អភិបាលខណ្ឌដង្កោពន្យល់ពីបញ្ហាសំរាម និងបញ្ហាជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា ,ជូនបងប្អូនប្រជាពលរដ្ឋឲ្យបានយល់ដឹង
ភ្នំពេញ៖លោកស្រីអភិបាលខណ្ឌដង្កោ បានចុះធ្វើការផ្សព្វផ្សាយអំពីបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ បញ្ហាសំរាម និងបញ្ហាជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) ជូនបងប្អូនប្រជាពលរដ្ឋឲ្យបានយល់ដឹងកាន់តែច្បាស់ ហើយក្នុងករណីបងប្អូនសង្ស័យថា មានឆ្លងជំងឺរលាកផ្លូវដង្ហើមថ្មី សូមឲ្យបងប្អូនរាយការណ៍ជាបន្ទាប់មកអាជ្ញាធរភូមិសង្កាត់ ជួយសម្របសម្រួលបញ្ជូនទៅមន្ទីរពេទ្យឲ្យទាន់ពេលវេលា។
លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោធ្វើការផ្សព្វផ្សាយបែបនេះកាលពីព្រឹកថ្ងៃទី៤ ខែកុម្ភៈក្នុងឱកាសដែលលោកស្រី រួមជាមួយលោកអភិបាលរង នាយក នាយករង មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ បានចុះសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដើម្បីទទួលយកសំណើរ សំណូមពរ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋមកដោះស្រាយឲ្យទាន់ពេលវេលា ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ឆ្នាំ២០២០ ។
ព្រមជាមួយគ្នានោះដែរលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោក៏បានចុះជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋផងនិងជាការបង្ហាញខ្លួនជាសាធារណៈនៅក្នុងសង្កាត់ព្រែកកំពឹសជាលើកដំបូងឱ្យប្រជាពលរដ្ឋបានស្គាល់ផងដែរក្រោយពីលោកស្រីត្រូវបានតែងតាំងជាអភិបាលខណ្ឌដង្កោថ្មីជំនួសលោកនុត ពុធដារា អភិបាលខណ្ឌចាស់ដែលត្រូវទៅធ្វើជាអភិបាលរងខេត្តក្រចេះនោះ៕
