ឡានតូយ៉ូតាព្រូស ព្រលះរបាំងថ្មចែកទ្រូងផ្លូវ ក្រឡាប់ផ្ងាជើងទ្រមេឃច្រងាងៗ
ភ្នំពេញ៖ ៖ នារីម្នាក់បានបើកឡាន១គ្រឿងម៉ាកតូយ៉ូតាព្រូស បានបោះពួយយ៉ាងលឿនដូចហោះដោយមិនប្រយ័ត្នរួចជ្រុលចង្កូតទៅបុកព្រលះរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលអោយឡានក្រឡាប់ផ្ងារជើងឡើងលើទ្រមេឃជ្រគ្រឹងៗដោយរងការខូចខាតយ៉ាងដំណំ ផងដែរ។
ករណីនេះបានកើតឡើងកាលពីម៉ោងជិត១១យប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ នេះស្ថិតនៅលើកំណាត់មហាវិថីម៉ៅសេទុង កែងនិងផ្លូវលេខ១៩៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ឡានបង្កម៉ាក តូយ៉ូតាព្រូស ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2AF-2302 បើកបរដោយនារីម្នាក់បានរងរបួសផងដែរ។
បើតាមព័ត៌មានពីកន្លែងកើតហេតុគេនិយាយថានៅមុនពេលកើតហេតុខាងលើនោះគេបានឃើញនារីម្នាក់បានបើកឡាន១គ្រឿងដោយធ្វើដំណើរតាមបណ្តោយមហាវិថីម៉ៅសេទុងទិសដៅពីត្បូងទៅជើង ដោយបោះពួយយ៉ាងលឿន ដូចហោះហើយខណៈមកដល់ចំណុចកើត ហេតុខាងលើបានរេ ចង្កូត ឡានមកខាងឆ្វេងដៃរួចជ្រុលទៅបុកព្រលះរបាំងថ្មពុះចែកទ្រូងផ្លូវរបស់សាលាក្រុងយ៉ាងពេញទំហឹងបណ្ដាលអោយឡានក៏ក្រឡាប់ផ្ងាជើងឡើងលើទ្រមេឃដោយរងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុ ក្រុមសមត្ថកិច្ចប៉ូលិសមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងស្ទូចយកឡានបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៏ជើងគោក ស្នងការនគរបាលរាជធានីភ្នំពេញ៕
