សម្ដេច ហ៊ុន សែន ជួបឯកអគ្គរដ្ឋទូតគុយបាថ្មីប្រចាំកម្ពុជា ពង្រឹងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀត
ភ្នំពេញ៖ ដើម្បីទទួលបាននូវភាពជោគជ័យក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាពិសេសទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងកម្ពុជានិងគុយបា លោកស្រី ឯកអគ្គរដ្ឋទូតគុយបាថ្មីប្រចាំកម្ពុជា ក៏បានអះអាងថា នឹងខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការឱ្យមានសភាពកាន់តែសកម្មបន្ថែមទៀត ជាពិសេសលើវិស័យសុខាភិបាល វិស័យអប់រំ វិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀត។
នៅវិមានសន្តិភាព ព្រឹកថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Liurka Rodriguez Barrias ឯកអគ្គរដ្ឋទូតគុយបាថ្មីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបនោះ លោកស្រី Liurka Rodriguez Barrias បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលកម្ពុជា និងបានមានប្រសាសន៍ថា ទំនាក់ទំនងរវាងកម្ពុជា និងគុយបាគឺជាទំនាក់ទំនងជាប្រវត្តិសាស្ត្រជាមិត្តភាពជិតស្និទ្ធហើយជាទំនាក់ទំនាងមួយដែលមានអាយុកាលជាង ៦០ឆ្នាំហើយនៅឆ្នាំនេះ។
លោកស្រីបានមានប្រសាសន៍បន្ថែមទៀតថា បេសកកម្មរបស់លោកស្រីមកកាន់ប្រទេសកម្ពុជានាពេលនេះ គឺធ្វើយ៉ាងណាដើម្បីពង្រីក និងពង្រឹងចំណងមិត្តភាពទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងគុយបាកាន់តែរឹងមាំបន្ថែមទៀត ដើម្បីទទួលបាននូវភាពជោគជ័យក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាពិសេសទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ។ លោកស្រីក៏បានមានប្រសាសន៍ថា នឹងខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការឱ្យមានសភាពកាន់តែសកម្មបន្ថែមទៀតជាពិសេសលើវិស័យសុខាភិបាល វិស័យអប់រំ វិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀត។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានយល់ស្របទៅនឹងការលើកឡើងរបស់លោកស្រី ជាមួយនឹងការវាយតម្លៃរបស់លោកស្រីទាក់ទងទៅនឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយសម្តេចតេជោក៏បានយល់ស្របជាមួយលោកស្រីផងដែរ ទាក់ទងទៅនឹងការពង្រីក ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរតាមរយៈជំរុញនូវកិច្ចសហប្រតិបត្តិការនូវវិស័យផ្សេងៗ ដែលប្រទេសយើងទាំងពីរមានស្រាប់មកហើយ។ ក្នុងន័យនេះសម្ដេចតេជោនាយករដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍សូមឱ្យធ្វើយ៉ាងណាពិនិត្យលើកិច្ចព្រមព្រៀងដែលយើងបានចុះហត្ថលេខាហើយ ហើយជំរុញការអនុវត្តនេះតាមកិច្ចព្រមព្រៀងទាំងនោះ ហើយនៅពេលនេះសូមពិនិត្យទៅលើអ្វីផ្សេងៗទៀតដែលប្រទេសទាំងពីរអាចសហការគ្នាបាន៕