ស៊ុយ កុសល ភេទប្រុស អាយុ២០ឆ្នាំ និងមិត្តភក្តិចំនួន២នាក់ទៀត ទី១ ឈ្មោះ វណ្ណា រក្សា ភេទប្រុស អាយុ១៦ឆ្នាំ ទី២ ឈ្មោះ យិន ម៉ៅ ភេទប្រុស អាយុ២៨ឆ្នាំ បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ១១០ (សង់ប៊ិច) ពណ៌ខ្មៅ គ្មានផ្លាកលេខ មានលេខតួ និងលេខម៉ាស៊ីន(មិនចាំ) ទៅអង្គុយលេងនៅកញ្ចុះក្នុងបុរីសាន់ស៊ីម៉ិច ស្ថិតនៅភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលកំពុងតែអង្គុយនិយាយគ្នាលេងបណ្តើរ ហូបនំប៉ាវបណ្តើរ ស្រាប់តែមានជនសង្ស័យមួយក្រុមមិនស្គាល់ឈ្មោះ មានគ្នាប្រហែលចំនួន៦នាក់ ជិះម៉ូតូ៣គ្រឿង ទី១ ម៉ាក ហុងដាសេ១១០ ពណ៌ខ្មៅ មិនស្គាល់ផ្លាកលេខ លេខតួ និងលេខម៉ាស៊ីន (ពាក់ផ្លាកលេខតាកែវ1H-4038 មានលេខតួ និងលេខម៉ាស៊ីន8010226) ទី២ម៉ាក ហុងដាសេ១២៥ ពណ៌ក្រហម មិនស្គាល់ផ្លាកលេខ លេខតួ និងលេខម៉ាស៊ីន (ពាក់ផ្លាកលេខកណ្តាល1AE-2925 មានលេខតួ និងលេខម៉ាស៊ីន5521032) ទី០៣ម៉ាកហុងដា Beat ពណ៌ខៀវ មិនចាំផ្លាកលេខ លេខតួ និងលេខម៉ាស៊ីន (ពាក់ផ្លាកលេខ កណ្តាល1AF-5112 មានលេខតួ 9016701 និងលេខម៉ាស៊ីន9016691) មកដល់ក្បែរកន្លែងជនរងគ្រោះអង្គុយ រួចចុះពីលើម៉ូតូរត់សំដៅមករកជនរងគ្រោះ ប្រដាប់ដោយដំបងដែកទីបជ្រុងកាន់នៅនឹងដៃ រួចស្រែកគំរាមថា ហ្នឹងហើយៗ ។ ពេលនោះជនរងគ្រោះនិងមិត្តភក្តិមានការភ័យខ្លាច ក៏បាននាំគ្នា រត់គេចខ្លួន ចោលម៉ូតូ១គ្រឿងម៉ាកសេ១១០ ពណ៌ខ្មៅ គ្មានផ្លាកលេខខាងលើ និងទូរស័ព្ទដៃ១គ្រឿងម៉ាក អាយហ្វូនសេវេនផ្លឹស ដែលជនរងគ្រោះទុកនៅតុកញ្ចុះ កន្លែងកើតហេតុ ។ ហើយក្រុមជនសង្ស័យក៏បានយកម៉ូតូ និងទូស័ព្ទដៃម៉ាក Iphone 7plus របស់ជនរងគ្រោះជិះគេចខ្លូនបាត់តែម្តង រួចជនរងគ្រោះនិងមិត្តភក្តិ ក៏បានមករាយការណ៍ប្រាប់ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រ ដើម្បីជួយអន្តរាគមន៍ ។ ហើយសមត្ថកិច្ចយើងក៏បានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យមើលកាមេរ៉ាសុវត្ថិភាព ដែលបំពាក់នៅក្នុងបុរីសាន់ស៊ីម៉ិច កំណត់បានអត្តសញ្ញាណជនសង្ស័យចំនួន២នាក់ ដែលបានធ្វើសកម្មភាពខាងលើ ក្នុងចំណោម៦នាក់នោះ ទី១​ ឈ្មោះ ស៊ុំ ពេជ្ររស្មី ហៅឌុន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី២ ឈ្មោះ យន្ត ប៊ុនលី ហៅ អាត្នោត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ហើយជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹង ចំឈ្មោះជនសង្ស័យទាំង២នាក់ខាងលើ និងបក្ខពួក ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនយកមកធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់តែម្តង ។ លុះដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១២និង៥០នាទី កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រាំងពង្រ និងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌខណ្ឌដង្កោ បានធ្វើការស្រាវជា្រវឃាត់ខ្លួនបាន ជនសង្ស័យដែលធ្វើសកម្មភាពខាងលើ បានចំនួន៣នាក់ជាបន្តបន្ទាប់ ត្រង់ចំណុចសួនឧស្សាហកម្មវឌ្ឍនៈ២ ផ្លូវជាតិលេខ៣ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី១ ឈ្មោះ ស៊ុំ ពេជ្ររស្មី ហៅ ឌុន ភេទប្រុស អាយុ១៩ឆ្នាំ ទី២ ឈ្មោះ សំ សម្បត្តិ ហៅ វ៉ាត់ ភេទប្រុស អាយុ២២ឆ្នាំជនជាតិខ្មែរ ទី៣ ឈ្មោះ ឈិន ចាន់អ៊ូរ៉ាន់ ហៅ រ៉ាន់ ភេទប្រុស អាយុ១៩ឆ្នាំ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រ តាមនីតិវីធីច្បាប់ ។ ក្រោយពីធ្វើការសាកសួរជនសង្ស័យទាំង៣នាក់ខាងលើ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា ពួកគេ (ជនសង្ស័យ) និងបក្ខពួកកំពុងរត់គេចខ្លួនចំនួន៣នាក់ទៀត ទី១ ឈ្មោះ អឿង វិរៈ ហៅ ចយ ភេទប្រុស អាយុ២៥ឆ្នាំ ទី២ ឈ្មោះ យន្ត ប៊ុនលី ហៅ អាត្នោត ភេទប្រុស អាយុ២០ឆ្នាំ ទី៣ ឈ្មោះ យុទ្ធ ភេទប្រុស អាយុប្រហែល២៤ឆ្នាំ ពិតជាបានធ្វើសកម្មភាពប្រើដំបងដែកទីបជ្រុង ដេញវាយប្លន់យកម៉ូតូរបស់ជនរងគ្រោះខាងលើ ទៅដាក់បញ្ចាំនៅផ្សារឃ្លាំងរំសេវ ស្ថិតនៅសង្កាត់ទឹកល្អក៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានលុយចែកគ្នាស៊ីចាយប្រាកដមែន៕

អត្ថបទដែលជាប់ទាក់ទង