ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចក្រឡាហោមសខេង៖ ឆ្នាំ២០១៩កន្លងទៅជនបរទេសចំនួន១,៥៣៣នាក់ស្មើនឹង៦៣សញ្ជាតិត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា

74

ភ្នំពេញ៖សម្ដេចក្រឡាហោមខេងឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃនៅរសៀលថ្ងៃទី៣០ខែមករាឆ្នាំ២០២០នេះអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩និងលើកទិសដៅការងារឆ្នាំ២០២០របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍។ពិធីនេះត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ។

យោងតាមរបាយការណ៍បានឲ្យដឹងថាក្នុងឆ្នាំ២០១៩កន្លងទៅជនបរទេសចំនួន១,៥៣៣នាក់ស្មើនឹង៦៣សញ្ជាតិត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជាក្រោយកម្លាំងនគរបាលអន្ដោប្រវេសន៍ឃាត់ខ្លួនពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស។ក្នុងចំណោមជនបរទេសដែលបានប្រព្រឹត្តបទល្មើសហើយត្រូវបានបណ្ដេញចេញពីកម្ពុជានេះច្រើនជាងគេគឺជនជាតិចិនដែលមានចំនួន១,០១៣នាក់, ថៃ២២០នាក់, វៀតណាម១៤៩នាក់, នីហ្សេរីយ៉ា៩៤នាក់, ឥណ្ឌា៣១នាក់, កូរ៉េខាងត្បូង២៥នាក់, អាមេរិក១៧នាក់។

បទល្មើសដែលជនបរទេសទាំងអស់នេះបានប្រព្រឹត្តរួមមាន៖ករណីជំរិតទារប្រាក់តាមប្រព័ន្ធVOIP និងបទល្មើសហ្គេមអនឡាញចំនួន៨៩០នាក់មាន០៩សញ្ជាតិ(ចិនតៃវ៉ាន់ថៃហ្វីលីពីនឥណ្ឌូនេស៊ីឡាវវៀតណាមឥណ្ឌានិងម៉ាឡេស៊ី), ការស្នាក់នៅគ្មានលិខិតឆ្លងដែនចំនួន២៤២នាក់មាន៤០សញ្ជាតិ(នីហ្សេរីយ៉ា៦៧នាក់, វៀតណាម៤៣នាក់, ចិន២៩នាក់និង៣៧សញ្ជាតិទៀតពីម្នាក់ដល់១០នាក់), ការស្នាក់នៅលើសទិដ្ឋាការចំនួន១២៦នាក់មាន៣២សញ្ជាតិ(នីហ្សេរីយ៉ា៤៩នាក់, ឥណ្ឌា១៣នាក់និង៣០សញ្ជាតិទៀតពី០១ដល់០៦នាក់) និងប្រើប្រាស់សារធាតុញៀនចំនួន២០០នាក់។

គួរជម្រាបថាគិតចាប់ពីបង្កើតអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឆ្នាំ២០១៤មកដល់ដំណាច់ខែធ្នូឆ្នាំ២០១៩នេះបានបណ្តេញចេញជនបរទេសខុសច្បាប់ចំនួន១៦,៧២០នាក់មាន៩៦សញ្ជាតិ។

ទន្ទឹមនេះដើម្បីការពារជោគវាសនាពលរដ្ឋខ្មែរពីការបោកប្រាស់យកទៅជួញដូរធ្វើបាបនៅក្រៅប្រទេសនាឆ្នាំ២០១៩តាមសំណើរបស់ក្រុមការងារច្រកចេញចូលតែមួយក្រសួងមហាផ្ទៃអគ្គនាយកដ្ឋានបានពិនិត្យបញ្ជាក់សមាសភាពជនបរទេសដែលបានស្នើសុំរៀបអាពាហ៍ពិពាហ៍ជាមួយពលរដ្ឋខ្មែរចំនួន១,៩២៨នាក់មាន៣៩សញ្ជាតិនិងបានឆ្លើយតបទាន់ពេលតាមការស្នើសុំ៕

អត្ថបទដែលជាប់ទាក់ទង