ដី៤០ហិកតា ជារបស់កម្ពុជា គ្មានថ្ងៃបាត់បង់ដីដូចការព្រួយបារម្ភនោះឡើយ
ភ្នំពេញ ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានអះអាងថា តំបន់ដី៤០ហិកតា នៅតែស្ថិតក្រោមការគ្រប់គ្រងរបស់ច្បាប់កម្ពុជា គ្មានថ្ងៃបាត់បង់ដីដូចការព្រួយបារម្ភនោះឡើយ។
ក្នុងសន្និសីទសារព័ត៌មាន បង្ហាញពីផែនការបន្លាស់ទីជនជាតិវៀតណាម ខ្មែរ និងខ្មែរ-ឥស្លាម ពីការរស់នៅលើផ្ទះបណ្ដែតទឹកលើទន្លេសាប ឡើងមករស់នៅលើផ្ទៃដីទំហំប្រមាណ៤០ហិកតា ក្នុងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ លោក ផៃ ស៊ីផាន បានអះអាងថា ការបន្លាស់ទីនេះ គ្មានថ្ងៃដែលកម្ពុជាកាត់ដីឱ្យជនអន្ដោប្រវេសន៍វៀតណាមនោះឡើយ។
អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា ការបារម្ភទៅលើសន្ដិសុខជាតិ ដែលយើងបង្កើតភូមិសម្រាប់ឱ្យអន្ដោប្រវេសន៍ មកនៅមិនមានប៉ះពាល់ដល់សន្ដិសុខជាតិ ដោយសារគ្រប់គ្រង ក្នុងប្រព័ន្ធច្បាប់របស់កម្ពុជា ហើយអ្នកទៅគ្រប់គ្រង គឺកម្ពុជា ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមានអារម្មណ៍ធូរស្រាល។ កាលណាអាជ្ញាធរបង្កើតកន្លែងមួយឱ្យជនអន្ដោប្រវេសន៍រស់នៅ គឺជនអន្ដោប្រវេសន៍ទាំងអស់នោះ ត្រូវតែគោរពច្បាប់របស់កម្ពុជា រួមមាន ទាំងច្បាប់ភូមិបាល និងច្បាប់សញ្ជាតិ ហើយអ្នកគ្រប់គ្រងនៅកន្លែងនោះទៀតសោត គឺជាជនជាតិខ្មែរ មិនមែនជាជនអន្ដោប្រវេសន៍នោះទេ។
អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានអរគុណដល់ប្រជាពលរដ្ឋខ្មែរ ដែលបានយកចិត្តទុកដាក់ និងតាមដានលើបញ្ហានេះ។ លោកជឿជាក់ថា បន្ទាប់ពីសន្និសីទសារព័ត៌មាននៅថ្ងៃនេះ ប្រជាពលរដ្ឋនឹងជ្រាបកាន់តែច្បាស់ពីអ្វីដែលរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកំពង់ឆ្នាំង កំពុងអនុវត្តជាបន្ដបន្ទាប់ លើការងារបន្លាស់ប្រជាពលរដ្ឋរស់នៅលើផ្ទះបណ្ដែតទឹក មកឱ្យរស់នៅលើគោកវិញ។
លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលរង ខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារ បម្លាស់ទីផ្ទះទឹក បានបញ្ជាក់ច្បាស់ថា ផែនការបម្លាស់ទីពលរដ្ឋវៀតណាម ខ្មែរ និងខ្មែរ-ឥស្លាម ពីការរស់នៅលើផ្ទះបណ្ដែតទឹក លើផ្ទៃបឹងទន្លេសាប ឡើងមករស់នៅលើដីគោក ទំហំប្រមាណ ៤០ហិកតា ក្នុងខេត្តកំពង់ឆ្នាំង គឺមិនមានការកាត់ដី ឲ្យជនអន្តោប្រវេសន៍ វៀតណាម ។
លោក ស៊ុន សុវណ្ណារិទ្ធ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានចាប់ផ្តើម ផែនការបម្លាស់ទីពលរដ្ឋវៀតណាម ខ្មែរ និងខ្មែរ-ឥស្លាម ពីការរស់នៅលើផ្ទះបណ្ដែតទឹកលើទន្លេសាប ឡើងមករស់នៅលើផ្ទៃដីទំហំប្រមាណ ៤០ហិកតា ក្នុងគោលបំណង ថែរក្សាទន្លេសាប ថែរក្សាបរិស្ថានទឹក ថែរក្សាជីវចម្រុះ និងធនធានធម្មជាតិ និងការយកចិត្តទុកដាក់ទាំងផលប្រយោជន៍ និងបញ្ហាប្រឈមនានា ដែលនាំមកនូវគុណប្រយោជន៍ សម្រាប់ប្រទេសជាតិ ។ ក្រោយពីធ្វើការបម្លាស់ទី ជនជាតិវៀតណាម ខ្មែរ និងឥស្លាម ចេញពីលើទឹក ឡើងមកគោករួចហើយ អាជ្ញាធរខេត្តកំពង់ឆ្នាំង នឹងប្រែក្លាយតំបន់នោះ ជាតំបន់ ទេសចរណ៍ដោយ រៀបចំឲ្យមាន បែរចិញ្ចឹមត្រីតាមបច្ចេកទេសសហភាពអឺរ៉ុប ។ ការបម្លាស់ទីនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏បានទទួលអនុសាសន៍ពីរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ឲ្យអនុវត្តផែនការនេះ ដោយម៉ត់ចត់ទាន់ពេលវេលា និងប្រុងប្រយ័ត្នខ្ពស់ ស្របតាមច្បាប់របស់កម្ពុជា និងច្បាប់អន្តរជាតិផងដែរ ព្រមទាំងខិតខំដោះស្រាយសេវារដ្ឋបាល នៅកន្លែងថ្មីជូនប្រជាពលរដ្ឋទាំងនោះឲ្យបានល្អ ។
អភិបាលរងខេត្តកំពង់ឆ្នាំង សង្កត់ធ្ងន់ថា រដ្ឋបាលខេត្ត នឹងមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋ តាំងទីលំនៅអចិន្ត្រៃយ៍ ឬធ្វើមូលដ្ឋានអាជីវកម្មផ្សេងៗ នៅតាមផ្ទះបណ្តែតទឹកទៀតទេ ជាក់ស្តែងអនុញ្ញាតឲ្យ មានតែបែរចិញ្ចឹមត្រីដោយមិនមាន លំនៅដ្ឋានរស់នៅអចិន្ត្រៃយ៍ ប៉ុន្តែត្រូវរៀបចំតាមបច្ចេកទេស របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
លោកអភិបាលរងខេត្តថ្លែងថា ការបម្លាស់ទីនេះ ដែលមានព័ត៌មានថា កាត់ដីឲ្យយួន ៤០ហិកតា។ លោកបញ្ជាក់ថា ដីនេះជាដីអនុប្បយោគ គ្មានជនជាតិវៀតណាមណាម្នាក់ មានសិទ្ធិកាន់កាប់ជាកម្មសិទ្ធិទេ ។ បើតាមច្បាប់ភូមិបាលមាត្រា៨ និង៤៤ រូបវ័ន្តបុគ្គល នីតិបុគ្គល ដែលមានសញ្ជាតិជាខ្មែរទេ មានសិទ្ធិជាម្ចាស់កម្មសិទ្ធិ ។ ជនអន្តោប្រវេសន៍វៀតណាម ដែលស្របច្បាប់នោះ មានសិទ្ធិជួលស្នាក់នៅដូច ជនបរទេសសញ្ជាតិដទៃទៀតដែរ មិនមែនមានតែវៀតណាមមួយទេ ជនជាតិដទៃទៀតក៏មានសិទ្ធិជួលដូចគ្នាដែរ ។ ជនជាតិខ្មែរ និងខ្មែរឥស្លាម ដែលស្ម័គ្រចិត្តរើផ្ទះបណ្តែតទឹក ទៅរស់នៅលើដីគោក គឺមានសិទ្ធិទទួលបានដីនោះក្នុង ១គ្រួសារ ៥ម៉ែត្រ គុណ ២០ម៉ែត្រ ចំណែកជនអន្តោប្រវេសន៍វៀតណាម ពុំមានសិទ្ធិទទួលបាន ដីជាកម្មសិទ្ធិទេ គឺត្រូវជួលដីនោះស្នាក់នៅពីម្ចាស់ដី ។ ដី ៤០ហិកតានោះ ជាដីរបស់ឯកជនដែលមានម្ចាស់ឈ្មោះ រស់ ចំរើន ដែលស្ថិតក្នុងភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
លោកអភិបាលរងខេត្តលើកឡើងថាការដាក់ចេញនូវផែនការ បម្លាស់ទីពលរដ្ឋដែលរស់នៅលើផ្ទៃទឹកឡើងមកលើដីគោកវិញ ក៏មានគ្រួសារជនអន្តោប្រវេសន៍វៀតណាមមួយចំនួន បានវិលត្រឡប់ទៅស្រុកកំណើត ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរ រស់នៅលើផ្ទះបណ្ដែតទឹកមានចំនួន ២០៩៦ខ្នងផ្ទះ ស្មើនឹង ២០១០គ្រួសារ មានមនុស្សចំនួន ៩១៦៨នាក់, ខ្មែរឥស្លាមមានចំនួន ៧៣ខ្នងផ្ទះ ស្មើនឹង៧៣គ្រួសារ មានមនុស្សចំនួន ២៤២នាក់ ។ ដោយឡែកជនអន្តោប្រវេសន៍ វៀតណាមមានចំនួន ១៦៨២ខ្នងផ្ទះ ស្មើនឹង ២៥៨០គ្រួសារ មានមនុស្សចំនួន ១០៣១១នាក់ ៕