ឆ្លើយតបចុងក្រោយ ចំពោះរបាយការណ៍ របស់គណៈកម្មការអឺរ៉ុប អំពីការរកឃើញ និងសន្និដ្ឋាន ពាក់ព័ន្ធនឹងនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធEBA
ភ្នំពេញ៖ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ពាក់ព័ន្ធនឹងការ ប្រគល់ជូនគណៈកម្មការអឺរ៉ុប នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នូវការឆ្លើយតបចុងក្រោយរបស់ខ្លួន ចំពោះរបាយការណ៍ របស់គណៈកម្មការអឺរ៉ុប អំពីការរកឃើញ និងសន្និដ្ឋាន ពាក់ព័ន្ធនឹងនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធ ជាបណ្តោះអាសន្នដែល បានផ្តល់ឲ្យព្រះរាជាណាចក្រកម្ពុជា ក្រោមកម្មវិធី “គ្រប់មុខទំនិញលើកលែងសព្វាវុធ-EBA”។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី១២ខែធ្នូឆ្នាំ២០១៩នេះ បានឲ្យដឹងថា
អនុលោមតាមនីតិវិធីរបស់សហភាពអឺរ៉ុប រាជរដ្ឋាភិបាលកម្ពុជាមានភារកិច្ចប្រគល់ជូនគណៈកម្មការអឺរ៉ុប នៅថ្ងៃ
ទី១២ ខែធ្នូ ឆ្នាំ២០១៩ នូវការឆ្លើយតបចុងក្រោយរបស់ខ្លួនចំពោះរបាយការណ៍របស់គណៈ
កម្មការអឺរ៉ុប អំពីការរកឃើញ និងសន្និដ្ឋានពាក់ព័ន្ធនឹងនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធជាបណ្តោះអាសន្ន
ដែលបានផ្តល់ឲ្យព្រះរាជាណាចក្រកម្ពុជា ក្រោមកម្មវិធី “គ្រប់មុខទំនិញលើកលែងសព្វាវុធ-EBA”។
សេចក្តីឆ្លើយតបចុងក្រោយនេះ គឺជារបាយការណ៍គ្រប់ជ្រុងជ្រោយអំពីសកម្មភាព និងវិធានការណ៍នានា
ដែលរាជរដ្ឋាភិបាលបានអនុវត្តឆ្លើយតបទៅនឹងបញ្ហាទាំងឡាយ ដែលជាការព្រួយបារម្ភរបស់គណៈ
កម្មការអឺរ៉ុប ជាអាទិ៍រួមមានការគោរពសិទ្ធិក្នុងការចូលរួមនយោបាយ សិទ្ធិដីធ្លី សេរីភាពបញ្ចេញមតិ
និងសេរីភាពបង្កើតសមាគម ជាដើម។
ក្នុងចន្លោះពេលដែលគណៈកម្មការអឺរ៉ុប ចេញសេចក្តីសម្រេចចុងក្រោយរបស់ខ្លួន នៅខែកុម្ភៈ ឆ្នាំ២០២០
ខាងមុខនេះ រាជរដ្ឋាភិបាលសង្ឃឹមថា គណៈកម្មការអឺរ៉ុបនឹងធ្វើការពិចារណាលើកិច្ចខិតខំប្រឹងប្រែង
ប្រកបដោយសុឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តរាល់អនុសញ្ញាអន្តរជាតិទាំងអស់ ក្រោម
លក្ខខណ្ឌអនុគ្រោះពន្ធ “គ្រប់មុខទំនិញលើកលែងសព្វាវុធ-EBA ដែលអាចផ្តល់ផលប៉ះពាល់សង្គម
ដល់កម្មការិនីប្រមាណជិតមួយលាននាក់ និងផលប៉ះពាល់ដោយប្រយោលដល់ក្រុមគ្រួសារសាច់ញាតិ
ដែលរស់នៅពឹងផ្អែកលើប្រាក់ឈ្នួលរបស់ពួកគេ រួមទាំងការគោរពនូវគោលការណ៍អធិបតេយ្យភាព
និងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា៕