ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចមហាបវរធិបតី៖ «ទ្រឹស្ដីឲ្យសន្ទូច» គឺបង្រៀនឲ្យមនុស្សចេះរស់ដោយខ្លួនឯងនិងចេះច្នៃប្រឌិតកុំរង់ចាំគេផ្ដល់ឲ្យ

10

ភ្នំពេញសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់យ៉ាងច្បាស់អំពីសារៈសំខាន់នៃទ្រឹស្ដី «ឲ្យសន្ទូច» ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការបង្រៀនមនុស្សឲ្យចេះរស់នៅដោយខ្លួនឯង ចេះច្នៃប្រឌិត និងមិនរង់ចាំការផ្ដល់ឲ្យពីអ្នកដទៃ។ 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៣០ឆ្នាំ នៃអង្គការដើម្បីភាពញញឹម នៃកុមារ (PSE) និងប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិត សម្រាប់ឆ្នាំសិក្សា២០២១-២០២៤ ចំនួន ៥០០នាក់ (ស្រី៣១៩នាក់) ក្នុងកម្រិតបរិញ្ញាបត្របច្ចេកទេស សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣ (C3)។

នាឱកាសនោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា ពាក្យមួយដែលថា យើងឱ្យសន្ទួចហើយរៀនចាប់ត្រីដោយខ្លួនឯង ពាក្យនេះសំខាន់ណាស់ ចាប់ផ្តើមឡើងពីការឱ្យត្រី ដែលមនុស្សកំពុងតែលំបាកឱ្យអាហារហូបសិន ហើយយើងឱ្យរៀនដើម្បីមានសមត្ថភាពចិញ្ចឹមខ្លួនឯង នេះគឺជាក្ខុវិស័យដ៏ត្រឹមត្រូវ ដើម្បីចីរភាព និងនិរន្តរភាព។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា យើងមិនអាចត្រឹមតែឱ្យអាហារតែប៉ុណ្ណោះទេ ប៉ុន្តែការកសាងធន់ធានមនុស្សដែលមានសមត្ថភាព និងភាពម្ចាស់ការ, ការឱ្យសន្ទូចមិនមែនត្រឹមតែមានលទ្ធភាពរស់បានឱ្យខ្លួនឯងទេ ប៉ុន្តែអ្វីដែលសំខាន់គឺផ្នត់គំនិត «បើឱ្យត្រីអត់ខំប្រឹងទេ ដឹងតែដល់ពេលបានគេយកមកឱ្យប៉ុណ្ណឹងមិនដឹងធ្វើអីទៀត» ប៉ុន្តែបើឱ្យសន្ទួចគឺបណ្តុះផ្នត់គំនិតម្ចាស់ការខ្លួនឯង រៀនច្នៃប្រឌិតខ្លួនឯង កុំរង់ចាំគេផ្តល់ឱ្យ កុំរង់ចាំដល់គេប្រាប់ថាធ្វើអី? បើយើងមានមូលដ្ឋានខ្លួនឯង មានសមត្ថភាពហើយ ត្រូវចេះបំប្លែង និងច្នៃប្រឌិតសមត្ថភាពខ្លួនឯង និងចេះរកអ្វីដែលថ្មីៗ ទើបយើងអាចទទួលបានជោគជ័យ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា «ទ្រឹស្ដីនៃការ«ឲ្យសន្ទូច» មិនមែនត្រឹមតែចេះរកដោយខ្លួនឯងនោះទេ គឺបានបណ្តុះគំនិតធំបំផុត គឺការរៀនរស់ដោយខ្លួនឯង ម្ចាស់ការដោយខ្លួនឯង និងមិនរំពឹងតែគេផ្តល់ឱ្យនោះទេ ហើយនៅពេលដែលមនុស្សចាប់ផ្តើមម្ចាស់ការ ចេះច្នៃខ្លួនឯង ចេះតស៊ូដោយខ្លួនឯង នេះហើយគឺជាការវិវឌ្ឍន៍ ហើយយើងមិនត្រូវរង់ចាំតែគេផ្តល់ឱ្យនោះទេ»។

សម្តេចមហាបវរធិបតី បានបន្ថែមថា ទ្រឹស្ដី «ឲ្យសន្ទូច» មិនមែនត្រឹមតែជាពាក្យស្លោកប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាទស្សនវិជ្ជាដ៏ជ្រាលជ្រៅមួយ ដែលជំរុញឲ្យបុគ្គលម្នាក់ៗមានសមត្ថភាពក្នុងការស្វែងរកដំណោះស្រាយដោយខ្លួនឯង និងបង្កើតឱកាសសម្រាប់ខ្លួនឯង។ សម្ដេចធិបតី បានពន្យល់ថា ការផ្ដល់ត្រីមួយក្បាល អាចជួយឲ្យមនុស្សម្នាក់រស់បានមួយថ្ងៃ ប៉ុន្តែការផ្ដល់សន្ទួច និងបង្រៀនពីរបៀបស្ទូចត្រី នឹងជួយឲ្យគេអាចចិញ្ចឹមជីវិតបានមួយជីវិត៕

អត្ថបទដែលជាប់ទាក់ទង