ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី សាន់ឌ្រីន ប៊ូឆ័រ ៖AFD បានជួយរាជធានីភ្នំពេញ ប្រមាណ៣០ឆ្នាំហើយ ទាំងហេដ្ឋារចនាសម្ព័ន្ធនិងនវានុវត្តន៍ ដោយការផ្តល់សេវាតំបូងគេនៅរាជធានីភ្នំពេញ គឺទឹកស្អាតនិងអគ្គិសនី

20

ភ្នំពេញ៖ទីភ្នាក់ងារ បារាំងសម្រាប់អភិវឌ្ឍន៍ AFD ប្រចាំប្រទេសកម្ពុជានឹងផ្តល់ឥណទាន ជួយរាជធានីភ្នំពេញបន្ថែមទៀត នោះគឺ ការជួយលើគម្រោងសាងសង់ អាងប្រព្រឹត្តកម្មទឹកកខ្វក់ នៅភាគខាងជើងរាជធានីភ្នំពេញ ខណៈដែល AFDបានជួយរាជធានីភ្នំពេញ ប្រមាណ៣០ឆ្នាំហើយ ទាំងហេដ្ឋារចនាសម្ព័ន្ធនិងនវានុវត្តន៍ជាដើម។

  នេះជាការបង្ហាញឱ្យដឹងក្នុងក្នុងជំនួបសំដែងការគួសមរវាងឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកស្រី សាន់ឌ្រីន ប៊ូឆ័រ (Sandrine BOUCHER) នាយិកាទីភ្នាក់ងារ បារាំងសម្រាប់អភិវឌ្ឍន៍ AFD ប្រចាំប្រទេសកម្ពុជា នារសៀលថ្ងៃទី០៦កក្កដាឆ្នាំ២០២៦នេះ នៅសាលារាជធានីភ្នំពេញ។

   ឯកឧត្ដម ឃួង ស្រេង ក្នុងឱកាសនោះបានលើកឡើងពីភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានប្រជាពលរដ្ឋរស់នៅចេញចូលទាំងការស្នាក់នៅប្រមាណជា៣លាននាក់។ ទន្ទឹមនិងកំណើតប្រជាពលរដ្ឋនិងលំនៅដ្ឋានកើនឡើងបានធ្វើឱ្យរាជធានីភ្នំពេញប្រឈមនឹងបញ្ហាសំណល់រាវដែលទាមទាឱ្យមានការដោះស្រាយ។ពាក់ព័ន្ធនឹងបញ្ហានេះ AFD ប្រចាំប្រទេសកម្ពុជាបានជួយរាជធានីភ្នំពេញជាច្រើន ទាំងអគ្គិសនី ទឹកស្អាតផងដែរ។ 

  ឯកឧត្ដម ឃួង ស្រេង បានបន្តថា នៅរាជធានីភ្នំពេញ ប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់ប្រមាណ៩០%ហើយ។ ដោយមានកម្ចីពី AFDយើងបានពង្រីកស្ថានីយ៍ផលិតទឹកស្អាតប្រើប្រាស់ជាបន្តបន្ទាប់ យើងសង្ឃឹមថានៅឆ្នាំ២០៣០ នៅរាជធានីភ្នំពេញ នឹងទទួលមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។ ក្រោមជំនួយពីទីក្រុងប៉ារីសនិងចៃការបស់ជប៉ុន រាជធានីភ្នំពេញបានដោះស្រាយបញ្ហាប្រឈមនិងសំណល់រាវ បានល្អប្រសើរ។ ជាងនេះទៅទៀតសម្ដេចបវរធិបតីហ៊ុនម៉ាណែតបានបង្កើតនូវគម្រោងឥណទានមួយ ដោយប្រើប្រាស់ថវិកាប្រមាណជាង១០០លានដុល្លារ ដើម្បីដោះស្រាយបញ្ជៀសនូវការលិចលង់ទៀតផង។

  ឯកឧត្ដម ឃួង ស្រេង ក្នុងឱកាសនោះ ក៏បានថ្លែងនូវការអរគុណចំពោះ AFD ដែលមានគម្រោងជួយកសាងអាងប្រព្រឹត្តកម្មទឹកកខ្វក់មួយនៅខាងជើងរាជធានីភ្នំពេញ។

  លោកស្រី សាន់ឌ្រីន ប៊ូឆ័រ នាយិកាទីភ្នាក់ងារ បារាំងសម្រាប់អភិវឌ្ឍន៍ AFD បានមានប្រសាសន៍ថា៖ AFD បានជួយរាជធានីភ្នំពេញ ប្រមាណ៣០ឆ្នាំហើយ ទាំងហេដ្ឋារចនាសម្ព័ន្ធនិងនវានុវត្តន៍ ដោយការផ្តល់សេវាតំបូងគេនៅរាជធានីភ្នំពេញ គឺទឹកស្អាតនិងអគ្គិសនី។ បន្ថែមពីនេះ AFDនឹងជួយកសាងសមត្ថិភាពក្មេងជំនន់ក្រោយបន្ថែមទៀត ដូចជាការកសាងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ជួយបណ្តុះបណ្តាលជំនាញទឹកស្អាត ការជួយរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងនវានុវត្តន៍ក្នុងកម្រិតខ្ពស់។

  លោកស្រី សាន់ឌ្រីន ប៊ូឆ័រ បានបញ្ជាក់ថា អ្វីដែល AFDនិងរដ្ឋបាលរាជធានីភ្នំពេញ កំពុងធ្វើនៅពេលនេះគឺការសិក្សា លើគម្រោងសាងសង់ អាងប្រព្រឹត្តកម្មទឹកកខ្វក់ នៅភាគខាងជើងរាជធានីភ្នំពេញ គម្រោងនេះនឹងឃើញពន្លឺថ្ងៃនៅពេលឆាប់ៗនេះ៕

អត្ថបទដែលជាប់ទាក់ទង