ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ចាត់ទុកប៉ុស្ដិ៍នគរបាលរដ្ឋបាល ជាប្រតិបត្តិការនៅជាប់ផ្ទាល់ជាមួយពលរដ្ឋ និងជាកម្លាំងបង្អែកក្នុងការអនុវត្តគោលនយោបាយ «ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព»

15

ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាត់ទុកប៉ុស្ដិ៍នគរបាលរដ្ឋបាល គឺជាប្រតិបត្តិការនៅជាប់ផ្ទាល់ជាមួយប្រជាពលរដ្ឋ និងជាកម្លាំងបង្អែកដ៏សំខាន់ ក្នុងការអនុវត្តនូវគោលនយោបាយ «ភូមិ ឃុំសង្កាត់មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល។
ក្នុងអញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃបដិសន្ធិកងកម្លាំងនគរបាលជាតិ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឲ្យមានការកែសម្រួលការប្រើប្រាស់ក្របខ័ណ្ឌនគរបាលនៅថ្នាក់កណ្តាល ឲ្យបានសមស្រប ដោយទម្លាក់ក្របខ័ណ្ឌទៅឲ្យថ្នាក់មូលដ្ឋានឲ្យបានច្រើន។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមឲ្យមានការកែសម្រួលការប្រើប្រាស់ក្របខ័ណ្ឌនគរបាលនៅថ្នាក់កណ្តាល ឲ្យបានសមស្រប ដោយទម្លាក់ក្របខ័ណ្ឌទៅឲ្យថ្នាក់មូលដ្ឋានឲ្យបានច្រើន ដោយសារប៉ុស្តិ៍នគរបាលរដ្ឋបាល គឺជាប្រតិបត្តិករនៅជាប់ផ្ទាល់ជាមួយប្រជាពលរដ្ឋ និងជាកម្លាំងបង្អែកក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំសង្កាត់មានសុវត្ថិភាព»។
បន្ថែមពីនេះ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យបន្តយកចិត្តទុកដាក់អនុវត្តការកែទម្រង់នគរបាលជាតិ ឲ្យបានស៊ីជម្រៅថែមទៀត ដោយផ្តោតលើការបណ្តុះបណ្តាលបង្កើនសមត្ថភាព, ច្បាប់, ជំនាញ, ភាសា និងបច្ចេកវិទ្យាព័ត៌មាន ដើម្បីមានសមត្ថភាពក្នុងការបំពេញមុខងារក្នុងយុគសម័យឌីជីថល ប្រកបដោយវិជ្ជាជីវៈ, សីលធម៌, គុណធម៌ និង ទទួលបានជំនឿទុកចិត្តពីប្រជាពលរដ្ឋ។
លើសពីនេះ ត្រូវបន្តជំរុញ និងលើកកម្ពស់តួនាទីស្នូលរបស់កងកម្លាំងនគរបាលជាតិ ក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំសង្កាត់មានសុវត្ថិភាព» ឲ្យកាន់តែសកម្ម និងស៊ីជម្រៅគ្រប់ទីកន្លែង ដោយតម្កល់ផលប្រយោជន៍ប្រជាជន និងឧត្តមប្រយោជន៍ជាតិខ្ពស់ជាងអ្វីៗទាំងអស់។ នេះបើតាមអ្វីដែលសម្ដេចមហាបវរធិបតី បានគូសបញ្ជាក់បន្ថែម។
ព្រមពេលជាមួយគ្នានោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តដល់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បន្តពង្រឹងរបៀបរបបការងារនគរបាល និងសហគមន៍ដែលជាវិធានចលករដ៏សំខាន់ ក្នុងការកៀរគរការគាំទ្ររបស់ប្រជាពលរដ្ឋចូលរួមកាន់តែខ្លាំងក្លា ដើម្បីបង្ការទប់ស្កាត់ឲ្យបានជាអតិបរមាចំពោះ បទល្មើសគ្រប់ប្រភេទ ដែលប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ, ដូចជា អំពើលួច, ឆក់ប្លន់, អំពើជួញដូរ ចែកចាយគ្រឿងញៀនខុសច្បាប់, បទល្មើសបច្ចេកវិទ្យាព័ត៌មានទំនើប, អំពើជួញដូរមនុស្ស, ក្មេងទំនើង, អំពើហិង្សាក្នុងគ្រួសារ ដើម្បីឲ្យសង្គមជាតិមានវិបុលសុខប្រកបដោយចីរភាព។
សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានណែនាំឲ្យពង្រឹង និងលើកកម្ពស់ការផ្តល់សេវារបស់កងកម្លាំងនគរបាលជាតិ ឲ្យកាន់តែមានភាពសាមញ្ញ, លឿន រហ័ស, តម្លាភាព និងគណនេយ្យភាព សំដៅឆ្លើយតបប្រកបដោយ ប្រសិទ្ធភាពទៅនឹងសំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេល រួមទាំង ការផ្តល់សេវាក្នុងការរក្សាសន្តិសុខ, សុវត្ថិភាព និង សេវាចាំបាច់នានា ដូចជា សេវាលិខិតស្នាម ក្នុងដែនសមត្ថកិច្ចរបស់នគរបាល ជាដើម។
ជាមួយគ្នានេះ សម្ដេចក៏បានណែនាំឲ្យកងកម្លាំងនគរបាលជាតិ បង្កើនកិច្ចសហការឲ្យកាន់តែជិតស្និទ្ធជាមួយកងយោធពលខេមរភូមិន្ទ ការពារឲ្យបានគង់វង្សសន្តិភាព ដែលជាមរតកនៃនយោបាយ «ឈ្នះឈ្នះ» ការពារអធិបតេយ្យជាតិ បូរណភាពទឹកដី, កសាងឲ្យបានតំបន់ព្រំដែនសន្តិភាព, មិត្តភាព, សហប្រតិបត្តិការ ការអភិវឌ្ឍ និងប្រឆាំងទប់ស្កាត់អានុភាពអមិត្ត ប្រើប្រាស់ទឹកដីម្ខាង ដើម្បីប្រឆាំងទឹកដីម្ខាងទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង