រូបសំណាក់គោបូរៈទី៥នៃប្រាសាទ ព្រះវិហារនឹងលេចជារូបរាងនៅរង្វង់មូលស្រអែម នៅមុនបុណ្យចូលឆ្នាំខ្មែរ ដើម្បីទាក់ទាញភ្ញៀវជាតិ អន្តរជាតិមកដើរលេងកំសាន្តនៅខេត្តព្រះវិហារ







ព្រះវិហារ៖ រូបសំណាក់គោបូរៈទី៥នៃប្រាសាទព្រះវិហារដែលបាននឹងកំពុងសាងសង់ឡើងនៅលើទីតាំងរង្វង់មូលស្រអែម ទីប្រជុំជនឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នឹងលេចចេញជារូបរាងបង្ហាញអោយសាធារណៈជនបានឃើញនៅមុនបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ដើម្បីទាក់ទាញភ្ញៀវជាតិ អន្តរជាតិមកដើរលេងកំសាន្តនៅខេត្តព្រះវិហារ ។
លោកប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ នៅក្នុងឱកាសអញ្ជើញចុះពិនិត្យមើលការសាងសង់រង្វង់មូលស្រអែម នៅថ្ងៃទី០៦ខែមករាឆ្នាំ២០២០នេះ បានជម្រុញអោយក្រុមជាង យកចិត្តទុកដាក់ក្នុងការសាងសង់ ធ្វើយ៉ាងណាអោយសំណង់រង្វង់មូលនេះរួចរាល់មុនឱកាសបុណ្យចូលឆ្នាំថ្មី ហើយប្រកបដោយគុណភាពនិងរចនាបទប្រាសាទព្រះវិហារ។ ចំពោះថវិកា សម្រាប់សាងសង់ លោកនឹងខិតខំគៀងគរសប្បុរសជននានា ដើម្បីផ្គត់ផ្គង់ឲ្យការសាងសង់អាចបន្តទៅមុខទៀត ដោយមិនឲ្យស្ទះនោះទេ។
លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបញ្ជាក់អោយដឹងផងដែរថា ការយឺតយ៉ាវក្នុងការសាងសង់មួយរយះនេះ ដោយសារយើងយកប្លង់សំណង់នេះ ឆ្លងអាជ្ញាធរប្រាសាទព្រះវិហារ ហើយពេលនេះអាជ្ញាធរប្រាសាទព្រះវិហារបានឯកភាពអោយក្រុមការងារសាង់សង់យកទំហំ៧៥ភាគរយនៃតួប្រាសាទដើមហើយ ដូច្នេះការយឺតយ៉ាវកន្លងមកគឺដោយសារបញ្ហានេះឯង ។
លោកបញ្ជាក់ទៀតថា បើយើងធ្វើតូបយាមវិញគឺធ្វើតែមួយថ្ងៃរួចហើយ តែនេះយើងធ្វើរចនាបទដូចប្រាសាទព្រះវិហារ គឺត្រូវការពេលវេលាសិក្សាយូបន្តិចហើយ ដូច្នេះសូមបងប្អូនមេត្តាជ្រាបនិងយោគយល់។
គួរបញ្ជាក់ថា រង្វង់មូលស្រអែមនេះបានធ្វើពិធីបែបសាសនា ក្រុងពាលី បញ្ចុះបឋមសិលាសាងសង់ កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពី លោកមាស សុភា ទេសរដ្ឋមន្រ្តី ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារ ។
រូបសំណាកប្រាសាទព្រះវិហាររង្វង់មូលស្រអែមសាងសង់ឡើង ក្រោមការជ្រោមជ្រែងពីលោក ទេសរដ្ឋមន្រ្តី មាស សុភា, លោក សួស យ៉ារ៉ា តំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ, លោកឧត្ដមសេនីយ៍ឯក ស្រី ឌឹក និងលោក អ៊ុន ចាន់ដា អតីតអភិបាលខេត្តព្រះវិហារ
ព្រមទាំងសប្បុរសជននានាជាច្រើនរូបទៀត ដោយមិនបានប្រើប្រាស់ថវិការបស់ជាតិនោះទេ ។ចំពោះការសាងសង់រូបសំណាក់គោបូរៈទី៥ នៃប្រាសាទព្រះវិហារនេះ គឺមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ជាអ្នកទទួលខុសត្រូវក្នុងការសាងសង់ទាំងស្រុង ក្នុងនោះត្រូវសាងសង់រង្វង់មូលដែលមានអង្កត់ផ្ចិត៤០ម៉ែត្រ រូបសំណាក់គោបូរៈទី៥ នៃប្រាសាទព្រះវិហារ ខ្នាត១លើ២៥ ស្មើនឹង៧៥%នៃតួប្រាសាទព្រះវិហារដើម មានរូបនាគ២ ហើយនៅលើរង្វង់មូលនេះក៏នឹងមានការដាំស្មៅ ផ្កានិងដើមឈើ លម្អរយ៉ាងស្រស់ស្អាត់ផងដែរ ។ ប៉ុន្តែដើមឈើ ដែលត្រូវដាំនោះដាច់ខាតមិនអោយបាំងរូបសំណាក់គោបូរៈទី៥ នៃប្រាសាទព្រះវិហារនេះឡើយ។ នេះ ជាសមិទ្ធផលថ្មីមួយទៀតរបស់ខេត្តព្រះវិហារ បន្ទាប់ពីផ្លូវភ្លោះ និង បុស្បុកលោកតាសួង ។ជាងនេះទៅទៀតចំពោះបណ្តាញគមនាគមន៍វិញ ក៏ត្រូវបានជួសជុលនិងស្ថាបនាឡើងស្អាត មិនមានគ្រលុកសំបុកមាន់ឡើយ ងាយស្រួលក្នុងការធ្វើដំណើរទៅមកក្នុងខេត្តព្រះវិហារ៕