ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីជំរុញអាជ្ញាធរខេត្តកំពង់ស្ពឺរំលេចអត្តសញ្ញាណនិងសក្តានុពលខេត្តឲ្យកាន់តែលេចធ្លោ, សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវបណ្ណាល័យមរតកក្រមង៉ុយទាំងពីរទីតាំងនៅស្រុកបសេដ្ឋ

17

កំពង់ស្ពឺ៖ឯកឧត្ដមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានជំរុញ និងលើកទឹកចិត្តដល់អាជ្ញាធរខេត្តកំពង់ស្ពឺ ឲ្យបន្តគិតគូរ និងរំលេចបន្ថែមនូវអត្តសញ្ញាណ សក្តានុពល និងលក្ខណៈពិសេសរបស់ខេត្ត ដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងជំរុញការអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែរីកចម្រើនទ្វេដង។

ការថ្លែងបែបនេះ របស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ «បណ្ណាល័យមរតកក្រមង៉ុយ» ចំនួន២ទីតាំង ស្ថិតក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦។

ថ្លែងក្នុងពិធី ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងពីចំណុចខ្លាំងចម្បងៗមួយចំនួន ដែលជាសក្តានុពលស្នូល របស់ខេត្តកំពង់ស្ពឺ ដោយថ្នាក់ដឹកនាំ និងអាជ្ញាធរពាក់ព័ន្ធត្រូវយកចិត្តទុកដាក់រំលេចបន្ថែម រួមមាន៖

-វិស័យទេសចរណ៍ដ៏ទាក់ទាញ៖ ខេត្តកំពង់ស្ពឺមានតំបន់ទេសចរណ៍សរុបចំនួន ២៩កន្លែង ដែលកំពុងពេញនិយម ពិសេសរមណីយដ្ឋានធម្មជាតិល្បីៗដូចជា ភ្នំខ្នងផ្សារ និងឧទ្យានជាតិព្រះមុនីវង្ស «ភ្នំគិរីរម្យ» រួមទាំងការផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍ «បុណ្យភ្នំ» ដែលជាមេដែកដ៏សំខាន់ក្នុងការស្រូបទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ

-អត្តសញ្ញាណម្ហូបអាហារ៖ ការលើកស្ទួយអត្តសញ្ញាណវប្បធម៌ និងជីវភាពរស់នៅ តាមរយៈការច្នៃប្រឌិតមុខម្ហូប និងចំណីអាហារឈ្ងុយឆ្ងាញ់ ដែលប្រើប្រាស់វត្ថុធាតុដើមពី ដើមត្នោត និងផ្លែត្នោត ដែលជានិមិត្តរូប ដ៏លេចធ្លោប្រចាំខេត្ត

-កំណើនរោងចក្រ និងសហគ្រាស៖ ការទាញយកអត្ថប្រយោជន៍ពីសក្តានុពលសេដ្ឋកិច្ច ដែលបច្ចុប្បន្នខេត្តមានរោងចក្រ និងសហគ្រាសសរុបរហូតដល់ទៅ១,៦៤២មូលដ្ឋាន កំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតការងារ និងបង្កើនចំណូលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

-ការអភិវឌ្ឍមូលធនមនុស្ស៖ អ្វីដែលជាមោទនភាពបំផុតនោះគឺ ខេត្តកំពង់ស្ពឺ ជាទឹកដីកំណើតរបស់ សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលជាឥស្សរជនជាន់ខ្ពស់ផ្នែកអក្សរសាស្ត្រជាតិ។ ឈរលើប្រវត្តិសាស្ត្រ ដ៏ត្រចះត្រចង់នេះ ការកសាងធនធានមនុស្ស គឺជាកិច្ចការអាទិភាពដែលត្រូវបន្តជំរុញ។

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបន្ថែមថា ការសម្ពោធសមិទ្ធផល «បណ្ណាល័យមរតកក្រមង៉ុយ» ទាំង ២ទីតាំងនៅស្រុកបសេដ្ឋនាថ្ងៃនេះ មិនត្រឹមតែជាការអបអរសាទរ ចំពោះហេដ្ឋារចនាសម្ព័ន្ធរូបវន្តថ្មីប៉ុណ្ណោះទេ ប៉ុន្តែគឺជាសក្ខីភាពមួយបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តក្នុងការបណ្តុះបណ្តាលមូលធនមនុស្ស និងការបន្តវេនថែរក្សាមរតកបញ្ញាញាណរបស់បុព្វបុរសខ្មែរ សម្រាប់កូនចៅជំនាន់ក្រោយ ស្របតាមចក្ខុវិស័យ ក៏ដូចជាការគិតគូរលើវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។

នាថ្ងៃដដែលនេះដែរឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ បណ្ណាល័យមរតកក្រមង៉ុយ ទាំងពីរទីតាំង ស្ថិតក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

អង្គពិធីទាំងមូលមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះថេរានុត្ថេរៈ សមាជិក សមាជិការដ្ឋសភា និងសមាជិករាជរដ្ឋាភិបាល ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត លោក លោកស្រី មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សប្បុរសជន បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងក្មួយៗសិស្សានុសិស្ស សរុបអ្នកចូលរួមចំនួន ៩២២នាក់។

អង្គពិធីទាំងមូលកំពុងស្ដាប់យ៉ាងយកចិត្តទុកដាក់នូវរបាយការណ៍វឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលមានការរីកចម្រើនជាបន្តបន្ទាប់ក្នុងបរិបទ នៃការរីកលូតលាស់សេដ្ឋកិច្ចខេត្តទាំងមូល និងការរីកលូតលាស់វិស័យសង្គម អប់រំ សាសនា និងការរីកចម្រើននៃសេវាសង្គមនៅគ្រប់មូលដ្ឋានក្នុងខេត្តកំពង់ស្ពឺ ក្រោមការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋានខេត្ត និងការងារអភិបាលកិច្ចរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា៕

អត្ថបទដែលជាប់ទាក់ទង