ចាប់ជនល្មើសម្នាក់ ជិះម៉ូតូឆក់ទូរស័ព្ទដៃ

ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា នគរបាលខណ្ឌ បើកប្រតិបត្តិការបង្ក្រាបជាក់ស្តែង ករណីលួចមានស្ថានទម្ងន់ទោសដោយប្រើហឹង្សា (ជិះម៉ូតូឆក់ទូរស័ព្ទដៃ) ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់។
នៅថ្ងៃទី១៣ ធ្នូ ២០១៩ វេលាម៉ោង ២០ សមត្ថកិច្ចនគរបាលខណ្ឌ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ក្នុងចំណោមបក្ខពួក០២នាក់ ពីបទ លួចមានស្ថានទម្ងន់ទោសប្រើអំពើហិង្សា ជិះម៉ូតូឆក់ទូរស័ព្ទដៃ នៅចំណុចផ្លូវលេខ១០៨ កែងផ្លូវលេខ១៩ ភូមិ៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យត្រូវឃាត់ខ្លួនគឺឈ្មោះ ឈិត សុបញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ១១ផ្លូវលេខ៩០៧ ភូមិបឹងសាឡាង សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យកបានមាន ម៉ូតូចំនួន០១គ្រឿង ម៉ាកC125ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1FB 5490 ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព។
ចំណែកជនរងគ្រោះ ឈ្មោះ ស៊ឺម ទ្រី ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្តតាក់ស៊ី មានទីលំនៅផ្ទះលេខ១៤Eo ផ្លូវលេខ៤២៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ចំពោះមុខកម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍ កំពុងប្រើប្រាស់វិធានការជំនាញ សួរចំលើយរកបក្ខពួក និងសកម្មភាព ដែលបានប្រព្រឹត្តកន្លងមក ព្រមទាំងកសាងសំណុំរឿង អនុវត្តន៍តាមនីតិវិធី៕