ឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនអញ្ជើញចូលរួមដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៧នៅប្រទេសបារាំង
បារាំង៖ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ បានធ្វើដំណើរអញ្ជើញទៅចូលរួមដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងប៉ារីស ប្រទេសបារាំង។
កិច្ចប្រជុំវិសាមញ្ញនេះគឺជាជំហានដ៏សំខាន់នៅក្នុងដំណើរការជ្រើសរើសអគ្គលេខាធិការថ្មី នៃអង្គការ ហ្វ្រង់កូហ្វូនី សម្រាប់អាណត្តិឆ្នាំ២០២៧-២០៣០។ តំណាងសមាជិកអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) នឹងវាយតម្លៃលើចក្ខុវិស័យ និងផែនការសម្រាប់អនាគតរបស់ហ្វ្រង់កូហ្វូនី របស់បេក្ខជនទាំង៤រូប យើងនឹងផ្តល់ អនុសាសន៍ជូនប្រមុខរដ្ឋ/រដ្ឋាភិបាលរៀងៗខ្លួន ដើម្បីជាមូលដ្ឋានក្នុងការសម្រេចជ្រើសរើសបេក្ខជនសមស្រប បំផុតសម្រាប់តំណែងអគ្គលេខាធិការក្នុងឱកាសនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាថ្ងៃទី១៥-១៦ ខែ វិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតពេលអញ្ជើញចូលរួមកិច្ចប្រជុំនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី នឹងជួបពិភាក្សាទ្វេភាគីជាមួយ សមភាគីមកពីរដ្ឋជាសមាជិក OIF មួយចំនួន ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី លើកកម្ពស់កិច្ចសហប្រតិបត្តិការ និងពិភាក្សាអំពីបញ្ហាផ្សេងៗដែលជាប្រយោជន៍រួម៕
