ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ឌី រ័ត្នខេមរុណ បន្តចុះជួបសួរសុខទុក្ខផ្តល់អំណោយមនុស្សធម៍ ជូនគ្រួសារជួបជីវភាពខ្វះខាត ចាស់ជរា ជនគ្មានទីពឹង អ្នកផ្ទុកមេរោគអេដស៍ នៅសង្កាត់បឹងទំពុនទី១

94

 

ភ្នំពេញ ៖ នៅវេលាម៉ោង ១៤៖៣០នាទីរសៀល ថ្ងៃ សុក្រ ២រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩នេះ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្រីក្រ ជនចាស់ជរា ជនគ្មានទីពឹង ចំនួន ២០គ្រួសារ រស់នៅក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និង ក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែ គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាកជនរងគ្រោះ ជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ជាមួយគ្នានេះ លោកប្រធានអនុសាខា ក៏បានលើកឡើងនូវបញ្ហាសុខភាព ជាក់ស្ដែងបច្ចុប្បន្នប្រទេសកម្ពុជាយើងកំពុងមានអាកាសធាតុ ត្រជាក់ខ្លាំង ដូច្នេះលោកប្រធានអនុសាខា បាន​អំពាវ​នាវ​ឲ្យបងប្អូនដែលរស់នៅក្នុងមូល​ដ្ឋាន​ ខណ្ឌ​មានជ័យ​ ទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះថាខែនេះជាខែធ្លាក់ខ្យល់ត្រជាក់ សូមបងប្អូនប្រុងប្រយ័ត្នខ្ពស់ពីបញ្ហាសុខភាព ។

អំណោយដែលទទួលបានក្នុងមួយគ្រួសារៗ រួមមាន ៖ អង្ករ ១បាវ ៣០គីឡូ, មីម៉ាម៉ា ១កេស, ទឹកសុទ្ធ ១កេស, ស្ករស ១គីឡូ រួមទាំងថវិកាចំនួន​ ២០,០០០រៀល ក្នុងមួយគ្រួសារផងដែរ៕

អត្ថបទដែលជាប់ទាក់ទង