ការទប់ស្កាត់បាតុកម្ម និងកូដកម្ម និងការដោះស្រាយឬផ្សះផ្សារវិវាទការងារ នៅខេត្តព្រះសីហនុ
ព្រះសីហនុ៖ ក្រសួងការងារសហការជាមួយសាលាខេត្តព្រះសីហនុ បានរៀបចំសិក្ខាសាលាស្តីពីការទប់ស្កាត់បាតុកម្មនិងកូដកម្ម និងការដោះស្រាយឬផ្សះផ្សារវិវាទការងារ ដើម្បីបញ្រ្ជាបការយល់ដឹងបន្ថែមដល់អ្នកជាប់ពាក់ព័ន្ធទាំងឡាយ។
អង្គសិក្ខាសាលានេះបានធ្វើឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នៅសាលាខេត្តព្រះសីហនុ ក្រោមអធិបតី លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងមានការចូលរួមដោយម្ចាស់សហគ្រាស ក្រុមហ៊ុន អាជ្ញាដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ មន្ត្រីពាក់ព័ន្ធ និងអ្នកសារព័ត៌មានជាច្រើននាក់។ ក្នុងនោះវិធានការដោះស្រាយ និងយន្តការសម្របសម្រួលផ្សះផ្សារ និងដោះស្រាយវិវាទនានា ត្រូវបានបង្ហាញយ៉ាច្បាស់លាស់ផងដែរ ដល់សិក្ខាកាមទាំងឡាយ។
លោក យ៉ូវ ខេមរា ប្រធានមន្ទីរការងារខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា នៅពេលកើតវិវាទការងារអាជ្ញាធរដែនដី មេឃុំ ចៅសង្កាត់ ក៏អាចជួយសម្របសម្រួលបឋមបានដែរ មុននឹងមន្រ្តីរបស់ក្រសួងឬមន្ទីរការទៅដល់។ អ្នកសម្របសម្រួលវិវាទនេះ ត្រូវតែឈរលើគោលការឯករាជ្យអព្យាក្រឹត្យ។ លោក យ៉ូវ ខេមរា ឲ្យដឹងថា ឆ្នាំ២០១៩កន្លងទៅនេះ នៅខេត្តព្រះសីហនុមានវិវាទរួម៥២ សម្របសម្រួលបានទាំងអស់ វិវាទបុគ្គលមាន២៣ សះជា២២ករណី បាតុកម្ម និងកូដកម្មមាន១៥ករណី។ បច្ចុប្បន្នបន្ទាប់ពីមានការបិទកាស៊ីណូអនឡាញ នាំឲ្យមានវិបត្តិការងារខ្លះដែរ។ ជាមួយនោះ កាស៊ីណូមួយចំនួនធំ បានកាត់បន្ថយបុគ្គលិក កន្លែងខ្លះត្រូវថៅកែរត់ចោលផងដែរ។ រីឯការដ្ឋានសំណង់ខ្លះ ក៏មានបញ្ហាដែរ ដូចជាកម្មករមិនបានប្រើប្រដាប់ការពារសុវត្ថិភាព ថៅកែរត់ចោល អ្នកម៉ៅការបានម៉ៅការតៗគ្នាច្រើននាក់ និងមិនបើកលុយឲ្យកម្មករជាដើម។
ការលំបាកមួយទៀតនោះ ករណីថៅកែរត់ចោលពិតជាមានការលំបាក ក្នុងការសម្របសម្រួលដោះស្រាយណាស់។ ដើម្បីចៀសវាងថៅកែរត់ចោល មានមធ្យោបាយមួយគួរដកលិខិតឆ្លងដែនគាត់ទុក ជាបណ្តោះអាសន្ន។ តាមច្បាប់អ្នកមានសិទ្ធិដកហូតលិខិតឆ្លងដែនគាត់ បានមានតែនគរបាលអន្តោប្រវេសន៍ប៉ុណ្ណោះ។ កន្លងមកមន្ទីរការងារជួបការលំបាកខ្លះដែរ ដោយសារការសហការរបស់នគរបាលអន្តោប្រវេសន៍ នៅមានមានកម្រិតដោយនៅរង់ចាំបទបញ្ជាពីថ្នាក់ដឹកនាំជាដើម…។ល។
ប្រសាសន៍លោកអភិបាល៖
កុំយកបញ្ហាបង្កើតបញ្ហា ត្រូវរកដំណោះស្រាយល្អដើម្បីប្រយោជន៍រួមជាអាទិភាព។
ការដុតកង់ឡាន បិតផ្លូវក្នុងការតវ៉ាមិនមែនជាមធ្យោបាយល្អនោះទេ។
លោក អភិបាល និយាយថា ការលំបាកពិតជាមានតែយើងត្រូវរួមគ្នាដោះស្រាយ
យើងត្រូវរួមគ្នាដោះស្រាយ រឿងធំធ្វើឲ្យតូច រឿងតូចធ្វើអត់រឿង។
ការពន្យល់គ្នាតាមព័ត៌មានយើងពិតជាអាចធ្វើរឿងធំ ទៅជារឿតតូចបើយើងយល់គ្នា ប៉ុន្តែទន្ទឹមនោះ ក៏អាចធ្វើឲ្យកាន់តែរីកធំដែរ ចំពោះការផ្សាយព័ត៌មានក្លែងក្លាយ ដែលមានក្រុមបំពុលសង្គមមួយចំនួនតូច។
លោកស្នើសុំអ្នកសារព័ត៌មានមួយចំនួនតូច ដែលបានផ្សាយព័ត៌មានមិនពិត ឬផ្សាយញុះញង់គួរតែកែប្រែឥរិយាបថឡើងវិញ ដើម្បីផលប្រយោជន៍សង្គមយើង ចៀសវាងសង្គមមានចលាចល។
ចំពោះបុរសជនជាតិចិនម្នាក់ ដែលមានផ្ទុកវីរុសកូរ៉ូណា កំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នៅមានផ្ទុកវីរុសកូរ៉ូណាក្នុងខ្លួននៅឡើយ បន្ទាប់ពីបានយកសំណាករបស់គាត់ ទៅពិនិត្យជាថ្មីកាលពីពេលថ្មីៗនេះ។
ការបិទ ការផ្អាកការដ្ឋានឬទីតាំងអាជីវកម្ម ពិតជាបានប៉ះពាល់ដល់អ្នកបម្រើការនៅក្នុងនោះដែរ តែយើងគួរពិភាក្សាគ្នា ដើម្បីរកដំណោះស្រាយជូនពួកគាត់ សមស្របតាមអ្វីដែលត្រូវទទួលបាន។ ករណីនេះមន្ត្រីជាប់ពាក់ព័ន្ធ នឹងត្រូវប្រជុំពិភាក្សាដោះស្រាយ ដើម្បីជាប្រយោជន៍ដល់អ្នកគ្មានកំហុស៕