អភិបាលរាជធានីភ្នំពេញ ទៅទទួលស្វាគមន៍ និងជូនដំណើរភ្ញៀវទេសចរ ដែលជិះលើកប៉ាល់ Westerdam មុនបន្តហោះត្រឡប់ទៅកាន់ប្រទេសរបស់ពួកគាត់វិញ

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង អមដំណើរដោយអភិបាលរង លោក កើត ឆែ និងលោក មាន ចាន់យ៉ាដា ព្រមទាំងអភិបាលខណ្ឌពោធិ៍សែនជ័យ ព្រមទាំងមន្ដ្រីមួយចំនួនទៀតនារសៀលថ្ងៃទី១៤ កុម្ភះនេះបានធ្វើដំណើរទៅកាន់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ដើម្បីទទួលស្វាគមន៍ និងជូនដំណើរក្រុមភ្ញៀវទេសចរ ជើងទី២ ចំនួន ១៤១នាក់ ដែលបានជិះប៉ាល់ Westerdam មុននឹងបន្តហោះហើរតាមយន្តហោះត្រឡប់ទៅកាន់ប្រទេសរបស់ពួកគាត់វិញ ។
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង ក្នុងឱកាសអញ្ជើញស្វាគមន៍ដល់ភ្ញៀវទេសចរណ៍ទាំងនេះ នៅក្នុងព្រលានយន្តហោះពោធិចិនតុង បានមានប្រសាសន៍លើកឡើងថា សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានអញ្ជើញទៅទទួលស្វាគមន៍ដោយផ្ទាល់ភ្ញៀវបរទេសចំនួនជាង២០០០នាក់ ដែលជិះលើកប៉ាល់ចូលចតនៅ ក្រុងព្រះសីហនុ ដល់ក្រុង ព្រះសីហនុ។ សម្ដេចបានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះភ្ញៀវអន្តរជាតិដែលមកលេងនៅប្រទេសកម្ពុជា។ នេះបញ្ជាក់ឲ្យឃើញថាសម្ដេចតេជោហ៊ុនសែន មិនត្រឹមតែយកចិត្តទុកដាក់ចំពោះតែប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ តែសម្តេចនូវ
បានយកចិត្តទុកដាក់ជាមួយនឹងបរទេសថែមទៀត ដែលនេះបង្ហាញពីការគោរពសិទ្ធិមនុស្សរបស់សម្ដេចតេជោហ៊ុនសែន ។ លោកបន្តទៀតថា ក្នុងនាមជាមន្ត្រីរាជការ
ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ត្រូវតែអនុវត្តទៅតាមការណែនាំ របស់សម្ដេចតេជោហ៊ុនសែន បើទទួលស្វាគមន៍ភ្ញៀវទាំង២០០០នាក់នេះ ក្នុងនាមអាជ្ញាធររាជធានីភ្នំពេញក៏ត្រូវតែអនុវត្តនូវអ្វីដែលជាការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។ ដូច្នេះហើយទើបរដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលនេះបានមកទទួលស្វាគមន៍ភ្ញៀវទាំងនេះ។ លោកបានបញ្ជាក់ផងដែរថា មកដល់ពេលនេះ មិនទាន់មានប្រជាពលរដ្ឋកម្ពុជាណាម្នាក់ឆ្លងជម្ងឺកូរ៉ណានូវឡើយទេ មានតែជនជាតិចិន
ម្នាក់គត់ដែលបានឆ្លងជម្ងឺរលាកសួតប្រភេទកូរ៉ូណាវីរុសថ្មីនេះ ហើយបច្ចុប្បន្ននេះអ្នកជំងឺជនជាតិចិនម្នាក់នោះក៏បានជា សះស្បើយហើយដែរ ដែលនេះបញ្ជាក់ឲ្យឃើញថា ក្រសួងសុខាភិបាលរបស់កម្ពុជា ក៏មានគ្រូពេទ្យជំនាញៗ មិនចាញ់គ្រូពេទ្យបរទេសដែរ។
សូមបញ្ជាក់ថា ក្រុមភ្ញៀវទេសចរនៅលើនាវា Westerdam ចំនួន១១៩នាក់ ជាក្រុមជើងទី១ បានធ្វើដំណើរតាមយន្ដហោះត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេវិញ នៅវេលាថ្ងៃត្រង់ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅវេលាម៉ោង ៩និង២០នាទីព្រឹកមិញ ហើយនៅរសៀលថ្ងៃដដែលនេះ ក្រុមទី២ ដែលមានជាង ១០០នាក់ផងដែរនោះ ក៏បានធ្វើដំណើរចេញពីខេត្តព្រះសីហនុ និងបន្ដចាកចេញតាមព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ឆ្ពោះទៅកាន់ទឹកដីកំណើតរបស់ពួកគេវិញ។
បើតាមអាជ្ញាធរខេត្តព្រះសីហនុ ថា នៅថ្ងៃនេះអ្នកដំណើរដែលជិះលើនាវា WESTERDAM ចំនួន៤១៧នាក់ ចាកចេញពីប្រទេសកម្ពុជា តាមជើងយន្តហោះទៅកាន់ប្រទេសរបស់ពួកគេរៀងៗខ្លួន។
អ្នកដំណើរទាំង ៤១៧នាក់នេះ ត្រូវបានចែកចេញជា៣ជើងយន្តហោះ ដែលពីរជើងហោះទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ទើបបន្តហោះទៅកាន់ប្រទេសសង្ហបុរី រួចបន្តតាម ជើងហោះហើរ ទៅកាន់ប្រទេសរបស់ពួកគាត់រៀងៗខ្លួន។ ចំណែកជើងហោះហើរមួយជើងទៀត គឺត្រូវហោះពីព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ឆ្ពោះទៅកាន់ប្រទេសរបស់ពួកគាត់តែម្តង។
គួរបញ្ជាក់បន្ថែមទៀតថា កប៉ាល់ទេសចរណ៍ Westerdam ដឹកមនុស្សសរុបជាង ២២០០នាក់ ក្នុងនោះអ្នកដំណើរ១៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ (អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)។ ប៉ុន្តែនៅទីបំផុត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឲ្យនាវាអាមេរិកមួយនេះ ចូលចតកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញ។
យោងតាមបញ្ជីអ្នកដំណើរបង្ហាញឲ្យឃើញថា នាវាទេសចរណ៍ខ្នាតយក្សនេះផ្ទុកអ្នកទេសចរណ៍ចំនួន ៤១ជាតិសាសន៍ ក្នុងនោះជនជាតិអាមេរិកច្រើនជាងគេ មានចំនួនរហូតដល់៦៥១នាក់ ជនជាតិកាណាដា២៧១នាក់ អង់គ្លេស១២៧នាក់ ជាតិសាសន៍ដទៃជាបន្តបន្ទាប់ ក្នុងនោះមានជនជាតិខ្មែរដែលចូលសញ្ជាតិកាណាដា ចំនួន៥នាក់ផងដែរ៕