សម្ដេចតេជោ នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ខណៈរដ្ឋាភិបាលចិន មិនអនុញ្ញាតឱ្យសម្តេចទៅកាន់ទីក្រុងវូហាន
ភ្នំពេញ៖ ក្រសួងការបរទេសចិនឆ្លើយតបថា មិនអាចរៀបចំជូនដល់ការធ្វើដំណើររបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ទីក្រុងវូហានបានទេ ព្រោះទីក្រុងនេះបានប្រកាសភាពអាសន្នបិទ មិនឲ្យមានចរាចរណ៍ឆ្លងកាត់ នៅក្នុងតំបន់នេះនៅឡើយ ដូច្នេះសម្ដេចតេជោសែន បានដឹកនាំគណៈប្រតិភូទៅកាន់ទីក្រុងប៉េកាំង ដើម្បីបានជួបសម្តែងការគួសម ជាមួយភាគីមិត្តចិន នឹងបានស្វែងយល់អំពីការយកចិត្តទុកដាក់ របស់រដ្ឋាភិបាលចិន។
សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារនៅព្រឹកថ្ងៃទី 5 ខែកុម្ភៈនេះថា
សុខសប្បាយជាទេបងប្អូនជនរួមជាតិ?
សម្ដេចនាយករដ្ឋមន្ត្រីបានលើកឡើងទៀតថា តាមគម្រោងនៅថ្ងៃទី៥ កុម្ភៈនេះ ខ្ញុំគ្រោងនឹងចាកចេញពីប្រទេសកូរ៉េខាងត្បូង ឆ្ពោះទៅទីក្រុងវូហាន ខេត្តហ៊ូប៉ីប្រទេសចិន ដើម្បីទៅសួរសុខទុក្ខកូនក្មួយនិស្សិតខ្មែរ ២៣ នាក់ដែលកំពុសិក្សានៅទីនោះ។ ប៉ុន្តែមកទល់ម៉ោង១១:០០យប់មិញ ទើបក្រសួងការបរទេសចិន ឆ្លើយតបថា មិនអាចរៀបចំជូនដល់ការធ្វើដំណើររបស់ខ្ញុំ ទៅកាន់ទីក្រុងវូហានបានទេ ព្រោះទីក្រុងនេះបានប្រកាសភាពអាសន្នបិទមិនឲ្យមានចរាចរណ៍ឆ្លងកាត់នៅក្នុងតំបន់នេះនៅឡើយ ហើយចំពោះនិស្សិតវិញក៏មិនត្រូវបានអនុញ្ញាតឲ្យចេញក្រៅពីទីកន្លែងរស់នៅបានដែរ។
សម្ដេចបានមានប្រសាសន៍ទៀតថា
ដោយសារមិត្តចិនយល់អំពីការព្រួយបារម្ភរបស់ខ្ញុំចំពោះពលរដ្ឋ និងនិស្សិតខ្មែរដែលកំពុងរស់នៅក្នុងប្រទេសចិន នៅព្រឹកមិញនេះ ខាងរដ្ឋាភិបាលចិនបានអនុញ្ញតឲ្យខ្ញុំធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីបានជួបសម្តែងការគួសមជាមួយភាគីមិត្តចិន នឹងបានស្វែងយល់អំពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលចិន ចំពោះបងប្អូននិងកូនក្មួយសិស្សនិស្សិតខ្មែរយើង ដែលកំពុងរស់នៅនឹងសិក្សានៅក្នុងទីក្រុងវូហាន ក៏ដូចជានៅទូទាំងប្រទេសចិន។
ដូច្នេះនៅរសៀលនេះ ខ្ញុំនឹងដឹកនាំគណៈប្រតិភូកម្ពុជា ចាកចេញពីប្រទេសកូរ៉េខាងត្បូង ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង មុននឹងធ្វើដំណើរវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ។ ខ្ញុំសូមអរគុណបងប្អូនជនរួមជាតិ និងកូនក្មួយដែលគោរពស្រឡាញ់ខ្ញុំ និងចង់ឲ្យខ្ញុំមានសុខភាពល្អ។
សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយសិស្សនិស្សិតដែលកំពុងរស់នៅក្នុងទីក្រុងវូហាន និងនៅក្នុងប្រទេសចិនទាំងអស់ ជួបតែសេចក្តីសុខ សំណាងល្អ និងចៀសផុតពីជំងឺទាំងឡាយ៕