ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដឹងថា គម្រោងការពារទឹកជំនន់និងកែ លំអរប្រព័ន្ធប្រឡាយ លូ ជំហានទី៤ របស់ចៃកា អនុវត្តបានប៉ុន្មានហើយ និងមានប្រយោជន៍អ្វីខ្លះសម្រាប់រាជធានីភ្នំពេញ

217
ភ្នំពេញ៖ គម្រោងការពារទឹកជំនន់និងកែលំអរប្រព័ន្ធប្រឡាយ លូក្នុងភ្នំពេញ របស់ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA បានឈានមកដល់ការអនុវត្តគម្រោងជំហានទី៤ហើយ បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវការអនុវត្តគម្រោងចំនួន៣រួចហើយ ។ តើដឹងថា គម្រោងការពារទឹកជំនន់និងកែលំអរប្រព័ន្ធប្រឡាយ លូ ជំហានទី៤ របស់ចៃកា ដែលបាននិងកំពុងអនុវត្តនេះ ក្រុមការងាររបស់ចៃកាអនុវត្តបានប៉ុន្មានភាគរយហើយ និងមានប្រយោជន៍អ្វីខ្លះសម្រាប់រាជធានីភ្នំពេញ។
  លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹង កាលពីរសៀលថ្ងៃទី១៣ កុម្ភះនេះថា គម្រោងការពារទឹកជំនន់និងកែលំអរប្រព័ន្ធប្រឡាយលូក្នុងភ្នំពេញទី ៤ ដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ននេះគឺជាសមិទ្ធផលទី៤នៃគម្រោងអាទិភាពនានាដែលបានលើកឡើងក្នុងគម្រោងផែនការការពារទឹកជំនន់និងការកែលម្អប្រឡាយលូមេ ក្នុងរាជធានីភ្នំពេញដែលទីភ្នាក់ងារចៃកាបានសិក្សាពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ១៩៩៩ បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវការអនុវត្តគម្រោងចំនួន ៣ ក្រោមក្របខណ្ឌហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន ។ គម្រោងការពារទឹកជំនន់និងកែលម្អល្អប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញជំហានទី៤នេះ មានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះជំនន់ទឹកភ្លៀងក្នុងតំបន់ខាងជើងវត្តភ្នំ តំបន់ទួលគោកដែលរួមមានបណ្ដាញសំណង់សំខាន់ដូចជា ៖ កែលម្អប្រព័ន្ធប្រឡាយលូ ក្នុងតំបន់ប៉ែកខាងជើងវត្តភ្នំក្នុងខណ្ឌដូនពេញ ក្នុងនោះរួមមាន បណ្ដាញលូមេថ្មីប្រវែង២៧៦៦ម៉ែត្រ សាងសង់អាងស្តុកទឹកក្រោមដីដែលមានសមត្ថភាពផ្ទុកទឹកជំនួន៦៥០០ម៉ែត្រគុប និងស្ថានីយបូមទឹកដែលមានសមត្ថភាពបូមបាន ១,៤ ម៉ែត្រគុបក្នុងមួយវិនាទី នៅសួនច្បារខាងកើតអាគារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ជាប់ដងទន្លេសាប បំពាក់របាត្រងសំរាមមេកានិចស្វ័យប្រវត្តិនៅស្ថានីយ៍បូមទឹកចតុមុខ ស្ថានីយបូមទឹកព្រះគន្លង់ ស្ថានីយបូមទឹកផ្សារកណ្ដាលនិងស្ថានីយបូមទឹកផ្សារចាស់ ដែលសាងសង់ក្នុងគម្រោងជំហានទីពីរ ។ ដាក់បណ្ដាញលូ ទឹកកខ្វក់ប្រវែង១៥៥២ម៉ែត្រ តាមផ្លូវព្រះស៊ីសុវត្តិ ចាប់ពីអាងស្តុកទឹកក្រោមដី កាត់តាមផ្លូវលេខ ៨០ ផ្លូវលេខ៤៧ និងកាត់ក្រោមរង្វង់មូលគួច កាណុងមកស្ថានីយបូមទឹកក្រោមដី(Manhole Pump)ដែលត្រូវសាងសង់ថ្មី ដើម្បីបូមបញ្ជូនទឹកកខ្វក់ទៅបណ្ដាញលូមេនៅផ្លូវលេខ ៧០ ។  កែលំអ ប្រពន្ធបណ្ដាញលូក្នុងតំបន់ខណ្ឌទួលគោកដោយជួយដាក់បណ្ដាញលូមេថ្មីប្រវែង៧៩៥១ ម៉ែត្រ ។
   គម្រោងនេះបានចាប់ផ្ដើមអនុវត្ត កាលពីខែធ្នូឆ្នាំ ២០១៨ ហើយគិតមកដល់ចុងខែមករាឆ្នាំ២០២០ នេះសរុបលទ្ធផលការងារទូទៅ សម្រេចបាន ២៩,៨ភាគរយនៃផែនការសាងសង់ ហើយសរុបបណ្ដាញលូដែលបានដាក់រួចរាល់ មានចំនួន ៣៤២០ ម៉ែត្រ ក្នុងនោះបណ្ដាញលូមេប្រវែង២៨៧៥  ម៉ែត្រ និងបណ្ដាញលូទាក់ទឹកកខ្វក់
ប្រវែង ៥៤៥ ម៉ែត្រ ។
   បន្ថែមពីលើនេះទៀត នៅពេលបច្ចុប្បន្ននេះ ទីភ្នាក់ងារចៃការបានផ្ដល់ហិរញប្បទានឥតសំណងគម្រោងកែលម្អប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញសម្រាប់សាងសង់ស្ថានីយប្រត្តិកម្មទឹកកខ្វក់នៅជើងឯកខណ្ឌមានជ័យ មានសមត្ថភាពចម្រុះទឹកកខ្វក់ ចំនួន ៥០០០ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃដែលជាគម្រោងអាទិភាពទី ១ ក្នុងផ្នែកគ្រប់គ្រងទឹកកខ្វក់នៃផែនការមេកែលម្អប្រព័ន្ធប្រឡាយលូនិងទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ ដែលជាទីភ្នាក់ងារចែការបានធ្វើបច្ចុប្បន្នភាពរួចហើយកាលពីខែធ្នូឆ្នាំ ២០១៦កន្លងមក ហើយនៅពេលនេះក្រុមសិក្សាចៃកា កំពុងបន្ដការសិក្សាលម្អិត
គម្រោង។
   សម្រាប់គម្រោងបន្ទាប់ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ គ្រោងនឹងរៀបចំ ស្នើសុំហិរញ្ញប្បទានឥតសំណងពីប្រទេសជប៉ុន តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់គម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូ ក្នុងរាជធានីភ្នំពេញជំហានទី៥ ដែលជាគម្រោងអទិភាពទី១ក្នុងផ្នែកការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូបង្ហូរទឹកក្នុងផែនការមេនេះផងដែរ៕
អត្ថបទដែលជាប់ទាក់ទង