ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចប្រធានព្រឹទ្ធសភា អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ នៅ សាលាខណ្ឌកំបូល ដើម្បីផ្ដល់ការលើកទឹក ចិត្ដ ធ្វើការងារល្អជូនពលរដ្ឋនៅមូលដ្ឋាន

176

 

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបាន​អញ្ជើញ​ជួបសំណេះសំណាល សួរសុខទុក្ខមន្ត្រីរាជការនៅសាលាខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បី​ស្ដាប់របាយការណ៍ និងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ ពិធីជួបសំ​ណេះសំណាលនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃអង្គារ៍ ៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០។ នេះបើយោងតាមការផ្សាយរបស់ព្រឹទ្ធសភា។
សម្តេចវិបុលសេនាភក្ដីបានលើកឡើង និងជម្រាបសួរសុខទុក្ខ អំពីស្ថានភាពមុខរបរ ការងារ និងជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនជាមន្ត្រី និងប្រជាពលរដ្ឋនៅមូល ដ្ឋាន។ សម្តេចប្រធានព្រឹទ្ធសភាបានផ្តោតការយក​ចិត្តទុកដាក់ និងលើកសរសើរចំពោះមន្រ្តី និង​អាជ្ញា ធរខណ្ឌដែលកន្លងមកបានប្រឹងប្រែងដោះស្រាយរាល់បញ្ហាលំបាកស្មុកស្មាញនៅក្នុងភូមិសាស្រ្តខណ្ឌដែលទើបបង្កើតឡើងថ្មីនេះ ជាពិសេសលើបញ្ហាផ្តល់សេវាសាធារណៈជូនប្រជាជន និងបញ្ហារក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម នៅក្នុងមូលដ្ឋានបានល្អ និងប្រកបដោយ​​សុខ​សុវត្ថិភាព។
សម្តេចវិបុលសេនាភក្តីក៏បានជម្រាបជូនផងដែរអំពីសភាពការណ៍វិវត្តន៍​រីកចម្រើនថ្មីៗ​លើគ្រប់វិស័យរបស់ប្រទេសជាតិក្រោម ការដឹកនាំ​របស់​សម្តេចតេជោ ហ៊ុន សែន នា យក​ រដ្ឋ​មន្រ្តី និងការខិតខំរបស់គ្រប់ថ្នាក់គ្រប់ផ្នែក ទាំងថ្នាក់ជាតិ ថ្នាក់​ក្រោមជាតិ និងការចូលរួម​ចំណែក​​យ៉ាងសស្រាក់សស្រាំពីផ្នែកឯកជន ពីកម្លាំងមហា​សាមគ្គីរបស់ប្រជាពលរដ្ឋយើង​នៅគ្រប់មជ្ឈដ្ឋាន រហូតមានលទ្ធផលដូចសព្វថ្ងៃ។ ​ចំពោះបញ្ហា​ប្រឈមការខ្វះខាត និងបាតុ​ភាព​អសកម្មមួយចំនួន គឺតែងតែនៅមានសេសសល់​ដែល​ទាំង​នេះគឺជាប្រធានបទក្តៅ ដែល​រាជ រដ្ឋាភិបាល ក្រសួងជំនាញ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរ​គ្រប់​ថ្នាក់សុទ្ធតែកំពុងអនុវត្តន៍​នូវកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ដើម្បីដោះស្រាយទប់ស្កាត់លុបបំបាត់ឱ្យស្ថិតនៅ​ក្នុង​កម្រិតតិចតួច ហើយដែលមិនប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាជននោះទេ។
សម្តេចវិបុលសេនាភក្ដីបានក្រើនរម្លឹកដល់អាជ្ញាធរខណ្ឌ សង្កាត់ទាំងអស់ បន្តយក​ចិត្ត​ទុកដាក់ក្នុងការបម្រើសេវាសាធារណៈ ជូនប្រជាជនយើងដោយមិនរើសអើង និងប្រកប​ដោយ​តម្លាភាព ហើយឆាប់រហ័ស។ ទន្ទឹមនេះ ត្រូវខិតខំអនុវត្តន៍គោលនយោបាយភូមិ សង្កាត់​មាន​សុវត្ថិភាព ដោយផ្តោតជាចម្បងលើបញ្ហារក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈឱ្យ​បានរឹងមាំទប់ស្កាត់ លុបបំ បាត់ ដើម្បីកាត់បន្ថយបទល្មើស (ជាពិសេសសកម្មភាពជួញដូរ ប្រើ​ប្រាស់គ្រឿង ញៀន) និងភាពអសកម្មនានាឱ្យនៅតិចតួចបំផុត និងខិតខំដោះស្រាយបញ្ហា​ប្រឈម ទុក្ខលំបាករបស់ប្រជាជនឱ្យបានកាន់តែច្រើន។ ក្រៅពីនេះ ចំពោះបញ្ហាសុខ​ភាព​ផ្ទាល់ខ្លួនម្នាក់ៗ ត្រូវប្រយ័ត្នប្រយែង ថែទាំសុខភាពឱ្យបានល្អ ជាពិសេសត្រូវប្រុងប្រយ័ត្ន​ចំពោះហានិភ័យនៃការឆ្លង និងចម្លងជំងឺរលាកសួតប្រភេទថ្មី ដែលកំពុងកើតមាន​រាប់ពាន់​ករណីនៅក្នុងប្រទេសចិន និងបានឆ្លងរាលដាលជាច្រើនករណីទៀត​នៅបណ្តាប្រទេសជា​ច្រើន​ទៀត។
សម្ដេចវិបុលសេនាភក្ដីក៏បានណែនាំដល់អាជ្ញាធរគ្រប់ថ្នាក់ចាប់អារម្មណ៍​តាមដាននូវ​សេចក្តីប្រកាសព័ត៌មាន សេចក្តីណែនាំថ្មីៗ សារអប់រំសុខភាពសំខាន់ៗរបស់ក្រសួងសុខាភិ​បាល​សម្រាប់កិច្ចការពារសុខភាពពីការឆ្លងជំងឺនេះ ហើយបន្តផ្សព្វផ្សាយ អប់រំ ណែនាំឱ្យបាន​ទូលំទូលាយ និងឆាប់រហ័សដល់គ្រប់មជ្ឈដ្ឋានប្រជាជនយើងនៅក្នុងមូលដ្ឋាន៕. ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង