ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស៊ីម៉ាក់ដាក់ចេញផែនការ កម្ទេចគ្រាប់មីន ឲ្យបាន៤ម៉ឺនគ្រាប់និងរំដោះដីចំការមីនឲ្យបាន១១៦គីឡូម៉ែត្រក្រឡានៅឆ្នាំ២០២០

98

(ភ្នំពេញ)អគ្គនាយកស៊ីម៉ាក់បានឲ្យដឹងថារយៈពេល១២ខែឆ្នាំ២០១៩ស៊ីម៉ាក់បានរកឃើញនិងកម្ទេចចោលគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបជាង៣៦,១៦៥គ្រាប់ក្នុងនោះមានមីនប្រឆាំងមនុស្សចំនួន៥៤១៥គ្រាប់មីនប្រឆាំងរថក្រោះចំនួន៧៥គ្រាប់មីនច្នៃចំនួន១៥គ្រាប់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៣០.៦៦០គ្រាប់។នៅក្នុងប្រតិបត្តិការឆ្នាំ២០១៩ស៊ីម៉ាក់បានរំដោះផ្ទៃដីចំការមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមបានទំហំ៦៦.៩៦៦.៥៤៤ម៉ែត្រក្រឡាលើចំការមីន/ចំការគ្រាប់ចំនួន៤៨៧ទីតាំង។

លោកហេងរតនាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា(ស៊ីម៉ាក់) តាមរយៈផេកហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២៦ធ្នូនេះថាការអនុវត្តន៍ផែនការឆ្នាំ២០២០ដោយរំដោះផ្ទៃដីមានមីននិងគ្រាប់ចំនួន១១៦គីឡូម៉ែត្រក្រឡានិងកម្ទេចគ្រាប់មីនឲ្យបាន៤ម៉ឺនគ្រាប់។

លោកហេងរតនាបានបញ្ជាក់ថាផែនការសមាហរណកម្មបោសសម្អាតមីន២០២០របស់អង្គភាពស៊ីម៉ាក់មានគោលដៅសំខាន់ៗដូចខាងក្រោម៖

១៖កិច្ចប្រតិបតិ្តការរំដោះផ្ទៃដីចំការមីន/ចំការគ្រាប់ចំនួន១១៦គីឡូម៉ែត្រក្រឡាក្នុងនោះមានចំការមីនចំនួនប្រមាណ៧៩គីឡូម៉ែត្រក្រឡានិងចំការគ្រាប់ចំនួន៣៨គីឡូម៉ែត្រក្រឡា។នៅចំពោះមុខនេះមានការបញ្ជាក់គំរោងចាប់ផ្តើមអនុវត្តបានមានចំនួនជាង៨០គីឡូម៉ែត្រក្រឡាហើយនៅសល់៣៦គីឡូម៉ែត្រក្រឡាកំពុងរង់ចាំនិងស្វែងរកដៃគូជំនួយដើម្បីគាំទ្រផែនការនេះដើម្បីសំរេចបានគោលដៅរំដោះដី១១៦គីឡូម៉ែត្រក្រឡានេះត្រូវការកំលាំងជំនាញសរុបជាង១៦០០នាក់។កំលាំងអន្តរាគមន៍កម្ទេចចោលគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមអាចកំទេចគ្រាប់ចំនួនប្រមាណ៤០,០០០គ្រាប់និងត្រូវឆ្លើយតបតាមសំណើសុំអន្ដរាគមន៍បន្ទាន់ៗចំនួន៥០០០ករណី។

២៖ការងារអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន៖អង្គភាពស៊ីម៉ាក់នឹងបន្ដពង្រឹងកិច្ចសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិនិងអាជ្ញាធរមូលដ្ឋានដើម្បីហ្វឹកហ្វឺនពង្រីកបណ្ដាញស្ម័គ្រចិត្តតាមមូលដ្ឋាននៅទូទាំងប្រទេសដែលត្រូវប្រព្រឹតិ្តទៅ១២,០០០លើកមានចំនួន១០០,០០០ខ្នងផ្ទះមានមនុស្សរាយចំនួន៧០ម៉ឺននាក់។

៣៖ការងារស្រាវជ្រាវព័ត៌មានចម្ការមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម៖បន្ដខិតខំកៀរគរជំនួយដើម្បីបញ្ចប់ការងារស្រាវជ្រាវព័ត៌មានកម្រិតមូលដ្ឋានឲ្យបានចប់ក្នុងក្របខ័ណ្ឌទូទាំងប្រទេសស្របតាមផែនការយុទ្ធសាស្រ្ដរបស់អាជ្ញាធរមីន។សូមបញ្ជាក់ថាតំបន់ដែលមិនទាន់បានចុះស្រាវជ្រាវព័ត៌មានភាគច្រើនជាតំបន់គ្រាប់បែកចង្កោមនិងសំណល់ជាតិផ្ទុះពីសង្គ្រាមដែលបច្ចុប្បន្ននេះកម្លាំងស្រាវជ្រាវអង្គភាពស៊ីម៉ាក់មានចំនួន១២ក្រុមអាចបន្ដបំពេញភារកិច្ចនេះតាមសំណូមពរបាន។ក្នុងឆ្នាំ២០២០កំលាំងអាចស្រាវជ្រាវលើចំនួន៨០០ភូមិ។

៤៖ការងារហ្វឹកហ្វឺន៖នឹងសហការផ្ដល់ការហ្វឹកហ្វឺនដល់កងទ័ពជើងគោកដើម្បីរួមចំណែកក្នុងភារកិច្ចបោសសម្អាតមីនមានចំនួនប្រមាណ៥០០នាក់ទាំងនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីននិងនៅមូលដ្ឋានកងទ័ពនិងហ្វឹកហ្វឺនអន្តរជាតិដូចជាមកពីប្រទេសអ៊ីរ៉ាក់កូឡុំប៊ីឡាវជាដើមចំនួន៥វគ្គមានសិក្ខាកាមអន្តរជាតិជាង១០០នាក់។

៥៖ការងារពង្រឹងសមត្ថភាពមន្ត្រីការអភិវឌ្ឍនីតិវិធីស្តង់ដារប្រតិបត្តិការនិងការងារសហការកិច្ចការសន្តិសុខនានាជាដើម។ល៕

អត្ថបទដែលជាប់ទាក់ទង