ករណីចោរវាយប្លន់ម៉ូតូ ខំរត់ទៅប្តឹងប៉ូលិស ឲ្យជួយ តែគ្មានអ្នកធ្វើការ ប៉ូលិសជាករណីពាលស៊ីពាលវាយដណ្តើមម៉ូតូគ្នាឯង
ភ្នំពេញ៖ នៅថ្ងៃទី២៥មករា បណ្តាញសង្គម ក៏ដូចជាបណ្តាញសារព័ត៌មាន បានលើកឡើងថា ហួសចិត្តចូលឆ្នាំចិន ចោរវាយប្លន់ម៉ូតូ ខំរត់ទៅប្តឹងប៉ូលិស ឲ្យជួយ តែគ្មានអ្នកធ្វើការសូម្បីម្នាក់។
ពាក់ព័ន្ធនឹងករណីចោទប្រកាន់ខាងលើនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៥មករា បានចេញ
សេចក្តីបកស្រាយបដិសេធទាំងស្រុង ចំពោះសារព័ត៌មានមួយចំនួន ដែលចុះផ្សាយថា ពេលជនរងគ្រោះទៅប្តឹងដល់ប៉ុស្តិ៍មិនមានមន្ត្រីណាម្នាក់នៅសោះ។
ករណីនេះ ជាករណីពាលស៊ីពាល ជនរងគ្រោះក៏ធ្លាប់ប្រព្រឹត្តិបទល្មើស ហើយក៏មានដីការបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការខេត្តកំពង់ស្ពឺផងដែរ ។
ក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏ដូចជាអធិការដ្ឋាននគរបាលខណ្ឌដង្កោ សូមធ្វើបដិសេធ និងបកស្រាយបំភ្លឺ ជូនសាធារណជនឲ្យបានជ្រាបថា ករណីដែលសារព័ត៌មានមួយចំនួនបានចុះផ្សាយថា មានករណីវាយយកម៉ូតូ ដែលកើតហេតុកាលពីវេលាម៉ោង១និង៣០នាទី រំលងអធ្រាត្រ ថៃ្ងទី២៤ ខែមករា ឆ្នាំ ២០២០ នៅចំណុចមុខមណ្ឌលសុខភាពព្រៃវែង ស្ថិតក្នុងភូមិព្រៃវែងខាងលិច សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ថាមិនមានមន្ត្រីប៉ុស្តិ៍ណាម្នាក់នៅប្រចាំការ ដើម្បីទទួលពាក្យបណ្តឹង ។
ជាក់ស្តែង នៅយប់កើតហេតុមានកម្លាំងដែលប្រចាំការ នៅប៉ុស្តិ៍ចំនួន០៣នាក់ ដែលដឹកនាំដោយលោកអនុសេនីយ៍ទោ ផាន សុផុន នាយរងប៉ុស្តិ៍ទទួលការងារយុត្តិធម៌ ពេលទទួលបានព័ត៌មានដូចខាងលើកម្លាំងប៉ុស្តិ៍ដែលនៅជិតៗ រួមទាំងមន្រ្តីប៉ុស្តិ៍ព្រៃវែង បានចេញភ្លាមៗតាមរកមុខសញ្ញា ដោយនៅភូមិសាស្រ្តខណ្ឌដង្កោ មានផ្លូវលំច្រើននិងងងឹត កម្លាំងតាមរកមិនប្រទះសោះ និងឲ្យមន្រ្តីប៉ុស្តិ៍ពងទឹកដែលនៅក្បែរនោះ ដឹកជនរងគ្រោះឈ្មោះ ង៉ុយ សុខដា ភេទប្រុស អាយុប្រហែល៣៤ឆ្នាំ មុខរបរជាងក្រឡឹង រស់នៅភូមិក្រាំងស្បូវ ឃុំមហាសី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទៅមណ្ឌលសុខភាព ដើម្បីលាងរបួស ហើយកម្លាំងប៉ុស្តិ៍ពងទឹក បានប្រាប់ឲ្យជនរងគ្រោះចាំបន្តិច លុះពេលប្រហែល២០នាទីក្រោយ ពេលកម្លាំងប៉ុស្តិ៍បានត្រឡប់មកពីតាមរកជនសង្ស័យវិញ ជនរងគ្រោះខាងលើ ក៏ចាកចេញបាត់ ។
លុះព្រឹកឡើង កម្លាំងយើងបានទាក់ទងទៅ នរគបាលប៉ុស្តិ៍ឃុំមហាសី ដើម្បីទទួលពាក្យបណ្តឹង និង បំភ្លឺពីភិនភាគជនសង្ស័យទាំង៦នាក់ ទើបដឹងថាឈ្មោះ ង៉ុយ សុខដា មានដីកាបង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងខេត្តកំពង់ស្ពឺ ហើយឈ្មោះ ង៉ុយ សុខដា បានគេចចេញពីមូលដ្ឋាន យូរហើយម្យ៉ាងម៉ូតូរបស់ឈ្មោះ ង៉ុយ សុខដា ដែលពាក់ផ្លាកលេខ 1IB.2805 នោះ យើងបានឆែករកអត្តសញ្ញាណ មិនមែនជាកម្មសិទ្ធិរបស់ឈ្មោះខាងលើទេ ជារបស់កម្មសិទ្ធិឈ្មោះ សុខ ឡេង ដែលរស់នៅ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ក្រោយពីប្រមូលព័ត៌មាន និងសាវតារជាតិ ឈ្មោះ ង៉ុយ សុខដា ដែលមានដីកាចាប់ខ្លួន កម្លាំងបានធ្វើការសន្និដ្ឋានថា ករណីខាងលើ ជាករណី ទំនាស់វាយដណ្តើមម៉ូតូគ្នាឯង មិនមែនជាករណីប្លន់នោះទេ ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវតាមរកមុខសញ្ញា ទាំងអស់នោះ ដើម្បីយកមកអនុវត្តន៍តាមនីតិវិធី ។
ជាច្រើនលើកច្រើនសារមកហើយសារព័ត៌មានមួយចំនួន តែងតែចុះផ្សាយជាលក្ខណ:ខុសពីការពិត បំផុសបំផុល និងញុះញង់ ឲ្យមានការស្អប់មកលើសមត្ថកិច្ច ស្របពេលដែលកម្លាំងតាមបណ្តាប៉ុស្តិ៍ខណ្ឌ ប៉ុស្តិ៍ តែងតែប្រចាំការ ២៤ម៉ោង លើ ២៤ម៉ោង ដើម្បីការពារសុខសុវត្ថិភាព និងទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ។
សូមសារព័ត៌មានមួយចំនួនគួរតែសិក្សាស្វែងរកការពិតឲ្យបានច្បាស់ ជាមុនសិន មុននឹងចុះផ្សាយជាសាធារណ: កុំចុះផ្សាយព័ត៌មានមិនពិត ត្រឹមតែចង់ឲ្យផេករបស់ខ្លួនបានល្បី ទទួលបានការចាប់អារម្មណ៍ ទទួលបាន Like and Share ៕