រថយន្តPickup ប្រភេទ Ford Ranger ចំនួន២៥គ្រឿង ប្រគល់ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ
ភ្នំពេញ ៖ រថយន្ត Pickup ប្រភេទ Ford Ranger ចំនួន២៥គ្រឿង បានប្រគល់ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងពិធី មួយនាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, រដ្ឋលេខាធិការ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃជាច្រើនរូប, មន្ត្រីជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ, ស្នងការនគរបាលទូទាំងប្រទេស និងមន្ត្រីនគរបាលជាច្រើនរយនាក់ ទៅក្រសួងមហាផ្ទៃ។
លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍ថា ពិធីប្រគល់រថយន្តថ្ងៃនេះ គឺជាសក្ខីកម្មឆ្លុះបញ្ចាំងឲ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹក នាំក្រសួងមហាផ្ទៃ ជាពិសេស សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជានិច្ចជាកាលតែងតែគិតគូរដោះស្រាយ តាមគ្រប់លទ្ធភាពសំដៅបង្កលក្ខណៈងាយស្រួលសព្វគ្រប់បែបយ៉ាង ដើម្បីលើកកម្ពស់ប្រសិទ្ធភាពគុណភាព ប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម ព្រមទាំងលើកទឹកចិត្តដល់កងកម្លាំងឲ្យ មានស្មារតីកាន់តែអង់អាចក្លាហានថែមទៀត ក្នុងការបំពេញបេសកកម្មរបស់ខ្លួនឲ្យបានសម្រេចជោគជ័យ។
សម្តេចក្រឡាហោម ស ខេង នៅក្នុងពិធីបានមានប្រសាសន៍កោតសរសើរស្នាដៃ បំពេញភារកិច្ចរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការបម្រើរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ជួនមាតុភូមិកម្ពុជា។
យោងតាមប្រសាសន៍របស់ សម្តេចក្រឡាហោម ស ខេង រថយន្ត Pickup ប្រភេទ Ford Ranger ចំនួន២៥គ្រឿង ដែលប្រគល់ជូនអគ្គស្នងការដ្ឋាននគរបាលជាតិនាពេលនេះ គឺ២២គ្រឿងសម្រាប់បំពាក់ជួនស្នងការដ្ឋាននគរបាលខេត្ត និង៣គ្រឿងទៀតសម្រាប់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង, អធិការដ្ឋាននគរបាលក្រុងស្វាយរៀង និងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ សម្រាប់បម្រើកិច្ចការប្រចាំថ្ងៃ។ សម្តេចក្រឡាហោម ស ខេង នៅបានសន្យាថានឹងបន្តផ្តល់រថយន្តបន្ថែមទៀត ដល់អគ្គស្នងការដ្ឋាននគរបាលជាតិសម្រាប់ឆ្នាំ២០២០ ដើម្បីទុកបម្រើកិច្ចការងារ និងសម្តេចក្រឡាហោមបានសន្យាថាត្រឹមឆ្នាំ២០២១ខាងមុខនេះ នឹងផ្តល់ជួននូវរថយន្ត១គ្រឿងៗដល់គ្រប់អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ នៅទូទាំងប្រទេសដើម្បីប្រើប្រាស់បម្រើការងារប្រចាំថ្ងៃថែមទៀត៕