ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រោយមានការបង្ក្រាបបទល្មើសនេសាទតឹងរឹងដោយមានការចូលរួមពីយោធា២ឆ្នាំមកនេះផលត្រីមានកំណើនច្រើន,ត្រូវយកចិត្តទុកដាក់ការអូសលៀសដែលមានចំនួនច្រើនរហូតរាប់តោន, កម្លាំងជំនាញតិចត្រូវបង្ខំឲ្យប្រើកងទ័ពទៅបង្ក្រាបបទល្មើសនេសាទ

15

ស្វាយរៀង៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យបង្កើនការយកចិត្តទុកដាក់ករណីអូសលៀសដែលមានចំនួនច្រើន រហូតដល់រាប់សិបតោនម្ដងៗ ដែលប៉ះពាល់ផលប្រយោជន៍រួមរបស់ប្រជានេសាទ ខណៈកន្លងទៅរាជរដ្ឋាភិបាល ត្រូវបង្ខំចិត្តប្រើប្រាស់កងទ័ពដើម្បីជួយដល់ការងារបង្ក្រាបបទល្មើសនេសាទនេះ។

ក្នុងឱកាសអញ្ជើញជាអធិបតី ប្រារព្ធទិវាមច្ឆជាតិ នៅក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ឲ្យមានការគិតគូឡើងវិញ ក្នុងការប្រើប្រាស់រូបមន្ដរួមយ៉ាងណា ដើម្បីធានាដល់ផលប្រយោជន៍របស់ប្រជានេសាទ ដែលប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រី, កន្លងទៅដោយសារកម្លាំងសមត្ថកិច្ចជំនាញ មានចំនួនមិនអាចបំពេញតម្រូវការគ្រប់គ្រាន់បាននោះ រាជរដ្ឋាភិបាលកម្ពុជា ត្រូវប្រើប្រាស់កម្លាំងកងទ័ពដើម្បីជួយដល់ការងារបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងនោះទាំងលើគោក និងក្នុងទឹក រហូតដល់បញ្ហាព្រំដែនកងទ័ពត្រូវចេញទៅការពារបូរណភាពទឹកដីបន្ថែមទៀត។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «សូមមើលផងការអូសលៀសអូសម្ដង៣០៤០តោនទាំងតូច ទាំងធំខ្ទេចទាំងអស់ ខ្ញុំបញ្ជាឲ្យកងទ័ពជើងគោកប្រចាំនៅទន្លេសាបចេញធ្វើការ។ ឥលូវកងទ័ពជើង២ឆ្នាំនេះ វាយបទល្មើសធនធានធម្មជាតិទាំងទឹក គោក ដល់រឿងព្រំដែនចេញទៅវាយរឿងព្រំដែនការពារទឹកដីទៀត។ ចូលរួមជាមួយរដ្ឋបាលជលផល ជាមួយសមត្ថកិច្ចផ្សេងៗ ជាមួយសហគមន៍ដើម្បីយើងធ្វើការជាមួយគ្នា រករូបមន្ដណាមួយដែលមានចីរភាព យើងមិនចង់ប្រើកងទ័ព ប្រើកម្លាំងបន្ថែមទៀត»

សម្ដេចមហាបវរធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានយល់ឃើញថា នៅពេលក្រសួង ស្ថាប័នពាក់ព័ន្ធកំណត់រកឃើញនូវរូបមន្ដមួយដែលបញ្ជាក់អំពីការរួមគ្នាទទួលខុសត្រូវ នឹងអាចបង្កើនសមត្ថភាពដល់សហគមន៍ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចមន្ដ្រីជំនាញសម្រាប់គ្រប់គ្រង ប្រសើរជាងយកកងទ័ពទៅបង្ក្រាបបទល្មើសក្នុងទឹក ខណៈកងទ័ពមានភារកិច្ចច្រើនសម្រាប់ទទួលខុសត្រូវ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា គោលដៅរបស់រាជរដ្ឋាភិបាល គឺដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋភាគច្រើន ព្រោះអ្នកដែលមានលទ្ធភាពនេសាទទ្រង់ទ្រាយធំ ហើយលទ្ធភាពអាចបំផ្លាញត្រីកម្រិតខ្ពស់នោះ គឺមានចំនួនតិចដូច្នេះប្រសិនចំនួនតិចនោះប្រព្រឹត្តខុសច្បាប់ត្រូវតែបង្ក្រាប ដើម្បីការពារឆ្នាំងបាយ ការពារអាងទឹកដែលមានត្រីកាន់តែច្រើន។

សូមជម្រាបថា ដោយអនុវត្តតាមបទបញ្ជារបស់ប្រមុខនៃរាជរដ្ឋាភិបាល កម្លាំងកងទ័ពបានចូលរួមយ៉ាងសកម្មក្នុងការបង្ក្រាបបទល្មើសធនធានធម្មជាតិ ទាំងលើគោក និងក្នុងទឹក ដែលកន្លងមកបង្ក្រាបបានជាបន្ដបន្ទាប់ និងឈានទៅចាប់ខ្លួនអ្នកប្រព្រឹត្តបទល្មើស ដើម្បីមកផ្ដន្ទាទោសតាមច្បាប់ផងដែរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ក្រោយមានការបង្ក្រាបបទល្មើសនេសាទតឹងរឹងដោយមានការចូលរួមប្រតិបត្តិការ ពីយោធា រយៈពេល ២ឆ្នាំមកនេះផលត្រីមានកំណើនច្រើន។ 

ការថ្លែងបែបនេះរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែង កូន ត្រី ១.៥លានក្បាល ចូលទន្លេវ៉ៃគោ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «ក្នុងរយៈពេលពីរឆ្នាំនេះ បញ្ជាឲ្យកងទ័ពជើងគោកបញ្ចេញកម្លាំង ដាក់ពង្រាយជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ចដែលមានធ្លាប់ប្រតិបត្តិការ ដោយសារទំហំធំ ការកើនឡើងនៃនេសាទ ជាពិសេសការនេសាទខុសច្បាប់ក៏មានច្រើនដែរ។ ការប្រើ ឧប ករ ណ៍នេសាទកាន់តែទំនើបជាពិសេសការឆក់ ក្ដៅឆក់ត្រជាក់ ឬមួយក៏បង់សំណាញ់ ហើយមានអ្នកបំផុសប្រជាពលរដ្ឋឱ្យចេញឆក់ត្រីរាប់រយនាក់ ត្រូររកចាប់ឲ្យបានអ្នកដែលបំផុសហ្នឹង»។

សម្តេចមហាបវរធិបតី បានបញ្ជាក់ថា នៅក្នុងរយៈពេលពីរឆ្នាំមកនេះ យើងឃើញថា ដោយសារការអភិរក្ស ការទប់ស្កាត់នេះបានត្រីឡើង កំណើនត្រីបានឡើង ហើយបញ្ហាតែមួយទេ ត្រីចុះថោក។ ប៉ុន្ដែពេលដែលត្រីឡើងថ្លៃ ឬពេលដែលត្រីខ្សត់ លំបាកទាំងអស់គ្នា បើសិនជាត្រីខ្សត់ សូម្បីតែប្រជានេសាទ ដែលនៅជាប់ទន្លេ ក៏រកត្រីមិនបានផង ហើយអ្នកទិញថ្លៃ ស៊ូសម្បូរត្រី ហើយត្រីថោកចុះ បានរស់ទាំងអស់គ្នា។

សូមបញ្ជាក់ដែរថា យុទ្ធនាការបង្ក្រាបបទល្មើសនេសាទ ដែលបានអនុវត្តយ៉ាងម៉ឺងម៉ាត់ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ គឺជាចំណុចគន្លឹះមួយដែលបានរួមចំណែកយ៉ាងធំធេង ដល់ការកើនឡើងនៃផលត្រី។ តាមរយៈការចូលរួមប្រតិបត្តិការ ពីកងយោធពលខេមរភូមិន្ទ វិធានការទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ រួមមានការប្រើប្រាស់ឧបករណ៍នេសាទហាមឃាត់ ការនេសាទក្នុងតំបន់អភិរក្ស និងការនេសាទហួសកម្រិត ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។ លទ្ធផលនេះបានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តច្បាប់ និងធានានូវនិរន្តរភាពនៃធនធានធម្មជាតិ។

បើតាមប្រភពពីអគ្គនាយកដ្ឋានជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា រយៈពេល៦ខែ ឆ្នាំ២០២៦ បទល្មើសនេសាទនៅកម្ពុជា ត្រូវបានបង្ក្រាបបានជាង ១០០០ករណី ដែលចំនួននេះតិចជាងឆ្នាំ២០២៥ កន្លងទៅ។ ការថយចុះនៃបទល្មើសនេសាទ កើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញ អាជ្ញាធរមានសមត្ថកិច្ច កងរាជអាវុធហត្ថ និងស្ថាប័នពាក់ព័ន្ធ ជាពិសេសគឺការចុះទៅផ្សព្វផ្សាយពីច្បាប់ស្ដីពីជលផលដល់ប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ ពីតំបន់ដែលអាចនេសាទបាន ការប្រើប្រាស់ឧបករណ៍នេសាទតាមច្បាប់កំណត់ជាដើម៕

អត្ថបទដែលជាប់ទាក់ទង