ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុម័តទាំ​ងស្រុងលើ “គម្រោងអភិវឌ្ឍរោងចក្រអ​គ្គិ​សនី​ដុតធ្យូងថ្ម ២៦៥មេហ្គាវ៉ាត់ នៅស្រុកត្រពាំងប្រាសាទ ​គម្រោងអភិវឌ្ឍបណ្ដាញប​ញ្ជូ​ន២​៣០គីឡូវ៉ុល ពីរោងចក្រអគ្គិសនីធ្យូ​ង​ថ្មខេ​ត្តឧត្ត​រ​មាន​ជ័​យ

72

 

ភ្នំពេញ៖ លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា កិច្ចប្រជុំពេញអង្គគណៈរ​ដ្ឋ​មន្រ្តី​ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ស​ម្តេ​ចអ​គ្គមហា​សេនាប​តី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រក​ម្ពុ​ជា បានសម្រេចអនុម័​ត​ទាំងស្រុង លើ “គម្រោងអភិវឌ្ឍរោងចក្រ​​អគ្គិស​នីដុត​ធ្យូ​ងថ្ម ២៦៥មេហ្គាវ៉ាត់ នៅ​ស្រុ​កត្រពាំ​ងប្រា​សាទ ខេត្តឧត្តរមាន​ជ័​យ
គម្រោងអភិវ​ឌ្ឍ​បណ្ដា​ញប​ញ្ជូន​២៣០គីឡូវ៉ុល ពីរោងចក្រអគ្គិសនីធ្យូ​ង​ថ្មខេត្ត​ឧត្ត​រមានជ័យ មកអនុស្ថានីយសៀមរាប​ ​និងគម្រោងអភិវឌ្ឍរោងច​ក្រ​អគ្គិ​សនីដុតធ្យូងថ្ម៧០០មេ​ហ្គា​វ៉ាត់ នៅស្រុកបទុមសាគរ ​ខេ​ត្តកោះកុង និងការអនុវត្តប​ន្ត​ទៀត”​។

សូមបញ្ជាក់ថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមបន្តពិភាក្សាលើរបៀបវារៈស្តីពី“សំណើរសុំការពិនិត្យសម្រេចលើគម្រោងវិនិយោគចំនួន ៣ គឺ ទី១ គម្រោងរោងចក្រអគ្គិសនីដុតធ្យូងថ្ម ២៦៥ មេហ្កាវ៉ាត់ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ទី២ គម្រោងខ្សែបណ្ដាញ ២៣០ គីឡូវ៉ុល ភ្ជាប់ពីរោងចក្រអគ្គិសនី
ស្រុកត្រពាំងប្រាសាទ មកអនុស្ថានីយខាងកើតសៀមរាប និងទី៣ គម្រោងរោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០ មេហ្កាវ៉ាត់នៅស្រុកបុទុមសាគរ ខេត្តកោះកុង”។

ដែលមានខ្លឹមសារសង្ខេបដូចខាងក្រោម៖

នៅក្នុងផែនការមេបន្ថែមប្រភពអគ្គិសនីឆ្នាំ ២០២០ ដល់ឆ្នាំ ២០៣០ ដែលបានសិក្សាខាងលើ ដើម្បីបំពេញឲ្យបានគ្រប់គ្រាន់នូវប្រភពអគ្គិសនី សម្រាប់ផ្គត់ផ្គង់ឲ្យសេចក្តីត្រូវការអគ្គិសនីពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៤ យើងនៅមានគម្រោងសាងសង់រោងចក្រអគ្គិសនីដុតថ្ម ចំនួន ២ កន្លែងទៀត ដែលត្រូវធ្វើការអភិវឌ្ឍ គឺ៖ ទី១ រោងចក្រអគ្គិសនីដុតធ្យូងថ្ម ២៦៥ មេហ្កាវ៉ាត់ នៅស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ ដោយប្រើប្រាស់សក្តានុពលរ៉ែធ្យូងថ្មដែលមាននៅក្នុងតំបន់នោះ ដែលបានគ្រោងដាក់ឲ្យដំណើរការនៅចុងឆ្នាំ ២០២១ និងឆ្នាំ ២០២២ និងទី២ រោងចក្រអគ្គិសនីដុតធ្យូងថ្ម ៧០០ មេហា្កវ៉ាត់នៅស្រុកបុទុមសាគរ ខេត្តកោះកុង ដោយប្រើប្រាស់ធ្យូងថ្មនាំចូលតាមច្រកសមុទ្រ ដែលគ្រោងដាក់ឲ្យដំណើរការនៅឆ្នាំ២០២៣ និងឆ្នាំ២០២៤។ ពាក់ព័ន្ធជាមួយការអភិវឌ្ឍន៍រោងចក្រអគ្គិសនីដុតធ្យូងថ្មទាំង ២នេះ រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុន HAN SENG COAL MINES CO.,LTD ធ្វើការវិនិយោគលើគម្រោងរោងចក្រអគ្គិសនីដុតធ្យូងថ្ម ២៦៥ មេហ្កាវ៉ាត់ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និងជាមួយគ្នានោះធ្វើការវិនិយោគលើគម្រោងសាងសង់បណ្តាញបញ្ជូន ២៣០ គីឡូវ៉ុល ភ្ជាប់ពីរោងចក្រអគ្គិសនីនេះ មកអនុស្ថានីយខាងកើតសៀមរាប និងបានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុន ROYAL GROUP សហការជាមួយក្រុមហ៊ុន SINOSTEEL EQUIPMENT & ENGINEERING CO.,LTD មកពីសាធារណរដ្ឋប្រជាមានិតចិន ធើ្វការអភិវឌ្ឍន៍គម្រោងរោងចក្រអគ្គិសនីដុតធ្យូងថ្ម ៧០០ មេហ្កាវ៉ាត់ នៅស្រុកបុទុមសាគរ ខេត្តកោះកុង ដោយប្រើប្រាស់ធ្យូងថ្មនាំចូលតាមច្រកសមុទ្រ។
ដើម្បីធ្វើការអភិវឌ្ឍន៍គម្រោងទាំង ៣ ខាងលើនេះ រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យក្រសួងរ៉ែ និងថាមពល បងើ្កតគណៈកម្មការចរចារអន្តរក្រសួង ដែលមានសមាសភាពមកពីក្រសួងរ៉ែ និងថាមពល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរអគ្គិសនីកម្ពុជា ធ្វើការចរចារជាមួយក្រុមហ៊ុនវិនិយោគទាំង ២។ ដំណើរការនៃការចរចារគម្រោងទាំង ៣ នេះ បានចែកចេញជា ២ វគ្គ វគ្គទី១ ចរចារលើលក្ខខណ្ឌបច្ចេកទេស និងលក្ខខណ្ឌហិរញ្ញវត្ថុរបស់គម្រោង ដែលត្រូវឯកភាពគ្នាជាមុន មុនឈានដល់វគ្គទី២ គឺការចរចាររៀបចំកិច្ចព្រមព្រៀងសម្រាប់ការវិនិយោគគម្រោង។ បច្ចុប្បន្នលក្ខខណ្ឌបច្ចេកទេស លក្ខខណ្ឌហិរញ្ញវត្ថុកិច្ចព្រមព្រៀងអនុវត្តគម្រោង (IA) កិច្ចព្រមព្រៀងទិញលក់ថាមពល (PPA) និង លិខិតធានារបស់រាជរដ្ឋាភិបាល (LOG) សម្រាប់ការវិនិយោគគម្រោងទាំង ៣ នេះ។

I. គម្រោងអភិវឌ្ឍរោងចក្រអគ្គិសនីដុតធ្យូងថ្ម២៦៥មេហ្កាវ៉ាត់នៅខេត្តឧត្តរមានជ័យ
– រោងចក្រអគ្គិសនីដែលក្រុមហ៊ុន HSCMC ត្រូវអភិវឌ្ឍ គឺរោងចក្រអគ្គិសនីដុតធ្យូងថ្ម ដែលរ៉ែធ្យូងថ្មជីកបាននៅតំបន់នោះ មានទីតាំងឋិតនៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលមានអនុភាពដំឡើងសរុប ២៦៥ មេហ្កាវ៉ាត់ និងអានុភាពធានាផ្តល់ឲ្យបណ្តាញជាតិ ២៣០ មេហា្កវ៉ាត់ ក្នុងនោះអគ្គិសនីកម្ពុជា ត្រូវធានាទិញថាមពល ៨៥% ស្មើនឹង ១៧១២,៥៨ លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ។
– ទំហំវិនិយោគសរុប ២៩៤,៣០ លានដុល្លារអាមេរិក ក្នុងនោះទុនផ្ទាល់ ៣០%និងខ្ចីពីធនាគារ ៧០% តាមអត្រាការប្រាក់ ៦,៥%។
– ទំហំការងារដែលក្រុមហ៊ុនត្រូវសាងសង់មាន៖ ១-ហេដ្ឋារចនាសម្ព័ន្ធរោងចក្រអគ្គិសនី។ ២-ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនធ្យូងថ្មពីតំបន់រ៉ែធ្យូងថ្ម និងប្រព័ន្ធលាងសម្អាតធ្យូងថ្មមុនពេលដុត។ ៣-ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹក។ និង ៤-ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី និងអនុស្ថានីយអគ្គិសនី ភ្ជាប់ទៅបណ្តាញជាតិ។
– រយៈពេលសាងសង់ និងដាក់ឲ្យដំណើរការរោងចក្រអគ្គិសនី ត្រូវស្របតាមផែនការមេវិស័យអគ្គិសនី ដោយដំណាក់កាលទី១ ម៉ាស៊ីន ២ គ្រឿង ទំហំ (២×៦៥)មេហ្កាវ៉ាត់ ត្រូវដាក់ឲ្យដំណើរការនៅឆ្នាំ២០២១ និងដំណាក់កាលទី២ ម៉ាស៊ីន ១ គ្រឿង ទំហំ (១×១៣៥)មេហ្កាវ៉ាត់ ត្រូវដាក់ឲ្យដំណើរការដនៅឆ្នាំ២០២២។ រយៈពេលដំណើរការអាជីវកម្មរបស់រោងចក្រអគ្គិសនីនេះ គឺ ២៥ ឆ្នាំ។
– ថ្លៃធ្យូងថ្ម ៥០ ដុល្លារអាមេរិក ក្នុង១តោន ថ្លៃប្រើប្រាស់ឥន្ធនៈ ០,០៣៩ដុល្លារអាមេរិក ក្នុង១គីឡូវ៉ាត់ម៉ោង ថ្លៃសមាធាតុមិនមែនឥន្ធនៈ ០,០៣៤ ដុល្លារអាមេរិកក្នុង ១គីឡូវ៉ាត់ម៉ោង និងលក់អគ្គិសនី ០,០៧៣ ដុល្លារអាមេរិកក្នុង១គីឡូវ៉ាត់ម៉ោង។ ថ្លៃទាំងអស់នេះថេរក្នុងរយៈពេល ២៥ ឆ្នាំនៃការធ្វើអាជីវកម្ម។
– ដើម្បីធានាការបំភាយឧស្ម័នឲ្យឋិតនៅក្នុងកម្រិតស្តង់ដារបរិស្ថានជាតិ ក្រុមហ៊ុនឯកភាព៖ ទី១-រៀបចំដំឡើងប្រព័ន្ធលាងសម្អាតធ្យូងថ្មមុនពេលដុត ដើម្បីធានាថាធ្យូងថ្មដែលយកទៅដុត មានលក្ខណៈស្របតាមការកំណត់នៃអនុក្រឹត្យលេខ ៤២ អនក្រ.បក ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០០០ និងមានកម្រិតស្ពាន់ធ័រក្រោម ១,៥ %។ ទី២-រៀបចំមន្ទីរពិសោធន៍តេស្តធ្យូងថ្ម ដើម្បីពិនិត្យ និងតេស្តធ្យូងថ្មមុនយកទៅដុត។ ៣-រៀបចំប្រព័ន្ធតាមដាន និងវាស់វែងឧស្ម័នពុលនៅលើកំពូលបំពង់ផ្សែង រួចភ្ជាប់ទិន្នន័យនេះមកបរិធានកត់ត្រា ដើម្បីកត់ត្រាទុកសម្រាប់ពិនិត្យ និងភ្ជាប់ទៅផ្ទាំងព័ត៌មានដាក់បង្ហាញនៅមុខរោងចក្រ ដើម្បីសាធារណជនអាចត្រួតពិនិត្យដោយសេរី។ និងទី៤-ផ្ញើររបាយការណ៍តេស្តធ្យូងថ្ម និងទិន្នន័យនៃឧស្ម័នដែលបំភាយចេញតាមបំពង់ផែ្សង មកក្រសួង និងស្ថាប័នពាក់ពន្ធ័ តាមការកំណត់។
– លើកលែងពន្ធនាំចូលគ្រឿងចក្រ គ្រឿងម៉ាស៊ីន បរិក្ខារឧបករណ៍ និងសម្ភារៈនានា សម្រាប់ការសាងសង់ក្នុងរយៈពេលសាងសង់ និងឆ្នាំទី១ នៃឆ្នាំប្រតិបត្តិ្កការអាជីវកម្ម។
– អាករលើតម្លៃបន្ថែម (VAT) និងអាករពិសេស ជាបន្ទុករបស់រដ្ឋ លើការនាំចួលគ្រឿងចក្រ គ្រឿងម៉ាស៊ីន បរិក្ខារឧបករណ៍ និងសម្ភារៈនានា សម្រាប់ការសាងសង់ ក្នុងរយៈពេលសាងសង់ និងឆ្នាំទី១នៃឆ្នាំប្រតិបត្តិការអាជីវកម្ម។
– រយៈពេលលើកលែងពន្ធលើប្រាក់ចំណូល គឺ៩ ឆ្នាំគិតចាប់ពីថ្ងៃប្រតិបត្តិការអាជីកម្ម។
– ក្រុមហ៊ុនត្រូវធើ្វការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅលើទីតាំងដែលចាំបាច់ត្រូវធ្វើការសិក្សារវិស្វកម្មលម្អិត និងនៅលើទីតាំងធ្វើការសាងសង់គម្រោង ដោយត្រូវធ្វើផែនទីបង្ហាញទីតាំងបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជូនក្រសួងរ៉ែ និងថាមពល ពិនិត្យ។
– រាជរដ្ឋាភិបាលត្រូវផ្តល់លិខិតធានា ដើម្បីធានាការទូទាត់២ប្រភេទ របស់ក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា គឺទី១-ធានាទូទាត់ថ្លៃទិញអគ្គិសនី ក្នុងករណីដែលអគ្គិសនីកម្ពុជាមិនធ្វើការទូទាត់ឲ្យក្រុមហ៊ុនតាមកិច្ចព្រមព្រៀងទិញ-លក់ និងទី២-ធានាការទូទាត់ទិញយកហេដ្ឋារចនាសម្ព័ន្ធនៃគម្រោងក្នុងករណីមានប្រធានសក្តិនយោបាយ ដែលនាំក្រុមហ៊ុនពុំអាចដំណើរការអាជីវកម្មបាន។

II. គម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូន ២៣០ គីឡូវ៉ុល ភ្ជាប់ពីរោងចក្រអគ្គិសនីធ្យូងថ្ម ខេត្តឧត្តរមានជ័យ មកអនុស្ថានីយខាងកើតសៀមរាប
– ខ្សែបណ្តាញដែលក្រុមហ៊ុន HSCMC ត្រូវអភិវឌ្ឍគឺបណ្តាញបញ្ជូន ២៣០ គីឡូវ៉ុល ភ្ជាប់រោងចក្រអគ្គិសនីធ្យូងថ្មរបស់ក្រុមហ៊ុនមកអនុស្ថានីយសៀមរាបខាងកើតរបស់អគ្គិសនីកម្ពុជា។ រូបភាពវិនិយោគគឺសាងសង់-ផេ្ទរ (Build-Transfer) ។ ពេលសាងសង់រួច ត្រូវផ្ទេរហេដ្ឋារចនាសម្ព័ន្ធឲ្យអគ្គិសនីកម្ពុជាគ្រប់គ្រង។
– ទំហំវិនិយោគសរុប ៦១,៤៥ លានដុល្លារអាមេរិក ក្នុងនោះទុនផ្ទាល់ ៣០ %និងខ្ចីពីធនាគារ ៧០ % តាមអត្រាការប្រាក់ ៦,៥ %។
– ទំហំការងារសំខាន់ៗដែលក្រុមហ៊ុនត្រូវសាងសង់មាន៖ ១-ខ្សែបណ្តាញបញ្ជូនអគ្គិសនី ២៣០ គីឡូវ៉ុលចំនួន ២ សៀគ្វី(ក្នុង១ហ្វាមាន ២ខ្សែ ទំហំខ្សែនីមួយៗ ៦៣០ mm2) ប្រវែង ៣៥ គីឡូម៉ែត្រ ពីអនុស្ថានីយអគ្គិសនីខាងកើតសៀមរាបទៅអនុស្ថានីយអគ្គីសនីក្បែរអាកាសយានដ្ឋានសៀមរាបថ្មី, ២-ខ្សែបណ្តាញ ២៣០ គីឡូវ៉ុល ចំនួន ២ សៀគ្វី (ក្នុង១ហ្វា មាន ១ខ្សែ ទំហំ ៦៣០ mm2 ) ប្រវែង ១០០ គីឡូម៉ែត្រ ពីរោងចក្រអគ្គិសនី ទៅអនុស្ថានីយអគ្គីសនីក្បែរអាកាសយានដ្ឋានសៀមរាបថ្មី, ៣-បរិក្ខារតភ្ជាប់បណ្តាញអគ្គិសនីជាមួយអនុស្ថានីយទាំង២ និង៤-បង្គោលទប់ចុងខ្សែ (Dead End Pole) ចំនួន ២ នៅអនុស្ថានីយ អគ្គិសនីក្បែរអាកាសយានដ្ឋានសៀមរាបថ្មី ហើយរយៈពេលសាងសង់តម្រូវទៅតាមកម្មវិធីដាក់ឲ្យដំណើរការរោងចក្រអគ្គិសនី។
– អាណត្តិកិច្ចព្រមព្រៀងចំនួន ១០ ឆ្នាំ អគ្គិសនីកម្ពុជាត្រូវបង់រំលស់ថ្លៃហេដ្ឋារចនាសម្ព័ន្ធទៅឲ្យក្រុមហ៊ុនក្នុងរយៈពេល ១០ ឆ្នាំ ដែលក្នុង ១ ឆ្នាំ ១១ លានដុល្លារអាមេរិក។ ការបង់រំលស់នេះ ត្រូវចែកចេញជាពីរដំណាក់កាល៖ ទី១-បង់រំលស់ប្រចាំខែស្មើនឹង ៥០% ថ្លៃត្រូវបង់រំលស់ប្រចាំខែសរុប ក្នុងអំឡុងពេលរោងចក្រដំណើរការវគ្គទី១ អានុភាព ២×៦៥ មេហ្កាវ៉ាត់ និងទី២-បង់រំលស់ប្រចាំខែ ១០០% នៃថ្លៃត្រូវបង់រំលស់ប្រចាំខែសរុប នៅពេលរោងចក្រចាប់ផ្តើមដំណើរការវគ្គទី២ គឺ(២×៦៥)+(១×១៣៥)មេហ្កាវ៉ាត់ រហូតគ្រប់ ១០ឆ្នាំ។ ចំពោះថ្លែបង់រំលស់ដែលនៅសល់វគ្គទី១ (៥០%) អគ្គិសនីកម្ពុជាត្រូវបង់ឱ្យក្រុមហ៊ុនបន្តទៀតតាមខែរហូតគ្រប់ចំនួន។
– លើកលែងពន្ធនាំចូលគ្រឿងចក្រ គ្រឿងម៉ាស៊ីន បរិក្ខារឧបករណ៍ និងសម្ភារនានា សម្រាប់ការសាងសង់ក្នុងរយៈពេលសាងសង់ និងឆ្នាំទី១ នៃឆ្នាំប្រតិបត្តិការអាជីវកម្ម។ អាករលើតម្លៃបន្ថែម(VTA) និងអាករពិសេស ជាបន្ទុករបស់រដ្ឋ លើការនាំចូលគ្រឿងចក្រ គ្រឿងម៉ាស៊ីន បរិក្ខារឧបករណ៍ និងសម្ភារនានា សម្រាប់ការសាងសង់ ក្នុងរយៈពេលសាងសង់ និងឆ្នាំទី១ នៃឆ្នាំប្រតិបត្តិការអាជីវកម្ម។
– រយៈពេលលើកលែងពន្ធលើប្រាក់ចំណូលគឺ ៩ឆ្នាំ គិតចាប់ពីថ្ងៃប្រតិបត្តិការអាជីវកម្ម។
III. គម្រោងអភិវឌ្ឍរោងចក្រអគ្គិសនីដុតធ្យុងថ្ម ៧០០មេហ្កាវ៉ាត់ នៅស្រុកបុទុមសាគរខេត្តកោះកុង
– រោងចក្រអគ្គិសនីដែលក្រុមហ៊ុន ROYAL GROUP ត្រូវអភិវឌ្ឍ គឺរោងចក្រអគ្គិសនីដុតធ្យុងថ្មនាំចូលមានទីតាំងឋិតនៅស្រុកបុទុមសាគរ ខេត្តកោះកុង ដែលមានអានុភាពដំឡើងសរុប ៧០០ មេហ្គាវ៉ាត់ និងអានុភាពធានាផ្តល់ឲ្យបណ្តាញជាតិ ៦៨០ មេហ្គាវ៉ាត់ ក្នុងនោះអគ្គិសនីកម្ពុជាត្រូវធានាទិញថាមពល ៨០% នៃអានុភាពធានាផ្តល់ឲ្យបណ្តាញជាតិ ស្មើនឹង ៤៧៦៥,៤៤ លានគីឡូវ៉ាត់ម៉ោងក្នុង ១ឆ្នាំ។ រូបភាពវិនិយោគ គឺសាងសង់-ធ្វើម្ចាស់-អាជីវកម្ម(Build-Own-Operate=BOO)។
– ទំហំវិនិយោគសរុប ១៣៤៤,២០ លានដុល្លារអាមេរិក ក្នុងនោះទុនផ្ទាល់ ៣០% និងខ្ចីពីធនាគារ ៧០% តាមអត្រាការប្រាក់ ៦,៥%។
– ទំហំការងារដែលក្រុមហ៊ុនត្រូវសាងសង់រួមមាន៖ ១- ហេដ្ឋារចនាសម្ព័ន្ធរោងចក្រអគ្គិសនីដុតធ្យូងថ្ម ២- ហេដា្ឋរចនាសម្ព័ន្ធដឹកជញ្ជូនធ្យូងថ្មពីផែក្នុងសមុទ្រ មករោងចក្រអគ្គិសនី ៣- ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកសម្រាប់រោងចក្រអគ្គិសនី និង៤- ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី និងខែ្សបណ្តាញបញ្ជូនភា្ជប់ទៅអនុសា្ថនីយបុទុមសាគរបស់អគ្គិសនីកម្ពុជា។
– រយៈពេលសាងសង់ និងដាក់ឲ្យដំណើរការរោងចក្រអគ្គិសនី ត្រូវស្របតាមផែនការមេវិស័យអគ្គិសនី ដោយម៉ាស៊ីនទី១ ទំហំ (១x៣៥០) មេហ្គាវ៉ាត់ ត្រូវដាក់ឲ្យដំណើរការនៅឆ្នាំ២០២៣ និងម៉ាស៊ីនទី២ ទំហំ (១x៣៥០) មេហ្គាវ៉ាត់ ត្រូវដាក់ឲ្យដំណើរករនៅឆ្នាំ២០២៤។ រយៈពេលដំណើរការអាជីវកម្មរបស់រោងចក្រអគ្គិសនីនេះ គឺ ៣៥ឆ្នាំ។
– ថ្លៃធ្យូងថ្មគោល ៨៥ ដុល្លារអាមេរិក ក្នុង១តោន កម្រិតកំដៅនៃធ្យូងថ្មដែលត្រូវនាំចូលគឺ ៦២១០ kcal/kg អត្រាកំដៅរោងចក្រ ២៥០០ kcal/kwh ថ្លៃឥន្ធនៈ (FCR ) ស្មើនឹង ០,០៣៨២២ ដុល្លារអាមេរិក ក្នុង ១គីឡូវ៉ាត់ម៉ោង ថ្លៃសមាសធាតុមិនមែនឥន្ធនៈ (NFCR) ស្មើនឹង ០,០៣៨៧ ដុល្លារអាមេរិក ក្នុង១ គីឡូវ៉ាត់ម៉ោង និងថ្លៃលក់អគ្គិសនីជាមធ្យម ០,០៧២៩២ ដុលា្លរអាមេរិក ក្នុង១ គីឡូវ៉ាត់ម៉ោង។
– ចំពោះបញ្ហាបរិស្ថាន ក្រុមហ៊ុនឯកភាពតាមការវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) និងអនុវត្តនូវវិធានការដោះស្រាយផលប៉ះពាល់ តាមការកំណត់របស់ក្រសួងបរិស្ថាន និងក្រសួងស្ថាប័នពាក់ព័ន្ធ។ ដើម្បីធានាចំពោះការភាយឧស្ម័នទៅក្នុងបរិយាកាស ក្រុមហ៊ុនឯកភាពរៀបចំប្រព័ន្ធតាមដាន និងវាស់វែងឧស្ម័នពុលនៅលើកំពូលបំពង់ផ្សែង រួចភ្ជាប់ទិន្នន័យនេះមកបរិធានកត់ត្រា ដើម្បីកត់ត្រាទុកសម្រាប់ពិនិត្យ និងភ្ជាប់ទៅផ្ទាំងព័ត៌មានដាក់ខាងមុខរោងចក្រ ដើម្បីសាធារណជនអាចត្រួតពិនិត្យដោយសេរីនៅខាងក្រៅរោងចក្រ និងឯកភាពធ្វើការកត់ត្រា និងផ្ញើរបាយការណ៍ទិន្នន័យ នៃឧស្ម័នដែលបានបំភាយចេញតាមបំពង់ផ្សែង មកក្រសួង និងស្ថាប័នពាក់ព័ន្ធ តាមការកំណត់។
– រាជរដ្ឋាភិបាល លើកលែងពន្ធនាំចូលគ្រឿងចក្រ គ្រឿងម៉ាស៊ីន បរិក្ខារឧបករណ៍ និងសម្ភារនានា នៃគម្រោង ក្នុងរយៈពេលសាងសង់ និងឆ្នាំទី១ នៃឆ្នាំប្រតិបត្តិការ។
– អាករលើតម្លៃបន្ថែម (VAT) និងអាករពិសេស ជាបន្ទុករបស់រដ្ឋ លើការនាំចូលគ្រឿងម៉ាស៊ីន បរិក្ខារឧបករណ៍ និងសម្ភារនានា នៃគម្រោង ក្នុងរយៈពេលសាងសង់ និងឆ្នាំទី១ នៃឆ្នាំប្រតិបត្តិការ។
– រយៈពេលលើកលែងពន្ធលើប្រាក់ចំណូល គឺ ៩ឆ្នាំ គិតចាប់ពីថ្ងៃប្រតិបត្តិការអាជីវកម្ម(ពន្ធដទៃទៀតត្រូវបង់ធម្មតា)។
– ក្រុមហ៊ុនត្រូវធ្វើការបោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅលើទីតាំងដែលចាំបាច់ ត្រូវធ្វើការសិក្សាវិស្វកម្មសំអិត និងនៅលើទីតាំងធ្វើការសាងសង់គម្រោង ដោយត្រូវធ្វើផែនទីបង្ហាញអំពីទីតាំងបោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជូនក្រសួងរ៉ែ និងថាមពល ពិនិត្យ។
– រាជរដ្ឋាភិបាលត្រូវផ្គល់លិខិតធានា ដើម្បីធានាការទូទាត់ ២ប្រភេទ របស់ក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា គឺទី១- ធានាទូទាត់ថ្លៃទិញអគ្គិសនីពីក្រុមហ៊ុន ក្នុងករណីដែលអគ្គិសនីកម្ពុជាមិនធ្វើការទូទាត់ឱ្យក្រុមហ៊ុនតាមកិច្ចព្រមព្រៀងទិញ-លក់ និងទី២- ធានាការទូទាត់ទិញយកហេដ្ឋារចនាសម្ព័ន្ធនៃគម្រោង ក្នុងករណីមានប្រធានសក្តិនយោបាយ ដែលនាំឱ្យក្រុមហ៊ុនពុំអាចដំណើរការអាជីវកម្មបាន។
គម្រោងវិនិយោគទាំង ៣នេះ មានភាពចាំបាច់ក្នុងការបំពេញឱ្យបានគ្រប់គ្រាន់នូវប្រភពអគ្គិសនី ធានាសុវត្ថិភាព និងសន្តិសុខ នៃការផ្គត់ផ្គង់អគ្គិសនីក្នុងព្រះរាជាណាចក្រកម្ពុជា ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៤ ធានាឱ្យមានស្ថិរភាពផ្គត់ផ្គង់នៅរដូវប្រាំង ដែលវារីអគ្គិសនីរបស់យើងមួយភាគធំពុំមានលទ្ធភាពផលិតបានច្រើន ការចរចាលើបច្ចេកទេសនិងហិរញ្ញវត្ថុមានលក្ខណៈសមរម្យ អាចចូលរួមបន្ថយថ្លៃអគ្គិសនីបន្ថែមទៀតជូនអ្នកប្រើប្រាស់អគ្គិសនីនៅកម្ពុជា ឆ្លើយតបនឹងគោលនយោបាយបន្ថយថ្លៃអគ្គិសនីរបស់រាជរដ្ឋាភិបាល រួចម្យ៉ាងទៀងកង្វល់លើបញ្ហាបរិស្ថានត្រូវបានដោះស្រាយដោយសមស្រប តាមគោលការណ៍ក្រសួងបរិស្ថាន។

អត្ថបទដែលជាប់ទាក់ទង