ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដាក់ឧបករណ៍ និងសម្ភារៈបច្ចកទេស ពិនិត្យតាមដានសុខភាពអ្នកដំណើរ ឆ្លងកាត់តាម ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងសៀមរាប ស្វែងរក និងទប់ស្កាត់ ជំងឺឆ្លងរាតត្បាត

85

 

 

បន្ទាយមានជ័យ៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ប្រតិភូក្រសួង

ទេសចរណ៍ ដឹកនាំដោយ លោក បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួង

ទេសចរណ៍ បានអញ្ជើញ ទៅពិនិត្យទីតាំង ដែលត្រូវត្រៀមរៀបចំដាក់ឧបករណ៍ និងសម្ភារៈបច្ចកទេស ពិនិត្យតាមដានសុខភាពអ្នកដំណើរ ឆ្លងកាត់តាម ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងសៀមរាប  ក្នុងគោលបំណងស្វែងរក និងទប់ស្កាត់ ត្រៀមឆ្លើយតបទៅនឹងជំងឺឆ្លងរាតត្បាត ដែលអាចកើតមានឡើងជាយថាហេតុ នៅចំណុចច្រកចូល គល់ស្ពានមិត្តភាពកម្ពុជា-ថៃ ។

 

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍  ឱ្យដឹងថា តាមការបញ្ជាក់របស់មន្ត្រីសុខាភិបាល គិតត្រឹមថ្ងៃអាទិត្យនេះ កម្ពុជាមិនទាន់ជួបប្រទះអ្នកដំណើរ ឬទេសចរណាម្នាក់ ត្រូវបានសង្ស័យថាឆ្លងជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី កូរ៉ូណាវីរុស នៅឡើយទេ។

 

តាមរយៈការចុះត្រួតពិនិត្យ និងការសាកសួរពីមន្ត្រីនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប លោករដ្ឋមន្ត្រីបានសង្កេតឃើញ និងទទួលបានព័ត៌មានថា ចំនួនភ្ញៀវទេសចរមានការថយចុះជាងប៉ុន្មានថ្ងៃមុន ដែលមិនទាន់មានការផ្ទុះឡើងនូវជំងឺនេះនៅប្រទេសចិន ព្រោះប្រទេសចិនក៏បានហាមឃាត់ប្រជាជនខ្លួននៅទីក្រុងវូហាន (Wuhan) មិនឱ្យធ្វើដំណើរចេញក្រៅប្រទេសដែរ។ ប្រសិនបើជំងឺនៅតែរីករាលដាល ភ្ញៀវទេសចរអន្តរជាតិនឹងកាត់បន្ថយការចេញទស្សនាក្រៅប្រទេសរបស់ខ្លួន។

លោករដ្ឋមន្ត្រីបានបញ្ជាឱ្យសេនាធិការកោះប្រជុំគ្រប់ផ្នែកពាក់ព័ន្ធ រួមទាំងផ្នែកឯកជនបន្ទាន់ ដើម្បីបន្តជំរុញចលនាទេសចរណ៍ក្នុងស្រុកឱ្យបានកាន់តែខ្លាំងថែមទៀត និងដើម្បីកាត់បន្ថយផលប៉ះពាល់ធ្ងន់ធ្ងរដល់ផ្នែកអាជីវកម្ម និងឧស្សាហកម្មទេសចរណ៍ ដូចដែលកម្ពុជាធ្លាប់ជួបប្រទះ និងបានរួមគ្នាទប់ស្កាត់នៅពេលមានការផ្ទុះឡើងនូវជំងឺ SARS ក្នុងពិភពលោកកាលពីឆ្នាំ២០០៣។

 

លោកបានបន្តថា ការជំរុញចលនាទេសចរណ៍ក្នុងប្រទេសនេះ គឺជាវិធានការមួយដ៏សំខាន់ដែលអង្គការទេសចរណ៍ពិភពលោកទទួលស្គាល់ ក្នុងពេលដែលវិស័យទេសចរណ៍ត្រូវទទួលរងនូវផលប៉ពាល់ពីជំងឺឆ្លង ឬវិបត្តិសេដ្ឋកិច្ចសកល។ ការធ្វើដំណើរបស់ទេសចរក្នុងស្រុកនឹងចូលរួមចំណែកទ្រទ្រង់យ៉ាងសំខាន់ ដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ នៅពេលដែលការធ្វើដំណើររបស់ទេសចរអន្តរជាតិមានការធ្លាក់ចុះ៕

អត្ថបទដែលជាប់ទាក់ទង