ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចមហាបរធិបតី៖មួយខែរដ្ឋត្រូវខាតបង់លុយ៥០លានដុល្លារដោយសារការទម្លាក់ពន្ធប្រេងនិងគ្រឿងអគ្គិសនី

17

ភ្នំពេញសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ស្របពេលដែលសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ បានផ្ទុះឡើង ដែលបានធ្វើឱ្យតម្លៃប្រេងមានការកើនឡើងនោះ រដ្ឋបានខាតបង់ថវិកាប្រមាណ ៥០លានដុល្លារសហរដ្ឋអាមរិក ក្នុងមួយខែ ដើម្បីទម្លាក់ពន្ធប្រេង និងគ្រឿងអគ្គិសនី និងទប់កុំឱ្យឡើងថ្លៃ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម របស់សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៍កោះពេជ្រ។

ស្របពេលដែលពិភពលោកបានផ្ទះសង្គ្រាមនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «សង្គ្រាមខាងក្រៅយើងទប់មិនកើតទេ យើងក៏សង្ឃឹមថា ការដោះស្រាយប្រកបដោយសន្តិវិធីនោះយើងចង់ធ្វើ ប៉ុន្តែរឿងភូមិសាស្ត្រនយោបាយរឿងផ្សេងចឹងអ្វីដែលកម្ពុជាធ្វើបាន គឺពេលមានរឿងកើតឡើងយើងត្រូវជួយ ចឹងបាន ១ខែរដ្ឋត្រូវខាតអស់ប្រហែល ៥០លានដុល្លារគ្រាន់តែពន្ធប្រេងយើងទម្លាក់ហើយនឹងឧបត្ថម្ភធំមួយចំនួនទៅក្រុមហ៊ុន ដើម្បីយើងទប់ ប៉ុណ្ណឹងហើយប្រេងនៅឡើងមួយចំនួន ហើយយើងអាចថា បើអត្រាភាគរយ ប្រៀបនឹងប្រទេសមួយចំនួន គឺយើងអាចរក្សាលំនឹងបាន»

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ដោយសារចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន យើងបានពង្រីកនូវប្រភពអគ្គិសនី ពីប្រភពកកើតឡើងវិញ វារីអគ្គិសនី ដែលបានប្រមាណជាង៦២% នៃប្រភពអគ្គិសនី, ហើយដោយសារតម្លៃប្រេងឡើងថ្លៃ ប៉ុន្តែថ្លៃអគ្គិសនីនៅរក្សាថេរ យើងអាចជួយទប់បានមួយចំនួន ហើយរដ្ឋក៏នៅខាតជិត ៥០លានដុល្លារក្នុងមួយខែផងដែរ, រដ្ឋនៅតែព្យាយាមទម្លាក់ពន្ធប្រេង ទម្លាក់ពន្ធលើឧបករណ៍អគ្គិសនី ដើម្បីឱ្យប្រជាជនមានជីវភាពធូរធារ។

សម្ដេចមហាបវរធិបតី បានបន្ថែមថា តាមរយៈការទម្លាក់លើពន្ធលើឧបករណ៍អគ្គិសនី មានដូចជា រថយន្តអគ្គិសនី ម៉ូតូអគ្គិសនីនេះ បានធ្វើឱ្យប្រជាពលរដ្ឋមានលទ្ធភាពទិញរថយន្តថ្មីជិះ ក្នុងតម្លៃសមរម្យ, ទោះយ៉ាងណាសម្តេចបានបញ្ជាក់ថា ប្រជាពលរដ្ឋភាគច្រើនមិនទាន់មានលទ្ធភាពទិញរថយន្តថ្មីនោះទេ ដូចនេះរដ្ឋមិនអាចធ្វើបាននោះទេក្នុងការហាមឃាត់រថយន្តមួយទឹកដើម្បីនាំចូលមកកម្ពុជា តែអ្វីដែលសំខាន់គឺការធានាលើបច្ចេកទេស។

ជាមួយគ្នានោះដែរ សម្ដេចមហាបរធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងពីការខិតខំពង្រឹងពេទ្យនៅតាមមូលដ្ឋាន ក្នុងវិស័យសុខាភិបាល និងដោយសម្តេចបានបញ្ជាក់ពីការបង្កើនថវិកាពិសេសក្នុងមួយឆ្នាំប្រមាណ ២០លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ចំណាលើថ្នាំទឹកនោមផ្អែម និងថ្នាំលើសឈាម ដើម្បីបើកផ្ដល់ជូនពលរដ្ឋបានយូរថ្ងៃជាងមុនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង