ឃុំខ្លួននគរបាលស័ក្ដិ៍៣ម្នាក់ ពីបទហិង្សាដោយចេតនា និង ធ្វើអោយខូចខាតដោយចេតនា
ខេត្តកណ្តាល ៖ មន្ត្រីនគរបាលខេត្តកណ្តាលពាក់ស័ក្តិ៣ម្នាក់ ដែលវាយបុរសម្នាក់រងរបួសហូរឈាមស្រោចខ្លួន ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានអយ្យការអមសាលាដំបូងខេត្តកណ្តាលសម្រេចចេញដីកាឃុំខ្លួនក្នុងពន្ធនាគារខេត្តកណ្តាល ពីបទហិង្សាដោយចេតនា និង បទធ្វើឱ្យខូចខាត ដោយចេតនា ដែលប្រព្រឹត្តនៅផ្សារព្រែកតូច ស្ថិតនៅភូមិព្រៃរុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃ ទី២៥ ខែមករា ឆ្នាំ២០២០ ។
យោងតាមជីកាបង្គាប់ឱ្យឃុំខ្លួនរបស់លោក រស់ ជុន ចាន់និមល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ឲ្យដឹងថា ជនត្រូវចោទឈ្មោះ ហែន លីណា ហៅ ម៉ាប់ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមន្ត្រីនគរបាល រៀនថ្នាក់ បរិញ្ញាប័ត្រ ទីកន្លែងកំណើតនៅភូមិត្រពាំងភ្លោះ ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង និងទីលំនៅមុនពេលឃាត់ខ្លួននៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ឪពុកឈ្មោះ ហែន សាគុណ (ស្លាប់) ម្តាយឈ្មោះ ហុង ណារិន (រស់) ប្រពន្ធឈ្មោះ ឡេង មួយហៀងកូន ០១នាក់ ជានីតិជន ។
ផ្អែកតាមដីបង្គាប់ឱ្យឃុំខ្លួនអោយដឹងទៀតថា ជនត្រូវចោទរូបនេះត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទហិង្សាដោយចេតនា និង បទធ្វើឱ្យខូច
ខាតដោយចេតនា ប្រព្រឹត្តនៅផ្សារព្រែកតូច ស្ថិតនៅភូមិព្រៃរុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល
កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ជាបទល្មើសព្រហ្មទណ្ឌដែលមានចែង និង ផ្តន្ទាទោសតាមបញ្ញត្តិមាត្រា
២១៧ និង មាត្រា ៤១០ នៃក្រមព្រហ្មទណ្ឌ ។
ជនត្រូវចោទដែលមានអត្តសញ្ញាណដូចខាងលើ បង្គាប់មកប្រធានពន្ធនាគារខេត្តកណ្តាល ទទួល និង ឃុំខ្លួនក្នុងពន្ធនាគារ តាមដីកាបង្គាប់នេះ ។
សូមបញ្ជាក់ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តនិងរថយន្ត បានបង្កជាទំនាស់រវាងមន្ត្រីនគរបាលខេត្ត កណ្ដាលម្នាក់ វាយបុរសម្នាក់ហូរឈាមស្រោចខ្លួន កាលពីថ្ងៃទី 25 ខែមករាឆ្នាំ 2020 ។
បុរសដែលបានវាយភាគី ម្ខាងទៀតនោះ គេអះអាងថា ខ្លួនជាមន្ត្រីនគរបាលនៅ ស្នងការដ្ឋានខេត្តកណ្ដាល ដោយយកដុំថ្មវាយចំក្បាលបុរសម្នាក់ ផ្អើលសមត្ថកិច្ចនៅក្នុងអធិការ ដ្ឋាននគរបាលស្រុកស្អាង។
នគរបាលដែលវាយទៅលើភាគីម្ខាងទៀត ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នោះ ពាក់សក្តិ៣ នៃស្នងការដ្ឋាននគរបាល ខេត្តកណ្ដាល មានឈ្មោះ ហែន លីណា ភេទប្រុស ក្នុងឧប្បត្តិហេតុនៃគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងរួចខ្លួនជាមន្ត្រីនគរបាល វាយភាគីម្ខាងទៀត គឺជាប្រជាពលរដ្ឋ ដោយមិនរកដំណោះស្រាយតាមផ្លូវច្បាប់ តែយកហិង្សាធ្វើជាដំណោះស្រាយនោះ៕