ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្នាក់ដឹកនាំមន្ទីរ និងគណៈគ្រប់គ្រងសាលា នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ បើបណ្តែតបណ្តោយអោយកើតមាននូវបាតុភាពបទល្មើស នៅក្នុងសាលារៀន

211
ភ្នំពេញ៖ ថ្នាក់ដឹកនាំមន្ទីរ និងគណៈគ្រប់គ្រងសាលា ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ បើសិនជាបណ្តែតបណ្តាយអោយកើតឡើងនូវបាតុភាព បទល្មើស នៅក្នុងសាលារៀនដូចជា ករណីហឹង្សាជាដើមដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការកំណែទម្រង់ស៊ីជម្រៅក្នុងវិស័យអប់រំ របស់រាជរដ្ឋាភិបាល និងមិនទុកឱ្យកម្ទេចភ្លើងតូចៗ នៃភាពអសកម្មក្នុងការផ្តល់សេវាអប់រំ បង្កទៅជាអគ្គិភ័យបានឡើយ។
  នេះបើតាមការលើកឡើងរបស់ លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក្នុងឱកាស បិទសន្និបាតការងារអប់រំឆ្នាំសិក្សា ២០១៨-២០១៩ និងទិសដៅការងារឆ្នាំសិក្សា ២០១៩-២០២០ កាលពីរសៀលថ្ងៃទី៣១ មករា២០២០នៅ មន្ទីរអប់រំ យុវជន និងកីឡា
រាជធានីភ្នំពេញ។
  លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា
 ក្នុងរយៈពេលចុងក្រោយនេះនៅតាមសាលារៀនមួយចំនួនតូច មានការកើតឡើងនូវបាតុភាពល្មើស ដូចជា ករណីហឹង្សាលើសិស្សនារី នៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ និងករណីហឹង្សាបណ្តាលឱ្យស្លាប់សិស្សសាលាអន្តរទ្វីបអាមេរិកាំង ជាដើម ។ដូច្នេះ
ស្នើអោយប្រធានមន្ទីរនិងគណៈគ្រប់គ្រងសាលា ត្រូវចាត់តាំងអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព ឱ្យបានម៉ឺងម៉ាត់ និងត្រូវពង្រឹងវិន័យផ្ទៃក្នុងសាលារៀនទាំងរដ្ឋ និងឯកជនឡើងវិញ ដោយមិនត្រូវបណ្តែតបណ្តោយឱ្យកើតមានបាតុភាពអសកម្ម ឬ បញ្ហាក្មេងទំនើងក្នុងសាលារៀន កើតមានតទៅទៀតឡើយ។
    លោកបន្តថា សាលារៀន គឺជាថ្នាលបណ្តុះបណ្តាលអប់រំ មិនមែនជាកន្លែងប្រព្រឹត្តបទល្មើស ឬ ប្រមូលផ្តុំប្រើប្រាស់អំពើហឹង្សាណាមួយឡើយ ដូច្នេះប្រសិនបើមានករណីល្មើសកើតមានឡើងក្នុងសាលារៀនណាមួយនោះ  ថ្នាក់ដឹកនាំមន្ទីរ និងគណៈគ្រប់គ្រងសាលាផ្ទាល់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ និងចំពោះមុខឪពុកម្តាយអាណាព្យាបាលសិស្ស។ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការសមស្របចំពោះបុគ្គល ឬអង្គភាពណាមួយ ដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការកំណែទម្រង់ស៊ីជម្រៅក្នុងវិស័យអប់រំ របស់រាជរដ្ឋាភិបាល និងមិនទុកឱ្យកម្ទេចភ្លើងតូចៗ នៃភាពអសកម្មក្នុងការផ្តល់សេវាអប់រំ បង្កទៅជាអគ្គិភ័យបានឡើយ។
   គ្រប់អង្គភាព សាលារៀនរដ្ឋ និងឯកជន ដែលស្ថិតក្រោមឱវាទមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ
ត្រូវតែបន្តផ្តល់សេវាអប់រំ ឱ្យបានល្អប្រសើរ ដោយ
 ត្រូវបន្តផ្តល់សេវាអប់រំជូនក្មួយៗសិស្សានុសិស្ស ប្រកបដោយគុណភាព, មនសិកាវិជ្ជាជីវៈខ្ពស់ និងត្រូវ
ប្រកាន់ខ្ជាប់នូវក្រមសីលធម៌គ្រូបង្រៀន ដើម្បីឱ្យសក្តិសមទៅនឹងការប្រសិទ្ធនាមថាជា “មាតាបិតា
ទីពីរ របស់សិស្ស”។ ត្រូវបន្តការខិតខំប្រមូលកុមារដល់ និងក្នុងវ័យសិក្សា បានចូលរៀនគ្រប់ៗគ្នាប្រកបដោយសមធម៌បរិយាបន្ន មានគុណភាព និងទទួលបានការអប់រំពេញ លេញ យ៉ាងហោចណាស់ត្រឹមថ្នាក់ទី៩
 ត្រូវពង្រឹងការគ្រប់គ្រង និងជំរុញចលនាប្រឡងប្រណាំងតាមបណ្តាសាលារៀនទាំងអស់ ដើម្បីផ្តល់ការលើកទឹកចិត្តចំពោះ៖ នាយក-នាយិកាល្អមានស្នាដៃ, សាលារៀនតំរូ និងសាលារៀនដែលមាន
បរិស្ថានល្អស្អាត ។ ត្រូវបង្កើតកម្មវិធីអប់រំផ្សព្វផ្សាយបន្ថែមពាក់ព័ន្ធទៅនឹងការប្រយុទ្ធប្រឆាំងអំពើហឹង្សា, ការជួញដូរស្រ្តីកុមារ, លុបបំបាត់ការរើសអើងក្នុងសង្គម
, ទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍-ជំងឺអេដស៍, គ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន និងការអប់រំពាក់ព័ន្ធនឹងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាដើម ដើម្បីបំផុសស្មារតីចូលរួម ទប់ស្កាត់ និងការគោរពច្បាប់ ក្នុងស្រទាប់សិស្ស និងយុវជន ដែលជាទំពាំងស្នងឬស្សីនៃសង្គមជាតិយើង។ត្រូវជំរុញការផ្សព្វផ្សាយ និងទប់ស្កាត់ការលក់នំចំណីផ្អែម និងភេសជ្ជៈ ផ្អែមក្នុងបរិវេណសាលារៀន ដូចអ្វី
ដែលរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំនាពេលកន្លងមក ពីព្រោះ ការទទួលទាននំចំណីផ្អែម និង
ភេសជ្ជៈផ្អែមខ្លាំង នឹងធ្វើឱ្យសិស្សានុសិស្ស ត្រូវប្រឈមមុខនឹងហានិភ័យ ដូចជា ជំងឺដង្កូវស៊ីធ្មេញ, ជំងឺបេះដូង,ជំងឺធាត់ហួសកម្រិត និងជំងឺទឹកនោមផ្អែម ជាដើម ហើយប្រសិនបើធនធានមនុស្សរបស់យើងមានសុខភាពមិនល្អ នោះ សង្គមជាតិក៏ត្រូវជួបប្រទះបញ្ហាដែរ។ ដូច្នេះ ត្រូវយកចិត្តទុកដាក់អំពីបញ្ហានេះទាំងអស់គ្នា។ ចំពោះសាលារៀនមួយចំនួន ដែលមានអគារចាស់ទ្រុឌទ្រោម ថ្នាក់ដឹកនាំមន្ទីរ និងគណៈគ្រប់គ្រងសាលាត្រូវចុះពិនិត្យដោះស្រាយឱ្យអស់លទ្ធភាព ចៀសវាងការកើតមានគ្រោះថ្នាក់ចៃដន្យណាមួយកើតមានឡើង។ក្នុងករណីចាំបាច់ ត្រូវលើកគម្រោងមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីស្នើសុំជួសជុល ឬ សាងសង់អគារថ្មីឡើងវិញ។
  លោកបានបញ្ជាក់ផងដែរថាបច្ចុប្បន្ននេះ ជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី (2019-nCoV) កំពុងរាតត្បាតដល់បណ្តាប្រទេសមួយចំនួនជុំវិញពិភពលោក ក្នុងនោះសូមលោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ
ទាំងអស់ ជួយផ្សព្វផ្សាយបន្តដល់ក្មួយៗសិស្សានុសិស្ស កុំឱ្យមានការព្រួយបារម្ភ ឬ ភ័យខ្លាចខ្លាំងពេក
ដោយត្រូវជឿជាក់ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ អ្វីដែលយើងត្រូវយកចិត្តទុកដាក់និងអនុវត្តចំពោះមុខ គឺ (១) ត្រូវរួមគ្នាលុបបំបាត់ និងវាយបកភ្លាមៗចំពោះព័ត៌មានមិនពិត ឬ ព័ត៌មាន
បំពុលសង្គម (Fake News) ដោយត្រូវជឿជាកំតែលើបណ្តាញសារព័ត៌មានរបស់រដ្ឋ, យន្តការអ្នកនាំពាក្យ
របស់រដ្ឋបាលរាជធានីភ្នំពេញ, ក្រសួងអប់រំ និងក្រសួងសុខាភិបាល ទើបចាត់ទុកថាជាព័ត៌មានផ្លូវការ ។
  លោកហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញបានមានប្រសាសន៍បញ្ជាក់ឲ្យដឹងថា រយៈពេលពីរថ្ងៃនេះ សមាជិកសមាជិកានៃអង្គសន្និបាត បានពិភាក្សានិងសម្រេចជាវិធានការមួយចំនួនក្នុងនោះរួមមាន ការប្រមូលកុមារចូលរៀនក្នុងវ័យមតេយ្យសិក្សា ។ការគ្រប់គ្រងសាលារៀនស្អាតទូទាំងរាជធានីភ្នំពេញ ប្រសិទ្ធិភាពនៃការបង្រៀននិងរៀន។ ការពង្រឹងការគ្រប់គ្រងអាគារធនធាននិងសាលាបណ្ដាញក្របប្រកបដោយប្រសិទ្ធភាព ។ បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងកម្មវិធីអប់រំប្រព័ន្ធសម្រាប់គោលដៅអប់រំពេញមួយជីវិត ។ អភិវឌ្ឍយុវជនអោយមានកាយសម្បទាចំណេះដឹងចំណេះធ្វើសីលធម៏រស់នៅល្អ ចេះរួមរស់ជាមួយគ្នាដោយសន្តិភាពនិងសុខដុមរមនីយកម្ម ។លើកទឹកចិត្តអោយយុវជនមានគំនិតផ្ដួចផ្ដើមច្នៃប្រឌិតបង្កើតថ្មីនិងស្មារតីសហគ្រិនភាព ។ពង្រឹងការអនុវត្តការវិភាគអប់រំកាយគ្រឹះស្ថានសិក្សានិងការបានសម្រេចទិសដៅឆ្ពោះទៅកីឡាអាស៊ីហ្គេមឆ្នាំ២០២៣៕
អត្ថបទដែលជាប់ទាក់ទង