បុរសម្នាក់លេបថ្នាំពុល និងរត់ចូលរថយន្ត តែមិនស្លាប់ ដល់ពេលឡើងដើមឈើចងកសម្លាប់ខ្លួនបានសម្រេច
បាត់ដំបង៖ នគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា មានបុរសម្នាក់បានជិះរ៉ឺម៉កមកឈប់ហើយ ទិញទឹកសុទ្ធមួយដប យកមកលេងជាមួយនឹងថ្នាំបំពុល ប៉ុន្តែមិនស្លាប់ ហើយក៏ត្រូវបាននគរបាលជួយសង្គ្រោះ ដឹកបញ្ជូនទៅមន្ទីរពេទ្យស្រុកបវិល ប៉ុន្តែជននោះបានលួចរត់ចេញពីមន្ទីរពេទ្យ រត់ឡើងដើមឈើ ចងកសម្លាប់ខ្លួនបានសម្រេច ប៉ុន្តែទោះយ៉ាងណា សមត្ថកិច្ចពុំដឹងថា ជននោះមានឈ្មោះអ្វី ហើយនៅទីណានោះទេ ដូច្នេះសមត្ថកិច្ចបានប្រកាសស្វែងរកសាច់ញាតិ ដើម្បីមកទទួលយកសព។
ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមជម្រាបជូនសាធារណជន ពិសេសអ្នកនិយមប្រើប្រាស់បណ្តាញព័ត៌មានសង្គម បានជ្រាបថា នៅវេលាម៉ោង ៩ និង៣០នាទីព្រឹកថ្ងៃទី ២៩ ខែ មករា ឆ្នាំ២០២០ នេះមានបុរសវ័យប្រមាណជាង៣០ឆ្នាំម្នាក់ មិនស្គាល់អត្តសញ្ញាណជិះរ៉ឺម៉កម៉ូតូ មកដល់ចំណុចក្រុមទី០១ ភូមិព្រៃទទឹង២ ឃុំ បវេល ស្រុកបវេល ខេត្តបាត់ដំបង គាត់បានចុះពីលើរ៉ឺម៉កម៉ូតូនោះ រួចចូលទៅទិញទឹកបរិសុទ្ធមួយដប រួចបានយកកញ្ចប់ថ្នាំ (សម្លាប់សត្វកណ្តុរ) ដែលនៅជាប់នឹងខ្លួនគាត់ ស្រាប់ហែកលេបចូលជាមួយទឹកបរិសុទ្ធនោះ ទៅក្នុងខ្លួន ហើយពេលបន្ទាប់គេបានឃើញបុរសរូបនោះ បានព្យាយាមដើរចូលទៅរករថយន្ត ដែលបើកបរតាមដងផ្លូវ ក្នុងចេតនាប៉ុនប៉ងធ្វើអត្តឃាត ប៉ុន្តែត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចនគរបាលនៅជិតនោះ នាំទៅសង្គ្រោះនៅមណ្ឌលសុខភាពបវេល ដើម្បីលាងជម្រះសារធាតុពុលដោយការលេបថ្នាំសម្លាប់សត្វកណ្តុរ ។
ក្នុងពេលសង្រ្គោះបានធូរស្រាលបន្តិចបុរសរូបនោះ បានរត់ចេញពីមណ្ឌលសុខភាពបវេល ហើយឡើងទៅលើដើម ចាន់គីរីមួយដើម នៅក្នុងមូលដ្ឋាននោះ និងបានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនតែម្តង ។ ក្នុងខណៈពេលនេះ សមត្ថកិច្ចនគរបាលកំពុងធ្វើកោសល្យវិច័យ លើសាកសពបុរសនោះហើយ ។
ទន្ទឹមនឹងបញ្ហាដូចបានជម្រាបជូនខាងលើ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមធ្វើការអំពាវនាវចំពោះក្រុមគ្រួសារឬសាច់ញាតិ ឬអ្នកដែលបានស្គាល់បុរសខាងលើ ដូចមានរូបភាពជូនភ្ជាប់ជាមួយនេះ មេត្តាទំនាក់ទំនងទៅកាន់អធិការដ្ឋាននគរបាលស្រុកបវេល ខេត្តបាត់ដំបង តាមរយៈទូរស័ព្ទលេខ 092 232 337 – 012 687 931 ឬទំនាក់ទំនងមកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងតាមរយៈ (ហ្វេសប៊ុកផេក Facebook Page) ដើម្បីទទួលយកសាកសពទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕