បុរសម្នាក់ បើករថយន្ត បំបុកម៉ូតូពីក្រោយ បណ្ដាលឲ្យមានអ្នកស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់
ភ្នំពេញៈបុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និងបុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីអ្នកទាំងពីរបានជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តស៊េរីទំនើបមួយគ្រឿង បើកបំបុកពីក្រោយយ៉ាងពេញទំហឹង កាលពីវេលាម៉ោង ១រំលងអធ្រាត្រឈានចូល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ទល់មុខនឹងសាលាភូមិន្ទរដ្ឋបាល ផ្លូវ៤៦៦ កែងនិងផ្លូវ៦៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
នគរបាលមូលដ្ឋាន បានឲ្យដឹងថា រថយន្តបង្កម៉ាក Toyota ALPHARD ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ 2BB 5573 បើកបរ ដោយបុរស ឈ្មោះ ញិល សាវឿន អាយុ៤០ឆ្នាំ មុខរបរ បើកបរ រថយន្ត ស្នាក់នៅ ផ្ទះជួលសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិត្រពាំងស្លា ឃុំព្រះនិពាន្ធ ស្រុកគង ពិសី ខេត្តកំពង់ស្ពឺ ។
ដោយឡែក សពជនងគ្រោះមានឈ្មោះ ឈន គឹម ឡេង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅម្តុំ ច្រាំងបាក់ ផ្លូវ៣៦៩ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ជាអ្នកអង្គុយខាងក្រោយ
ចំណែកបុរសដែលរងរបួសធ្ងន់ មានឈ្មោះ ហ៊ុល សុភ័ក្រ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះលេខ២៣៩ផ្លូវ៣៦៩ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ជាអ្នកបើកម៉ូតូ ម៉ាក ហុងដា ប៊ិត ពណ៌សលាយក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1AH 2009 ជាមធ្យោបាយ ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសជនរងគ្រោះទាំង២នាក់ បានជិះម៉ូតូម៉ាក ហុងដា ប៊ិត ពណ៌សលាយក្រហម ធ្វើដំណើរតាម បណ្ដោយផ្លូវលេខ៦៣ (ហៅផ្លូវត្រសក់ផ្អែម )ក្នុងទិសដៅ ពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្ត ម៉ាក ALPHARD ពណ៌ខ្មៅ បើកដោយបុរសម្នាក់ បានបើក ក្នុងទិសដៅ ស្របគ្នា ក្នុងល្បឿនលឿន បានជ្រុលទៅបំបុកម៉ូតូពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសអង្គុយខាងក្រោយ ធ្លាក់ពីលើម៉ូតូ បែកក្បាលផ្កាប់មុខហូរឈាមស្លាប់នៅកន្លែងកើតហេតុ ចំណែកបុរសជាអ្នកឌុប រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបានមកដឹកយក ទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។
ដោយឡែករថយន្តបង្កវិញរងការខូចខាតផែ្នកខាងមុខចំហៀងខាងឆ្វេង ហើយអ្នកបើកបរ ក៏មិនបានរត់ទៅណាដែរ តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរនៅ អធិការនគរបាលខណ្ឌចំការមនផងដែរ ។
បើកតាមសម្ដីអ្នកបើកបររថយន្តបង្ក បានឲ្យដឹងថា រូបគាត់បានបើក រថយន្តកាត់តាមផ្លូវ ៣២២សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេង ក៏ស្រាប់តែម៉ូតូ ជនរងគ្រោះទាំងពីរបាន បានគប់រថយន្ដរបស់គាត់ពីក្រោយដោយមិនដឹងមូលហេតុ ហើយនៅពេលគប់រថយន្ដរបស់គាត់ហើយ ជនរងគ្រោះទាំងពីរនាក់ បានជិះម៉ូតូរត់គេច ទើបរូបគាត់បានបើករថយន្តដេញតាមពីក្រោយ មកដល់ចំណុចកើតហេតុ ក៏ជនរងគ្រោះទាំងពីរនាក់ បានដួលម៉ូតូ ហើយគាប់ជួនរថយន្ដគាត់បើកមកពីក្រោយ ហ្រ្វាំងមិនទាន់ ក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះបន្ថែមតែម្តងទៅ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏ដូចជាជំនាញចរាចរណ៍ខណ្ឌចំការមន បានចុះទៅកន្លែងកើតហេតុ រួចហើយកបានទំនាក់ទំនងរកសាច់ញាតិ ឲ្យមកទួលយកសពទៅតម្កល់ផ្ទះដើម្បីរង់ចាំជំនាញកោសល្យវិច័យបច្ចេកទេសរាជធានីភ្នំពេញចុះទៅពិនិត្យ ថាជាករណីអ្វីឲ្យប្រកដ ។
ចំណែករថយន្ត និងម៉ូតូ ព្រមទាំងអ្នកបើកបរបង្ក ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅអធិការនគរបាលខណ្ឌចំការមន ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូលទៅតុលាការតាមនីតិវិធី ជាករណីបើករថយន្តបុកម៉ូតូបណ្ដាលស្លាប់ជាករណីព្រហ្មទណ្ឌ ៕