ការចែកចាយផ្សព្វផ្សាយព័ត៌មានមិនពិត ហើយបំភ្លៃអំពីជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី ជាចេតនាបំពុលសង្គម
ភ្នំពេញ ៖ បន្ទាប់ពីមានជនបំពុលសង្គមមួយចំនួន បានផ្សាយព័ត៌មាន មានអ្នកកើតជំងឺរលាកផ្លូវដង្ហើមថ្មី បង្កដោយវីរុសកូរ៉ូណា កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ( ពេទ្យរុស្ស៊ី) នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងច្បាស់លាស់ថា ពុំទាន់មានករណីនេះកើតឡើងទេ ។ ពាក់ព័ន្ធករណីខាងលើនេះ លោករដ្ឋមន្រ្តីសុខាភិបាល ស្នើឱ្យអាជ្ញាធរចាត់វិធានការតាមច្បាប់ចំពោះអ្នកផ្សាយព័ត៌មានមិនពិត នៅលើបណ្តាញសង្គមអំពីជំងឺរលាកផ្លូវដង្ហើមថ្មី ដែលបំភ័យប្រជាពលរដ្ឋ។
យោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការ រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៩ខែមករាឆ្នាំ២០២០នេះ បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញឱ្យបានជ្រាបថា រហូតមកដល់ពេលនេះ ពុំទាន់រកឃើញករណីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត(ពេទ្យរុស្ស៊ី) ក៏ដូចជានៅទូទាំងរាជធានីភ្នំពេញ ដូចពាក្យចចាមអារ៉ាមតាមបណ្តាញសង្គមនោះឡើយ។
រដ្ឋបាលរាជធានីភ្នំពេញ បានចាត់ទុកថា “ការចែកចាយផ្សព្វផ្សាយព័ត៌មានមិនពិត ហើយបំភ្លៃអំពីជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីនេះ គឺជាចេតនាបំពុលសង្គម ហើយបង្កឱ្យមានការភាន់ច្រឡំដល់បងប្អូនប្រជាពលរដ្ឋកាន់តែខ្លាំងឡើង”។
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក ដោយបាន ស្នើដល់អាជ្ញាធរមានសមត្ថកិច្ច គួរចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកផ្សាយ ព័ត៌មានបំផ្លើសការពិតនៅលើបណ្តាញទំនាក់ទំនងសង្គម អំពីជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីកូរ៉ូណា ដែលទង្វើនេះធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច។ លោកថា ខ្ញុំយល់ថាគាត់មានចេតនាបំភ័យប្រជាជនពិតប្រាកដ ត្រូវអាជ្ញាធរមានវិធានការតាមផ្លូវច្បាប់។
ពាក់ព័ន្ធនឹងករណីនេះ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ប្រធានមន្ទីរពេទ្យរុស្ស៊ី និងលោកអភិបាលខណ្ឌបឹងកេងកង នៅវេលាថ្ងៃត្រង់ទី២៩ ខែមករា ឆ្នាំ២០២០នេះ បានធ្វើសន្និសីទសារព័ត៌មាន ដោយបញ្ជាក់ថា មិនមានករណីអ្នកជំងឺកូរ៉ូណា នៅក្នុងមន្ទីរពេទ្យរុស្ស៊ីនោះទេ គឺមិនដូចពាក្យចចាមអារ៉ាមផ្សាយតាមបណ្តាញសង្គមនោះឡើយ។
ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោកងី មានហេង បានបញ្ជាក់ថា នៅកម្ពុជា ពុំទាន់មានពលរដ្ឋខ្មែរណាម្នាក់ កើតជំងឺជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus)នោះទេ គឺមានតែជនជាតិម្នាក់ប៉ុណ្ណោះ ដែលត្រូវអាជ្ញាធរកម្ពុជា រកមានកើតជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) នៅខេត្តព្រះសីហនុ ហើយកំពុងទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុត។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានបញ្ជាក់ឱ្យដឹងថា រហូតមកដល់ពេលនេះ ពុំទាន់រកឃើញករណីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) នៅក្នុងមន្ទីរពេទ្យរុស្ស៊ី ក៏ដូចជានៅទូទាំងរាជធានីភ្នំពេញ ដូចពាក្យចចាមអារ៉ាមតាមបណ្តាញសង្គមនោះទេ។
ពាក់ព័ន្ធនឹងការចែកចាយដំណឹងមិនពិតនេះអំពីជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ក៏បានច្រានចោលនូវការចុះផ្សព្វផ្សាយថា មានករណីជំងឺផ្លូវដង្ហើមថ្មី២ករណីនៅលើខ្លួនជនជាតិចិន២នាក់ ក្នុងទឹកដីខេត្តកោះកុងផងដែរ។
រហូតមកដល់ពេលនេះ តាមការបញ្ជាក់របស់រដ្ឋមន្រ្តីសុខាភិបាល កម្ពុជាទើបនឹងមានករណីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា ១ករណីតែប៉ុណ្ណោះ។
ពាក់ព័ន្ធនឹង ស្ថានភាពជំងឺជនជាតិចិនខាងលើនេះវិញ រហូតមកទល់ពេលនេះ ស្ថានភាពជំងឺពុំមានលក្ខណៈធ្ងន់ធ្ងរឡើយ ហើយកំពុងវិលទៅរកភាពប្រសើរឡើង៕