ការប្រើគ្រឿងចក្រទំនើបខួងដី(ជែកឃីង) ជម្រៅ៨ម៉ែត្រដាក់លូស្វ័យប្រវត្តិដោយមិនបាច់ប្រើប្រាស់មនុស្សបានបញ្ចប់ជំហានទី១ហើយ

ភ្នំពេញ៖គិតមកដល់ពេលនេះការប្រើប្រាស់បច្ចេកវិទ្យាថ្មីដោយប្រើគ្រឿងចក្រទំនើបខួងដី(ជែកឃីង)ដាក់លូស្វ័យប្រវត្តិដោយមិនបាច់ប្រើប្រាស់មនុស្សចុះទៅក្នុងការដ្ឋានក្រោមដីបានបញ្ចប់ជំហានទី១ហើយដែលមានប្រវែង៣០០ម៉ែត្រ។
លោកជូម៉េងទ្រីអនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងថាគម្រោងនៃការប្រើប្រាស់បច្ចេកវិទ្យាថ្មីជំហានទី១នេះមានប្រវែង៣០០ម៉ែត្រដោយចាប់ផ្តើមពីមុខវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនវត្តភ្នំខណ្ឌដូនពេញរហូតដល់ផ្លូវលេខ៧០(ទំនប់ទួលគោក)កាត់ក្រោមរង្វង់មូលគួចកាណុង។គិតមកដល់ពេលនេះគម្រោងជំហានទី១នេះបានបញ្ចប់ហើយហើយក្រុមការងារនិងបន្តជំហានទី២នៅក្នុងខែធ្នូនេះដោយចាប់ផ្តើមពីមុខវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនវត្តភ្នំខណ្ឌដូនពេញរហូតដល់មុខស៊ីឌីស៊ីមានប្រវែងជាង១០០០ម៉ែត្រ។
គួរបញ្ជាក់ថាបច្ចេកវិទ្យាថ្មីដោយប្រើគ្រឿងចក្រទំនើបដោយខួងដី(ជែកឃីង)នេះបានចាប់ផ្ដើមបើកការដ្ឋានអោយដំណើរការកាលពីព្រឹកថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៩នៅមុខវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនវត្តភ្នំខណ្ឌដូនពេញក្រោមវត្តមានលោកសាំពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញតំណាងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជានិងតំណាងអង្គការចៃកា។
គម្រោងខួងដី(ជែកឃីង)ដាក់លូស្វ័យប្រវត្តិដោយមិនបាច់ប្រើប្រាស់មនុស្សចុះទៅក្នុងការដ្ឋានក្រោមដីនេះទើបតែមានជាលើកទី១នៅរាជធានីភ្នំពេញហើយជាគម្រោងនិងខួងដី(ជែកឃីង) ដាក់លូជាស្វ័យប្រវត្តិនៅក្រោមដីនេះលើចម្ងាយផ្លូវប្រវែង១៥៦០ម៉ែត្រក្នុងជម្រៅក្រោមដី៨ម៉ែត្រ។
ការប្រើប្រាស់បច្ចេកវិជ្ជាថ្មីមួយនេះវាមិនរំខានទៅដល់ការកកស្ទះចរាចរណ៍និងប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធនានានោះទេព្រោះវាខួងនៅក្រោមដីជម្រៅរហូតដល់៨ម៉ែត្រហើយនេះក៏ជាគម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញជំហានទី៤របស់ចៃកាផងដែរដែលគម្រោងនេះរដ្ឋបាលរាជធានីភ្នំពេញជាម្ចាស់អ្នកអនុវត្តគម្រោងគឺមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញទីប្រឹក្សាបច្ចេកទេសក្រុមហ៊ុនស៊ីធីអាយវិស្វកម្មអន្តរជាតិនិងក្រុមហ៊ុនម៉ៅការសាងសង់ក្រុមហ៊ុនសំណង់ភូអាខបភើរេសិន។
គួរបញ្ជាក់ទៀតថាគម្រោងការពារទឹកជំនន់និងកែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញជំហានទី៤នេះមានទឹកប្រាក់សរុបប្រមាណ៣០លានដុល្លារអាមេរិកដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនJICA ។គម្រោងនេះនឹងត្រូវអនុវត្តការដ្ឋានដូចខាងក្រោមក្នុងនោះរួមមាន៖១–ដាក់បណ្តាញលូមេនៅក្នុងភូមិសាស្ត្រខណ្ឌទួលគោកប្រវែង៨.២គីឡូម៉ែត្រ។២–ដាក់បណ្តាញលូមេនៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញប្រវែង៤.៤គីឡូម៉ែត្រ។៣–សាងសង់អាងស្តុកទឹកក្រោមដីនិងសាងសង់ស្ថានីយ៍បូមទឹកនៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាCDC។
៤–តម្លើងរបាមេកានិចស្វ័យប្រវត្តិដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយ៍បូមទឹកចតុមុខព្រះគន្លង់១ព្រះគន្លង់២និងផ្សារចាស់។៥–ផ្តល់រថយន្តបូមទឹកចល័តចំនួន២គ្រឿង៕