នគរបាលព្រហ្មទណ្ឌកំរិតស្រាល ឃាត់ខ្លួនជនសង្ស័យ២នាក់ ឆក់ទូរស័ព្ទ បណ្តាលឲ្យជនរងគ្រោះធ្លាក់ពីលើរ៉ឺម៉កម៉ូតូកង់បី(PassApp) កាលពីអាទិត្យមុន
ភ្នំពេញ៖ ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(ឆក់ទូរស័ព្ទ) បណ្តាលឲ្យជនរងគ្រោះធ្លាក់ពីលើរ៉ឺម៉កម៉ូតូកង់បី (PassApp) មកលើថ្នល់រងរបួសបែកចិញ្ចើមខាងឆ្វេងហូរឈាម ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួន។ ក្រុមជនសង្ស័យបានធ្វើសកម្មភាពឆក់ទូរស័ព្ទ នៅចំណុចមុខផែថ្មភ្នំពេញ ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២០ វេលាម៉ោងប្រហែល១៣និង១០នាទី។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឱ្យដឹងនៅរសៀលថ្ងៃទី៥ ខែកុម្ភៈនេះថា ជនសង្ស័យចំនួន២នាក់ ខាងលើត្រូវបានកម្លាំងជំនាញឃាត់ខ្លួនកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោងប្រហែល១៦និង២0នាទី នៅចំណុចមុខផ្ទះលេខ៣១ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកនាយការិយាល័យបន្តថា ជនសង្ស័យទី១-ឈ្មោះ ហែម សំរិទ្ធស័ក្ត ហៅសាក់ម៉ាប់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣១ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងទី២-ឈ្មោះ ដួង តារ៉ាស័ក្ត ហៅ សាក់តូច ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យឫស្សីកែវ ស្នាក់នៅផ្ទះលេខ៦ ផ្លូវបេតុង ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យកៈ ម៉ូតូម៉ាកស៊ុយហ្សុយគីនិច ពណ៌ខៀវ+ស ឆ្នាំផលិត២០២០ លេខតួ ៥៥១០៨ លេខម៉ាស៊ីន៤៩១២ ពាក់ផ្លាកលេខ ភ្នំពេញ១ HY-៧១៦១។
ជនរងគ្រោះឈ្មោះ ហេង ភារម្យ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ៨អា ផ្លូវបេតុង ភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរបុគ្គលិកក្រុមហ៊ុនកូកាកូឡា។
សម្ភារៈបាត់បង់ៈទូរស័ព្ទដៃម៉ាកIPhone11 ពណ៌ខ្មៅមួយគ្រឿង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕